សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​នាំចូល​ប្រេង​គេចពន្ធ​ពី​ឡាវ​ឈ្មោះ ខេង សុភា

​ប្រភពព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ខេង សុភា ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ខេត្តស្ទឹងត្រែង​បាន​បន្ត​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​ប្រទេស​ឡាវ​ចូល​ប្រទេស​កម្ពុជា​កាន់​ច្រើនឡើងៗ ហើយ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ទប់ស្កាត់ ឬ​បង្ក្រាប​នោះទេ តែ​ផ្ទុយទៅវិញ​ថែមទាំង​ឃុបឃិត​ជួយ​បិទបាំង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​ទៀតផង​។​

ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ប្រេង​ដែល​ដាក់លក់​នៅក្នុង​ខេត្តស្ទឹងត្រែង​ភាគច្រើន​ជា​ប្រេង​គេចពន្ធ​ដែល​នាំចូល​ពី​ប្រទេស​ឡាវ និង​ប្រទេស​យួន ហើយ​ឈ្មួញ​ដែល​នាំចូល​យកមក​លក់​ក៏មាន​ច្រើន​នាក់​ផងដែរ តែ​អ្នក​ដែលមាន​ឥទ្ធិពល និង​នាំចូល​ច្រើនជាងគេ គឺ​ឈ្មោះ ខេង សុភា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ដែល​នាំចូល​ប្រេង​គេចពន្ធ​ភាគច្រើន​ជា​សាច់ញាតិ​របស់​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​គយ និង​នគរបាល​សេដ្ឋ​កិ​ច្ឋ ហើយ​ក្នុង​ករណីខ្លះ​សមត្ថកិច្ច​ជំនាញ​ថែមទាំង​មាន​ភាគហ៊ុន​ជាមួយ​ឈ្មួញ​នាំចូល​ប្រេង​គេចពន្ធ ដូច្នេះ​បានជា​បទល្មើស​នាំចូល​ប្រេង​គេចពន្ធ​នៅតែ​បន្ត​កើតមាន ព្រោះ​អ្នក​បង្ក្រាប និង​អ្នក​ប្រព្រឹត្តល្មើស​ជា​បក្ខពួក​តែមួយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ក្នុង​មួយខែ​យ៉ាងហោចណាស់​ក៏មាន​ប្រេង​គេចពន្ធ​នាំចូល​ខេត្តស្ទឹងត្រែង​រាប់សែន​លីត្រ​ដែរ​ដែល​ភាគច្រើន​ដឹក​តាម​រថយន្ត និង​តាម​ទូក​នៅពេល​យប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​ករណីខ្លះ​រថយន្ត និង​ទូក​ដឹកឈើ​ប្រណីត​យកទៅលក់​ឲ្យ​ឈ្មួញ​យួន និង​ឡាវ ហើយ​រថយន្ត និង​ទូក​ទាំងនោះ​ដឹក​ត្រឡប់មកវិញ​នូវ​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​ចូល​ខេត្តស្ទឹងត្រែង​។​

ថ្មីៗ​នេះ​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​ខេត្តស្ទឹងត្រែង​បាន​បង្ហើប​ថា មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តស្ទឹងត្រែង​មួយចំនួន​ថែមទាំង​យក​រថយន្ត​របស់ខ្លួន និង​គ្រួសារ​ទៅ​ចាក់​ប្រេងសាំង​គេចពន្ធ​របស់​ក្រុម​ឈ្មួញ​ទៀតផង​ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​គេ​សង្ស័យថា​មន្ត្រី​មានអំណាច​ទាំងនោះ​ប្រាកដជា​ជាប់​ព័ន្ធ​ជាមួយ​ឈ្មួញ​មិន​ខាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​នៅ​ខេត្តស្ទឹងត្រែង​នៅតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​បន្តទៀត ថវិកាជាតិ​នឹង​ខាតបង់ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នៅតែ​ក្រ​ជាង​ប្រទេសជិតខាង​៕

27a2-400x288 df6021bc-fd72-49b2-99a8-336ffc891e45​    ​