គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រន្ធត់​ណាស់​ ដោយ​រថយន្ត​រ៉េ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង​​កាលពី​វេលា​ម៉ោង​៦ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​១០៨៥-១០៨៦ ស្ថិត​ក្នុងភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ខាងលើ​មាន ១-​ឈ្មោះ ឡុ​ង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រង​របួសធ្ងន់​, ២-​ឈ្មោះ ឡុ​ង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​, ៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួសស្រាល​, ៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រងរបួសធ្ងន់​, ៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួសធ្ងន់ និង ៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បញ្ជាក់​ថា តាម​ការ​សាកសួរ ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ផ្ទុះ​ម៉ាស៊ីន រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ៕