គេ​គ្រប់​គ្នា​ទិញ​ហូប​មិន​អី​…. មក​អី​លើ​មនុស្ស​មួយ​ក្រុម

​ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​​ ក្រោយ​ពី​មនុស្ស​ក្មេង​ ចាស់​ ប្រុស​ ស្រី​ចំនួន​១៩​​នាក់ បាន​ទិញ​នំ​បុ័ង​សាច់​​ពី​អាហារ​ដ្ឋា​ន​​យីហោ ​គឹ​ម ស៊ន់ ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ខាងក្រោយ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​​ប្រមាណ​ជាង​១០០​ម៉ែត្រ ​​ក្នុង​សង្កាត់​២ ក្រុង​​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ យក​​ទៅ​ហូប​នៅ​ឯ​ផ្ទះ ។

ស្រាប់តែ​កន្លះ​ម៉ោង​​ក្រោយមក បន្ទាប់​ពី​បាន​​ហូប​ឆ្អែត ​នំ​បុ័ង​សា​ច់​​បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​រាង​កាយ​អ្នក​ដែល​បាន​ទទួលទាន​ទាំង ១៩​នាក់​​​​ទៅជា​ចុកពោះ ក្អួតចង្អោរ រាក ។​ល​។ ហើយ​ត្រូវ​​ដឹក​​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ចំនួន​៧​នាក់ និង​នៅ​គ្លីនិក​ឯកជន​បាយ័ន​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ក្មេង​២​នាក់ និង​ដូនជី​ចំនួន៤​នាក់​ផង​ដែរ ។ រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​បាន​​ទាន់​ពេលវេលា មិន​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​​ថា ហេតុការណ៍​ពុល​នំ​បុ័ង​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៦ ឧសភា ​២០១៦ ខណៈ​ជន​រង​គ្រោះ​ទាំង​១៩​នាក់​ខាងលើ បាន​ទៅ​ទិញ​នំ​បុ័ង​សាច់​ពី​ហាង​ខាងលើ យក​មក​ហូប រួច​ក៏​មាន​ហេតុការណ៍​ដូច​បាន​រៀបរាប់​ខាងលើ​នេះ តែ​ជា​សំណាងល្អ​ បាន​ក្រុម​គ្រូពេទ្យ​បង្អែក​រដ្ឋ និង​គ្លីនិក​ឯកជន បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា មិន​បណ្តាល​អោយ​ជន​រង​គ្រោះ​ទាំង​១៩​នាក់​ខាងលើ​នោះ ស្លាប់​បាត់បង់​ជីវិត​ឡើយ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ធ ​ចុះ​ទៅ​ត្រួតពិនិត្យ ដល់​អាហារ​ដ្ឋា​ន​យីហោ​​ខាងលើ និង​បាន​ប្រមូល​យក​មាន​​សាច់​ប៉ាត់​តេ ជ្រក់​ល្ហុង ត្រសក់ ដែល​ជា​វត្ថុ​ធាតុ​ផ្សំ សម្រាប់​នំ​បុ័ង​សាច់​ប៉ាត់​តេ យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ រក​សារធាតុ​ដែល​ផ្តើម​ចេញ​អោយ​មាន​ជាតិពុល ដូច​បាន​រៀបរាប់​ខាងលើ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​​បានឃើញ​ហេតុការណ៍​ខាងលើ បាន​ដាក់​ការ​សង្ស័យ​ក្រៅផ្លូវការ​​ពី​សមត្ថកិច្ច​ជំនាញ​​ថា ករណី​ពុល​នំ​បុ័ង​សាច់​ប៉ាត់​តេ មាន​ដូច​ខាងក្រោម អ្នកលក់​មិន​មាន​អនាម័យ សាច់​ប៉ាត់​តេ​ដែល​យក​មក​ប្រើ​មាន​យីហោ​៩៩៩ មិន​មាន​អនា​ម័យ ត្រសក់​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ដែល​មាន​ប្រើប្រាស់​សារធាតុ​គីមី​ជ្រក់ល្ហុង​មិនល្អ ។

តាម​ការ​អះអាង​របស់​​ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើក៏​បាន​​រៀបរាប់​​​ថា រូប​គាត់​បាន​​ចាប់​យក​អាជីព​ជា​អ្នកលក់​នំ​បុ័ង​​សាច់​ប៉ាត់​តេ​នេះ ជា​ច្រើន​ឆ្នាំ​មក​​ហើយ មិន​ដែល​ជួប​បញ្ហា​បែប​នេះ​ទេ ថែម​ទាំង​មាន​អតិថិជន​គាំទ្រ​ជា​ច្រើន​ផង​ដែរ ។

គាត់​បញ្ជាក់​​ទៀត​​ថា ក្នុង​មួយ​យប់​ៗ គាត់​លក់​អស់​នំ​បុ័ង​ប្រមាណ​ពី ១៥០​ដើម ដល់​២៥០​ដើម​ឯណោះ ហើយ​នៅ​យប់​កើតហេតុ​នោះ គាត់​លក់​អស់​នំ​បុ័ង​ចំនួន​ជាង​២០០​ដើម ។ ចៃដន្យ​អ្វី​ស្រាប់តែ​មាន​អ្នក​ពុល​តែ​១៩​នាក់​យ៉ាង​ដូច្នេះ​ទៅ​វិញ ។ បញ្ហា​នេះ​ គាត់​ជា​ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ បាន​ដាក់​ការ​សង្ស័យ​លើ​អតិថិជនដែល​ពុល​នោះ​ថា ពេល​ដែល​ទិញ​នំ​បុ័ង​យក​ទៅ​ទុក​មិន​បាន​ហូប​ភ្លាម​ៗ ដោយ​ទុក​រយៈពេល​យូរ មិន​បាន​ក្លា​ស្សេ ពេល​នោះ​អាច​កើត​មាន​បញ្ហា​ដោយសារ​តែ សាច់​ប៉ាត់​តេ និងជ្រក់​នោះ​ផ្អូម ខណៈ​ញ៉ាំ​ទៅ​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​​បាន ។