វិធី​សាស្ត្រ​លុប​ដាន​ស្នេហ៍​ចាស់​ចេញ​ពី​បេះដូង

ស្នេហា​តែង​បន្សល់​ទុក​អនុស្សាវរីយ៍​រាប់​មិន​អស់ រហូត​ពេល​ខ្លះ​ដិត​ដាម​ក្នុង​អារម្មណ៍​បំភ្លេច​មិន​បាន និង​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ថា ហេតុអ្វី​ចាំ​បាច់​មាន​អតីត​កាល? ទោះ​បី​ពិបាក​បន្តិច ប៉ុន្តែ​វិធី​សាស្ត្រ​បំភ្លេច​នៅ​តែ​មាន បើ​អ្នក​សាកល្បង​តាម​ចំណុច​ដូច​ការ​លើក​ឡើង​ខាង​ក្រោម។

 

វិធី​សាស្ត្រ​លុប​ដាន​ស្នេហ៍​ចាស់​ចេញ​ពី​បេះដូងរូប​តំណាង

 

គិត​ថា​គ្មាន​និស្ស័យ បើក​ចិត្ត​ទទួល​ស្នេហ៍​ថ្មី​ជំនួស៖ អ៊ុង បញ្ញា ជា​និស្សិត​ឆ្នាំ​ទី៤ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា បើ​បែក​គ្នា​ហើយ ទោះ​នៅ​ឈឺ​ចាប់​ស្ដាយ​ក្រោយ​ក៏​មិន​អាច​ដូច​ដើម​វិញ​ដែរ មាន​តែ​គិត​ថា​គ្មាន​និស្ស័យ ហើយ​បើក​ចិត្ត​ទទួល​អ្នក​ថ្មី បើ​មាន​គេ​ស្រលាញ់​ស្មោះ។

 

និស្សិត​ផ្នែក​សេដ្ឋកិច្ច​រូប​នេះ បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​សោះ​កក្រោះ​ថា៖ “​ខ្ញុំ​បែក​អស់ ២​នាក់​ហើយ​បង… កំហុស​គឺ​មក​ពី​ខ្ញុំ តែ​មិន​មែន​ខ្ញុំ​មាន​ថ្មី​អី​ទេ គឺ​ខុស​ត្រង់​ថា​អត់​លុយ… មិន​ហ៊ាន​សន្យា​ជា​មួយ​គេ ទើប​គេ​ត្រូវ​បង្ខំ​ចិត្ត​តាម​ម៉ាក់​ប៉ា ការ​ចោល​បាត់​អស់”។ បញ្ញា បញ្ជាក់​ថា ពេល​នេះ​អាច​កាត់​ចិត្ត​បាន​ច្រើន​ហើយ ព្រោះ​កំពុង​សម្លឹង​ឃើញ​នារី​ម្នាក់។

 

ចំពោះ​និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ​ឈ្មោះ ឌី សុភ័ក្រ្ត បាន​លើក​ឡើង ២​ចំណុច​ដែល​អាច​កាត់​ចិត្ត​បាន​លឿន@

 

លុប​ចោល​ទាំង​អស់៖ សុភ័ក្ត្រ បាន​បញ្ជាក់​ថា បើ​ចង់​បំភ្លេច​សង្សារ​ចាស់​លឿន​បំផុត គឺ​ត្រូវ​លុប​ចោល​ទាំង​អស់ លេខ​ទូរសព្ទ, រូប​ថត, SMS, Chat និង Block គេ​ចោល​នៅ​លើ​បណ្ដាញ​សង្គម​នានា នោះ​យូរ​ទៅ​អាច​បំភ្លេច​បាន​ហើយ។ មួយ​វិញ​ទៀត គឺ​ប្រាប់​មិត្ត​ភក្តិ​ឲ្យ​ឈប់​រំលឹក​ពី​ឈ្មោះ​សង្សារ​ចាស់។

 

ធ្វើ​ខ្លួន​ឲ្យ​រវល់ និង​សប្បាយ​ជា​និច្ច៖ សុភក្ដិ ក៏​បាន​អះ​អាង​ដែរ​ថា បែក​គ្នា​ហើយ ប្រាកដ​ជា​ខូច​ចិត្ត​ខ្លាំង និង​គ្មាន​កម្លាំង​ជាប់​ខ្លួន​ឡើយ ប៉ុន្តែ​ត្រូវ​រឹង​មាំ និង​ធ្វើ​ខ្លួន​ឲ្យ​រវល់ ហើយ​ស្រស់​ស្រាយ​ជា​និច្ច។ ក្រៅ​ពី​ការងារ​មាន​ស្រាប់ គួរ​រក​ពេល​លេង​បាល់ ជួប​ជុំ​មិត្ត​ភក្តិ ញាំ​អាហារ​ឆ្ងាញ់ៗ​ឲ្យ​បាន​ច្រើន។

 

គិត​គ្រួសារ​ជា​ធំ៖ ងាក​មក​នារី​ម្នាក់ ដែល​បង្ហាញ​ត្រឹម​ឈ្មោះ​កាត់ ស្រីល័ក្ខ បាន​និយាយ​ថា នាង​មិន​ធ្លាប់​មាន​សង្សារ​ទេ ប៉ុន្តែ​គិត​ថា​ស្នេហា​មិន​សំខាន់​ជាង​គ្រួសារ​ឡើយ។ ចង់​បំភ្លេច​ស្នេហ៍​ចាស់ ត្រូវ​គិត​ពី​ក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ បងប្អូន​ជុំវិញ​ខ្លួន ព្រោះ​សង្សារ​គ្រាន់​តែ​ជា​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ចុះ​មិត្ត​អ្នក​អាន មាន​ចំណុច​ណា​បន្ថែម​ពី​លើ​នេះ​ទេ?

 

អត្ថបទ៖ គង់ វិសាល