អំណាចភ្លើងធូប បំផ្លាញគ្រឿង​ក្នុង​អស់

រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះ​ឡើង​ទៅ​អុជ​ធូប​កុងម៉ា​នៅ​ជាន់​ទី​២​ បាន​ធ្លាក់​កំទេច​ធូប​លើ​ក្រណាត់​​ បណ្តាលឱ្យ​​ឆាបឆេះ​​​ផ្អើល​​ដល់​អ្នក​ជិតខាង​ភ័យពេក បណ្តាល​ឱ្យ​​សន្លប់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ​ឧសភា តាម​បណ្ដោយ​ផ្លូវ​១០៣​កែង​ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ប្រភព​​ឱ្យ​​ដឹង​ថា មុន​ដំបូង​ម្ចាស់ផ្ទះ​ជួល​បាន​​ឡើង​ទៅ​អុជ​ធូប​កុងម៉ា​នៅ​ជាន់​ទី​២ ពេល​អុជ​ធូប​រួច​ហើយ​បាន​ចុះ​មក​ខាងក្រោម​វិញ​ដោយ​មិន​​បាន​ដឹង​ថា កំទេច​​ធូប​ធ្លាក់​លើ​ក្រណាត់​កៅស៊ូ​ បណ្តាល​ឲ្យ​ឆេះ​មាន​ផ្សែងហុយ​ផ្អើល​​ដល់​អ្នក​ជិតខាង​យក​​បំពង់ពន្លត់​អគ្គិ​ភ័យ​បាញ់​៥​បំពង់ ​នៅ​តែ​មិន​ទាន់​រលត់​ទៀត​ ទើប​​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​៤​គ្រឿង មក​បាញ់​ទឹក​ទើប​រលត់​អស់ទាំង​ស្រុង ។

អគ្គី​ភ័យ​ខាងលើ​នេះ​ បណ្តាល​ឱ្យ​​ឆេះ​ខូចខាត​​គ្រឿង​ក្នុង​បន្ទប់​ជាន់​ទី​២​​ទាំងស្រុង ហើយ​ស្ត្រី​ម្នាក់​ដែល​មានផ្ទះ​នៅ​ក្បែរ​នោះ ​ភ័យរន្ធត់​ពេក​បាន​ដួល​សន្លប់​ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន ៕