បុរស​ម្នាក់ សង្ស័យ​ត្រូវ​ឃាតក​សម្លាប់​កាប់​ចំ.ក​១​ពូថៅ​ បោះ​ចោល​ក្នុង​ទឹក

បុរស​ម្នាក់ សង្ស័យ​ត្រូវ​ឃាតក​សម្លាប់​កាប់​ចំ.ក​១​ពូថៅ​ បោះ​ចោល​ក្នុង​ទឹក



បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ជិត​ស្ពាន​ទឹកថ្លា កាល​ពី​ល្ងាច​ជិត​យប់​ថ្ងៃ​ទី​៨​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ ហើយ​សព​ដែល​បាន​ស្លាប់​នេះ​ជា​ករណី​ឃាតកម្ម​តែម្ដង​។​

លោក​វរសេនីយ៍ត្រី ​ភឿ​ក​ ព្រហ្ម​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា​ សព​នេះ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ កម្ពស់​ប្រហែល​១​ម៉ែត្រ​៦០​ជាង​ ពាក់អាវ​ពីមុខ​ស​លាយ​ខ្មៅ​និង​ក្រោយ​ពណ៌​ផ្ទៃមេឃ អត់​ស្គាល់​អត្តសញ្ញាណ​សព មិន​ដឹង​នៅ​ក្នុង​ភូមិ​/ឃុំ​ណា​ទេ។​

លោក ​ភឿ​ក​ ព្រហ្ម​ បាន​បញ្ជាក់​ទៀត​ថា​ សព​នេះ​ត្រូវ​គេ​កាប់​ចំ.ក​១​ពូថៅ​ដេក​ស្លាប់​នៅ​ក្រោម​ស្ពាន​ទឹកថ្លា​ ជា​ករណី​ឃាតកម្ម​តែម្ដង​។​

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់​ហើយ​ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹក​ថ្លា ដើម្បី​ស្វែងរក​ក្រុម​គ្រួសារ​ ​រង់ចាំ​មក​ទទួលយក​សព​ទៅ​បូជា​តាម​ប្រពៃណី។​ លោក​បាន​បញ្ជាក់​ទៀត​ថា សព​នេះ​ បើ​គ្មាន​គ្រួសារ​មក​ទទួលយក​ទេ​នោះ សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ ចូល​លុយ​គ្នា​ចាត់ចែង​ធ្វើបុណ្យ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​តែម្ដង​។

​ហើយ​រឿង​នេះ​ សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃាតក​ដៃដល់​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ក៏បាន​ស្វែងរក​ក្រុម​គ្រួសារ​សព​ បើ​បងប្អូន​ណា​មាន​បាត់​សមាជិក​ឲ្យ​មក​ទាក់ទង​នឹង​អាវុធហត្ថ​ក្រុង​ ដើម្បី​បាន​ព័ត៌មាន​អំពី​សព​៕