ប្លន់​ទៀត​ហើយ ! ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​ពេល​កំពុង​ជប់លៀង

ប្លន់​ទៀត​ហើយ ! ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​ពេល​កំពុង​ជប់លៀង



ខេត្តបាត់ដំបង ៖ ចោរប្លន់​ប្រដាប់​អាវុធ​ដែល​គេ​ប៉ាន់​ប្រមាណ​យ៉ាងតិច​៥​នាក់ ដោយ​មាន​ឃ្លុំ​មុខ​ជិត​ផង បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៧ ឧសភា ស្ថិត​ក្នុងភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី  គ្រា​ដែល​ម្ចាស់ផ្ទះ​កំពុង​ជប់លៀង​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្លន់​យក​អស់​នូវ​ទ្រព្យសម្បត្តិ​មួយ​ចំនួន ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ។

អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី លោក​គិត ហ៊ា​ង បានឱ្យ​ដឹង​ថា បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ថា ក្រុម​ចោរ​មាន​គ្នា​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​១​ដើម កាំភ្លើងខ្លី​១​ដើម និង​ដែក​ស្បែង​១​ផង បាន​ចូល​ទៅ​ចាប់​ម្ចាស់ផ្ទះ​២​នាក់​ចង រួច​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្ដង ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ រ៉ើ​ន រុន ប្រុស​អាយុ​៤១​ឆ្នាំ មានមុខ​របរ​លក់​គ្រឿងសំណង់ និង​លក់​សាំង​។ លោក​អធិការ​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ប្រើ​កន្ត្រៃ​កាត់​ដែក កាត់​របង​លួស​ចូល​ខាងក្រោយ​ផ្ទះ ហើយ​សម្រុកចូល​ប្លន់ ខណៈ​ម្ចាស់ផ្ទះ​កំពុង​រៀបចំ​កម្មវិធី​ផឹកស៊ី​តូច​មួយ ជាមួយ​បងប្អូន និង​អ្នក​ជិតខាង ។ លោក​ថា ក្រៅពី​ប្លន់​ម្ចាស់ផ្ទះ ពួក​ចោរ ក៏​បាន​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់​ឈ្មោះ សូត្រ សុខ អាយុ​៣២​ឆ្នាំ ជា​អ្នក​ជិតខាង​ដែល​មក​ជប់លៀង​នៅផ្ទះ​ជន​រង​គ្រោះ ។ ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ពេល​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​នោះ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​លោក រ៉ើ​ន រុន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា ក្រុម​ចោរ​ទាំង​៥​នាក់​នោះ សុទ្ធតែ​ឃ្លុំ​មុខ​ជិត ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី និង​ដែក​ស្បែង បាន​សម្រុកចូល​ទៅ​ចាប់​ពួក​គាត់​ចង រួច​ភ្ជង់​ប្លន់​តែ​ម្ដង ។ លោក​រ៉ើ​ន រុន បន្ត​ថា នៅ​យប់​កើតហេតុ​លោក​បាន​រៀបចំ​កម្មវិធី​តូច​មួយ​ជួបជុំ​បងប្អូន និង​អ្នក​ក្បែរ​ខាង ដោយ​កម្មវិធី​មិន​ទាន់​ដំណើរការ​ស្រួលបួល​ផង កំពុង​មក​ជុំ​គ្នា​បណ្ដើរ​ៗ ក៏​ត្រូវ​ក្រុម​ចោរហារយ​សម្រុកចូល​ទៅ ភ្ជង់​ចាប់ចង​ប្លន់​ទាំង​កំរោល ។ ជន​រង​គ្រោះ​បញ្ជាក់​ថា ពេល​ក្រុម​ចោរ​កំពុង​ប្លន់ សាច់ញាតិ​គាត់​ម្នាក់ ដែល​ជិះ​ម៉ូតូ​ចូល ក្នុង​បំណង​មក​ជប់លៀង​នៅផ្ទះ​គាត់​ដែរ ។ លុះ​បាន​ជួប​និង​ហេតុការណ៍​នេះ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​យ៉ាង​លឿន រួច​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ តែ​ពួក​ចោរ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ហើយ ។

បើ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យ​ដឹង​ថា ក្រុម​ចោរហារយ​បាន​ប្លន់​ទាំង​ម្ចាស់ផ្ទះ ប្លន់​ទាំង​ភ្ញៀវ​មក​ជប់លៀង​ទៀត ។ របាយការណ៍​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ រ៉ើ​ន រុន ត្រូវ​ចោរប្លន់​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​១,៥​តម្លឹង កងដៃ​ប្លា​ទី​ន​១​តម្លៃ​២០០​ដុល្លារ ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​៤​ជី លុយ​ខ្មែរ​៨០​ម៉ឺន​រៀល និង​ទូរស័ព្ទ​៣​គ្រឿង​។ ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ សូត្រ សុខ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​អ្នក​ជិតខាង​ដែល​បាន​ចូលរួម​ជប់លៀង​ដែរ ត្រូវ​ចោរ​ភ្ជង់​យក​អស់​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៥​ជី កងដៃ​ប្លា​ទី​ន​១​ទម្ងន់​៥​ជី និង​លុយ​ចំនួន​៣០​ម៉ឺន​រៀល ។

លោក គិត ហ៊ា​ង អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​បញ្ជាក់​ក្នុង​របាយការណ៍​ខាងលើ​ថា ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​នេះ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ កម្លាំង​របស់​លោក​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​ផង ធ្វើ​ឱ្យ​ក្រុម​ចោរ​បែក​សម្បុក​រត់​ចេញ​តាម​របង​ខាងក្រោយ​ផ្ទះ កាត់​តាម​វាលស្រែ​គេចខ្លួន​បាត់​ស្រមោល​ទាំង​យប់​តែ​ម្ដង ។

ជុំវិញ​ករណី​ប្លន់​ខាងលើ​នេះ ស្នងការ​រង​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា ក្រុម​ចោរ​បាន​ចាប់​ម្ចាស់ផ្ទះ​ប្រុស​ៗ២​នាក់​ចង ប៉ុន្តែ​មិន​បាន​វាយដំ​ធ្ងន់ធ្ងរ​ទេ​។ ពួក​វា​បាន​សម្រុកចូល​ទៅ​ភ្ជង់ ខណៈ​ម្ចាស់ផ្ទះ​កំពុង​ជប់​លៀង​ជាមួយ​បងប្អូន ។ លោកស្នងការ​រង​បន្ត​ថា ក្រុម​ចោរ​បាន​ប្រើ​កន្ត្រៃ​កាត់​ដែក​កាត់​របង​លួស​ចូល​តាម​ផ្លូវ​ក្រោយ  ដែល​សកម្មភាព​នេះ​ហាក់​ស្រ​ដៀង​គ្នា នឹង​ក្រុម​ចោរ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​មុន​ៗ នៅ​ស្រុក​មោង​ឬ​ស្សី​នេះ​ដែរ តែ​ខុស​ត្រង់​លើក​នេះ ក្រុម​ចោរ​មាន​គ្នា​ច្រើន​ជាង​មុន​ៗ ។ លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ថែម​ទាំង​បាន​រក​ឃើញ​កន្ត្រៃ​កាត់​ដែក​មួយ ដែល​មាន​ស្នាម​កាត់​បន្លា​លួស​នៅ​របង​ខាងក្រោយ​ផ្ទះ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​កម្លាំង​ជំនាញ​មិន​ទាន់​បាន​កំណត់​តម្រុយ​ណាមួយ​អំពី​មុខសញ្ញា​ចោរប្លន់​នេះ​នៅឡើយ​ទេ ព្រោះ​កំពុង​សួរនាំ​ជន​រង​គ្រោះ និង​សាក្សី​នៅ​កន្លែង​កើតហេតុ​នៅឡើយ ។

សូម​បញ្ជាក់​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្តបាត់ដំបង​ហាក់​បាន​ស្ងប់ស្ងាត់​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ខណៈ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​ទទួល​បាន​លទ្ធផល​តិចតួច​បំផុត​។ ប៉ុន្តែ​ករណី​ប្លន់​ជា​ថ្មី​នៅ​ស្រុក​មោង​ឬ​ស្សី​នេះ ហាក់​ដូចជា​សញ្ញា​មួយ ដែល​បាន​បង្ហាញ​ពី​ការ​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ នូវ​អំពើ​ប្លន់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​មាន​ក្ដី​បារម្ភ​ឡើង​វិញ​ដែរ ។

សកម្មភាព​ប្លន់​មិន​ឈប់​ឈរ​នា​ពេល​កន្លង​មក នៅ​ក្នុង​ខេត្តបាត់ដំបង បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​លក់ដូរ​មិន​ថា នៅ​តាម​បណ្ដា​ស្រុក ឬ នៅ​ក្នុង​ក្រុង​បាត់ដំបង​នោះ​ទេ ហាក់​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ទាំង​ការ​លក់ដូរ​ក្នុង​ផ្សារ ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​។ សូ​ម្បី​តែ​មាន​មនុស្ស​ប្លែក​មុខ​ដើរ​ចូល​ផ្សារ ក៏​អ្នក​លក់ដូរ​មានការ​ភ្ញាក់ផ្អើល ភ្នែក​នៅ​ក​ញ្ចឹ​ង​.​ក​ដែរ គឺ​ស្ទើរតែ​ក្លាយជា​ជំងឺ​បាក់ស្បាត​ទៅ​ហើយ ដោយសារ​តែ​អំពើ​ប្លន់​កើតឡើង​ញឹក​ញ៉ាប់​ពេក​។ យ៉ាងណា​ក្ដី គេ​សង្ឃឹមថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច នឹង​អាច​ជួយ​ផ្ដល់​ភាព​កក់ក្ដៅ និង​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ជា​មិន​ខាន ៕