«អាខ្វាក់ អាខ្វិន» នៅចិន កំពុងល្បីខ្លាំង ក្រោយព្យាយាមពុះពារ ដាំដើមឈើ ជាង១ម៉ឺនដើម ក្នុងរយៈពេល ១៤ឆ្នាំ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ បណ្តាញវីដេអូឌីជីថលសង្គម ដែលគ្រប់គ្រងដោយ ទូរទស្សន៍ CNN ក្នុងកម្មវិធី «Great Big Story» បានបញ្ចេញខ្សែវីដេអូឃ្លីប និយាយពីដំណើររឿង មិត្តភក្តិសម្លាញ់២នាក់ គឺ លោក Jia Haixia និង លោក Jia Wenqi ដែលម្នាក់ បានខ្វាក់ភ្នែកទាំងគូ ឯម្នាក់ទៀត ពិការដៃទាំងគូ។

លោក Haixia មានវ័យ ៥៣ឆ្នាំ បានកើតជំងឺភ្នែកឡើងបាយ តាំងពីកំណើត ដែលធ្វើឲ្យគាត់ ពិការភ្នែកខាងឆ្វេង ហើយនៅក្នុងឆ្នាំ ២០០០ ស្របពេលមានគ្រោះថ្នាក់ ក្នុងអំឡុងពេល ធ្វើការងារ គាត់ក៏ពិការភ្នែកខាងស្តាំ មួយចំហៀងទៀត។ ចំនែកឯ លោក Wenqi ឯណេះវិញ បានរងគ្រោះថ្នាក់ ដាច់ដៃទាំងសងខាង តាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ។

បុរសចំណាស់ ដែលម្នាក់ជាជនពិការភ្នែក និងម្នាក់ជាជនពិការដៃ ទាំង២នាក់នេះ បានយកឈ្នះ លើពិការភាពរបស់ខ្លួន ដោយបានធ្វើជា ដៃ និង ភ្នែក ឲ្យគ្នាទៅវិញទៅមក ហើយរួមគ្នា ព្យាយាមពុះពារ ដាំដើមឈើ រហូតដល់ទៅ ១០,០០០ដើម ក្នុងរយៈពេល ១៤ឆ្នាំ ដោយបានធ្វើឲ្យ មនុស្សជាច្រើន មានការកោតសរសើរ និងស្ញប់ស្ញែង អ្នកទាំង២យ៉ាងខ្លាំង។

នៅក្នុងឆ្នាំ ២០០១ ដោយមិនអាច រកការងារណាមួយធ្វើបាន អ្នកស្រលាញ់បរិស្ថាន ទាំងពីរនាក់នេះ ក៏បានប្រែក្បាលដីរដ្ឋដ៏ធំ នៅក្បែរច្រាំងទន្លេ មកដាំដើមឈើ ដើម្បីទុកសម្រាប់ក្មេងជំនាន់ក្រោយ។ គាត់ទាំងពីរក៏សង្ឃឹមថា នឹងទទួលបានកម្រៃ មួយចំនួនពីរដ្ឋ ដើម្បីផ្តត់ផ្គង់ដំណើរការ ការពារភូមិរបស់ពួកគាត់ ពីគ្រោះទឹកជំនន់ផងដែរ។

ជារៀងរាល់ថ្ងៃ Haixa និង Wenqi បានចាកចេញពីផ្ទះ នៅម៉ោង ៧ព្រឹក ដោយដៃមានប្រដាប់ដោយ ញញួរ និងបង្គោលដែក។ នៅតាមផ្លូវ លោក Wenqi ត្រូវអៀវមិត្តភក្តិ របស់គាត់ ដែលពិការភ្នែក ដើម្បីដើរឆ្លងកាត់ស្ទឹង ដែលមានទឹកហូរ យ៉ាងលឿន។

ដោយសារតែ មិនមានលុយទិញកូនឈើ ពួកគាត់ត្រូវបណ្តុះកូនឈើ ដោយខ្លួនឯង។ ការងាររបស់ពួកគាត់ គឺមិនអាចធ្វើ ដោយប្រញាប់ប្រញាល់ បាននោះទេ តែយ៉ាងណាក៏ដោយ ពេលនេះផ្ទៃដីទំនេរ ជាង ៣ហិចតា បានគ្របដណ្តប់ដោយ ដើមឈើយ៉ាងច្រើន ដែលទាក់ទាញ សត្វស្លាបធំៗ ជាច្រើនក្បាល ឲ្យមករស់នៅ។

លោក Haixa និង Wenqi ជឿជាក់ថា រយៈពេលជាង ១០ ឆ្នាំមកនេះ ពួកគាត់បាន ដាំដើមឈើ ជាង១០,០០០ដើម ហើយមិនមានគំរោងថា នឹងបញ្ឈប់ការងារនេះ នោះទេ។

គួរបញ្ជាក់ផងដែរថា រឿងហេតុរបស់លោក Haixia និង លោក Wenqi បានក្លាយជាប្រធានបទ យ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមចិន កាលពីឆ្នាំមុន នៅពេលដែល រឿងរ៉ាវរបស់ពួកគាត់ ត្រូវបានចែកចាយ ពាសពេញ បណ្តាញសង្គមចិន។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ពួកគេទាំង២ កំពុងតែជាប់គាំង ក្នុងការព្យាយាម ដាំដើមឈើ នៅលើជម្រាលដី ដែលស្ងួតសោះកក្រោះ ហើយក៏គ្មានប្រភពទឹក នៅក្បែរទៀតផង ដូច្នេះហើយពួកគាត់ ត្រូវធ្វើដំណើរយឺតៗ ចម្ងាយ ២គីឡូម៉ែត្រ ដើម្បីដួសទឹក និងត្រលប់មក ស្រោចកូនឈើ របស់ពួកគាត់វិញ។ ពួកគាត់ក៏ចង់ជីកអណ្តូង ដើម្បីងាយស្រួល មានទឹកប្រើប្រាស់ដែរ ប៉ុន្តែគ្មានប្រភពទឹកណា ដែលអាចផ្គត់ផ្គង់ បានគ្រប់គ្រាន់ឡើយ៕

សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

«អាខ្វាក់ អាខ្វិន» នៅចិន កំពុងល្បីខ្លាំង ក្រោយព្យាយាមពុះពារ ដាំដើមឈើ ជាង១ម៉ឺនដើម ក្នុងរយៈពេល ១៤ឆ្នាំ (មានវីដេអូ)
រូបភាព៖ លោក Jia Haixia និង លោក Jia Wenqi

«អាខ្វាក់ អាខ្វិន» នៅចិន កំពុងល្បីខ្លាំង ក្រោយព្យាយាមពុះពារ ដាំដើមឈើ ជាង១ម៉ឺនដើម ក្នុងរយៈពេល ១៤ឆ្នាំ (មានវីដេអូ)