ឪពុក​ម្តាយ​មិន​ព្រម កូនស្រី​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន

ឪពុក​ម្តាយ​មិន​ព្រម កូនស្រី​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន



ខេត្តកណ្តាល ៖ ក្មេង​ស្រី​ម្នាក់ ដោយសារ​តែ​ខឹង​ឪពុក​ម្តាយ​មិនព្រម​ក៏​​សម្រេចចិត្ត​លេបថ្នាំ​បំពុល​កណ្តុរ​ស្លាប់  ទោះ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​ក៏​ដោយ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥២​នាទីរំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ ស្ថិត​លើ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​បឹង​គ្រំ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​មាន សុ​ធាន អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្តាយ ក្នុងភូមិ​-​ឃុំ​ខាងលើ ។​ឪពុក​ឈ្មោះ​ អ៊ុំ ចក់ បាន​រៀបរាប់​ទាំង​ក្តី​សោកសៅ​ថា កូន​គាត់​ទៅ​ធ្វើ​សម្ភាសន៍​ចូល​បម្រើ​ការងារ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ មួយរ​យៈមក​ហើយ ។ ប៉ុន្តែ​ដោយ​ខាង​រោងចក្រ​ប្រាប់​ថា នាង​មិន​ទាន់​គ្រប់​អាយុ​ ក៏​សម្រេចចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ដើរ​រក​ខ្ចី​អត្តសញ្ញាណ​បណ្ណ និង​សៀវភៅ​របស់​អ្នក​ជិតខាងដែល​គ្រប់​អាយុ ដើម្បី​កែ ព្រោះ​បំណង​ឱ្យ​បាន​ចូល​ធ្វើ​ការ​រោងចក្រ​វិញ ។ ពេល​នោះ ត្រូវ​ឪពុក​ម្តាយ​បាន​ប្រាប់​ទៅ​កូនស្រី (​ក្មេង​ស្រីរង​គ្រោះ​) មិន​ឱ្យ​ខ្ចី​របស់​គេ​ទេ ដោយ​កូន​នៅ​ក្មេង ហើយ​ឱ្យ​កូន​បន្ត​រៀន​ទៀត មិន​ចង់ឱ្យ​កូន​ទៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​ទេ ។

ខណៈ​ឪពុក​ម្តាយ​និយាយ​ណែនាំ​រួច ក្មេង​ស្រី​រង​គ្រោះ​បាន​ខឹង​ឪពុក​ម្តាយ ដែល​និយាយ​ប្រដៅ ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​មួយសន្ទុះពេល​ត្រឡប់​មក​វិញ បាន​ឡើង​សំងំ​នៅ​លើ​ផ្ទះ ។ ស្រាប់តែ​មួយសន្ទុះ​ធំ​ឮ​ម្តាយមីង​រត់​មក​ប្រាប់​ថា កូន​លេប​ថ្នាំពុល​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ក៏​មានការ​ភ្ញាក់ផ្អើល នាំ​គ្នា​ឡើង​ទៅ​មើល ឃើញ​កូន​កំពុង​ប្រកាច់​បែកពពុះមាត់ ក៏​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គគីរ ស្រុក​កៀនស្វាយ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា យឺត​ពេល​ទៅ​ហើយ ថ្នាំ​បាន​ជ្រាប​ចូល​បេះដូង​ស្លាប់​បាត់​ទៅ​ហើយ ៕