ក្រុមហ៊ុន រ័ត្ន សា​ខន ឈូសឆាយ​លើដី​ត្រៀម​បម្រុង​របស់​សហគមន៍​ឃុំ​សេ​ដា ធ្វើ​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​

​ករណី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍ និង​ដីធ្លី​ប្រជាពលរដ្ឋ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​ជនជាតិដើម​ភាគតិច​ទំពួន នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី កំពុង​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច រ័ត្ន សា​ខន ឈូសឆាយ​ទៅលើ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​កាន់តែ​ច្រើនឡើងៗ​។ បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ កុំ​ឲ្យ​ក្រុមហ៊ុន រ័ត្ន សា​ខន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

ជនជាតិដើម​ភាគតិច​ទំពួន ក្នុងភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា ដីព្រៃ​ត្រៀម​បម្រុង​ទុក​របស់​សហគមន៍​ប្រមាណ​១០០០​ហិកតា​ត្រូវ​ក្រុមហ៊ុន រ័ត្ន សា​ខន ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ តំណាង​ជនជាតិដើម​ភាគតិច​ទំពួន បាន​ឲ្យ​ដឹង​ក្នុងពេល​ជួប​ជាមួយ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ថា ពួកគាត់​រង់ចាំ​ដំណោះស្រាយ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ នៅតែ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​នៅឡើយ​ទេ​។ ក្នុងចំណោម​ដី​សមូហភាព​សហគមន៍​ប្រមាណ​១០០០​ហិកតា​ត្រូវ​ក្រុមហ៊ុន រ័ត្ន សា​ខន ឈូសឆាយ​អស់​ប្រមាណ​៤០០​ហិកតា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ដែល​មិនបាន​ជូនដំណឹង​ឬ​ពិភាក្សា​ជាមួយ​សហគមន៍​ឡើយ​។

​ដោយសារតែ​ក្រុមហ៊ុន រ័ត្ន សា​ខន ចេះតែ​បំពាន​លើដី​សមូហភាព​របស់​ស​ហគ​មន៍​ជា​បន្តបន្ទាប់ ទើប​ជនជាតិដើម​ភាគតិច​ទំពួន ក្នុង​ឃុំ​សេ​ដា ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់ ព្រោះ​ក្រុមហ៊ុន​នេះ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ តំណាង​សហគមន៍​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន រ័ត្ន សា​ខន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត ជាពិសេស​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ថង សាវុន ដែលជា​អភិបាលខេត្ត ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន រ័ត្ន សា​ខន ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៨០០០​ហិកតា​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ប៉ុន្តែ​មួយផ្នែក​នៃ​ដី​សម្បទាន​នោះ គឺ​ក្រុមហ៊ុន​បំពាន​ទៅ​លើដី​សហគមន៍​ជនជាតិដើម​ភាគតិច​ទំពួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

photo_2016-03-08_08-26-20លោក ថង សាវុន អភិបាលខេត្តរតនគិរី  fc6741fc-ce5e-4e91-b03e-f44a8b721030