វា​មិន​ដែល​ឆេះ​ឯង​ទេ អាច​មាន​គេ​ដុត

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ក្នុង​ដី​ឡូត៍​ទុក​ចោល​នៅ​ជាប់​របង​មន្ទីរពេទ្យ​បង្អែកពោធិ៍​ចិន​តុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦ ជាប់​ផ្លូវ​បេតុង​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ក្នុង​ដី​ឡូត៍​ដែល​ជាប់​នឹង​មន្ទីរពេទ្យ​បង្អែក​ក៏​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​តែ​មិន​ព្រម​រលត់​ក៏​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។ ពេល​សមត្ថកិច្ច​មក​ដល់​ឃើញ​ហេតុការណ៍​ដូច្នេះ​ក៏​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​មក​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា មិន​បណ្តាល​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ជួយ​ចំនួន​២​គ្រឿង​បាញ់​ទឹក​៣​ជើង ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌ​សែន​សុខ​១​គ្រឿង​ប្រើ​ទឹក​អស់​២​ជើង សរុប​ទាំងអស់​៥​ជើង ។ អគ្គី​ភ័យ​ខាងលើ​នេះ​មិន​ទាន់​ដឹង​ថា​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ សង្ស័យ​មាន​អ្នក​លួច​ដុត​ហើយ​មើលទៅ​ព្រោះ​មិន​ដែល​ឆេះ​ឡើង​ដោយ​ខ្លួនឯង​នោះ​ទេ ៕