បទល្មើស​ព្រៃឈើ​នៅ​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​ភាគច្រើន​ធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ ឬ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​។ ចំណែក​លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ើ​ន​សៃ គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​បន្ត​រាលដាល​ឥតឈប់ឈរ​។

កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វ៉ើ​ន​សៃ កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ចុះ​រឹបអូស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ដែល​ឈ្មួញ​ដឹកយក​មក​គរ​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​តាម​មាត់​ទន្លេសេសាន ក្បែរ​កំពង់ចម្លង​ទីរួមស្រុក​វ៉ើ​ន​សៃ ស្ថិតនៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​។ ប្រភពពី​សមត្ថកិច្ច​ដែល​បាន​ចូលរួមបាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​មិនមែនជា​ឈើ​របស់​ម្ចាស់ផ្ទះ​ទេ ព្រោះ​រដូវ​នេះ​ម្ចាស់ផ្ទះ​បានចេញ​ទៅធ្វើ​ចម្ការ​អស់ហើយ​។ ហេតុនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​កមុខ​ឈ្មួញ​ម្ចាស់​ឈើ​ដើម្បី​ចាត់វិធានការ​តាមច្បាប់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃឈើ គ្មាន​ជំនឿ​លើ​វិធានការ​របស់​សមត្ថកិច្ច​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង បាន​ឲ្យ​ដឹងថា គំនរ​ឈើ​ប្រណីត​ទាំងនោះ ជា​របស់​ឈ្មួញ​យួន​ដែល​ប្រមូល​ទិញ​ពី​តំបន់​នានា​នៅក្នុង​ស្រុក​វ៉ើ​ន​សៃ និង​តំបន់​មួយចំនួន​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ហើយ​យកមក​គរ​ទុក​តាម​មាត់​ទន្លេសេសាន ដើម្បី​ត្រៀម​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​យួន​បាន​ជួល​ក្រុម​ឈ្មួញ​ខ្មែរ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​ឲ្យ​ដឹកឈើ​ប្រណីត​តាម​រថយន្ត​ទំនើបៗ​ឆ្លងកាត់​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​ឆ្លងដែន​ទៅ​ស្រុក​យួន​តាម​ច្រករបៀង ក្បែរ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យ​ពី​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ជាបន្ទាន់​ព្រោះ​មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​៕

251 4819c70288dbc2f933634b9c231a60ea