ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី គឺជា​គំរូ​អាក្រក់​សម្រាប់​អ្នក​ដទៃទៀត​

រឿងអាស្រូវ​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ក្នុង​រឿង​ស៊ីដាច់​លុច​បេសកកម្ម​របស់​បុគ្គលិក ក៏ដូចជា​ករណី​បាត់​ថ្នាំពេទ្យ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ពី​ឃ្លាំង គួរតែ​ក្រសួងសុខាភិបាល បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​។ ដោយហេតុថា ទង្វើ​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា គឺជា​គំរូ​អាក្រក់​សម្រាប់​ប្រធាន​មន្ទីរពេទ្យបង្អែក​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ក្នុងខណៈដែល​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា បច្ចុប្បន្ន​នៅតែមាន​ភាពទន់ខ្សោយ​។ ទន្ទឹមនឹងនេះ​លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ក៏មាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​រឿងអាស្រូវ​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា ផងដែរ​ព្រោះ​ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​បុគ្គលិក​និង​មន្ត្រី​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ស៊ីដាច់​របប​បេសកកម្ម​១៤​ខែ​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​នោះ កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ ពួកគាត់​បានទទួល​លុយ​នោះ​គ្រប់ៗ​គ្នា​។ ជាងនេះទៅទៀត​លោក ម៉ម ប៊ុនហេង ដែលជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​បញ្ជូន​មន្ត្រី​ពី​ក្រសួង​ឲ្យ​ទៅ​ដោះស្រាយ​ជូន​បុគ្គលិក និង​មន្ត្រី​មន្ទីរពេទ្យ​ខេត្តរតនគិរី ជាង​៥០​នាក់​ហើយ​លុយ​សរុប​មិនតិចជាង​១០០​លាន​នោះទេ​។ ទោះជា​យ៉ាងណា​លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី មិន​ទទួលរង​ពិន័យ​ដោយសារតែ​រឿងអាស្រូវ​របស់ខ្លួន​នោះទេ បើទោះបី​កំហុស​ទាំងនោះ​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចទៅហើយ​ក៏ដោយ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ​ផងដែរ ព្រោះ​កន្លងមក​មាន​ភាពមិន​ប្រក្រតី​កើត​ឡើងជា​បន្តបន្ទាប់​ដោយសារតែ​លោក ហ៊ីង ផា​នស​គុ​ន្ធា និង​បក្ខពួក​គិតគូរ​តែ​រឿង​ផលប្រយោជន៍​របស់ខ្លួន​។ ក្នុងនោះ​ករណី​ចោរលួច​ថ្នាំពេទ្យ​ចេញពី​ឃ្លាំង​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ គឺ​អ្នក​កាន់​ឃ្លាំង​ឱសថ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ដូច្នេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គួរ​ចាត់វិធានការ​ទៅតាម​កំហុស​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ដោយ​មិនគួរ​លើកលែង​នោះឡើយ​។ ការព្រមាន​លើ​លោក ហ៊ីង ផា​នស​គុ​ន្ធា គឺជា​ការព្រមាន​លើ​ប្រធាន​មន្ទីរពេទ្យ​រដ្ឋ​ទូទៅ​ផងដែរ ដើម្បី​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​៕

12814396_1564736823840683_4979729759703519068_nលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល d-medicine1-1-500x500លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី d-hospi1-500x281