លោក ភ្ល​ន់ តារា មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ រំលាយ​ភ្នំ​នៅ​ស្រុក​ព្រះនេត្រព្រះ គ្មាន​មន្ត្រី​ជំនាញ​ណា​ទប់ស្កាត់​

លោក ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ញើស​ឈាម​នាយទាហាន​និង​ពលទាហាន​ក្រោម​ឱវាទ​នោះ បច្ចុប្បន្នកំពុង​បំផ្លាញ​ភ្នំ​បុរាណ​មួយ​នៅ​ស្រុក​ព្រះនេត្រព្រះ​តាម​អំពើ​ចិត្ត​។ ភ្នំ​បុរាណ​ដែល​លោក ភ្ល​ន់ តារា មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ ប្រើប្រាស់​គ្រឿងចក្រ​ឈូស​រំលាយ​កាយ​ជីក​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​នោះ គឺ​ភ្នំ​ស្រេះ នៅក្នុង​ភូមិ​ស្រេះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ មានការ​សង្ស័យថា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​លោក ភ្ល​ន់ តារា ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កង​យោពល​ខេមរភូមិន្ទ ពិនិត្យមើល​ទង្វើ​របស់​លោក ភ្ល​ន់ តារា មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​។ ដោយហេតុថា សកម្មភាព​របស់លោក ភ្ល​ន់ តារា បានធ្វើ​ឲ្យ​ភ្នំ​ស្រេះ កំពុង​ប្រឈម​នឹង​ការ​រលាយបាត់​រូបរាង ហើយ​សំឡេង​បំផ្ទុះ​រំសេវ​យក​ថ្មភ្នំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​យ៉ាង​ពេញបន្ទុក ជាពិសេស​រថយន្ត​ដឹក​ដី ដឹក​ថ្ម​ធំៗ ធ្វើ​ឲ្យ​ដី​ហុយ​សំពោង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កើត​ជំងឺ​ផ្លូវដង្ហើម​កាន់តែ​ច្រើនឡើងៗ​។ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​លោក ភ្ល​ន់ តារា ប្រើ​គ្រឿងចក្រ​ជាច្រើន​ទៅ​ជីក​កកាយ​ថ្មភ្នំ​ស្រេះ ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​។     ​

ប្រភពពី​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​លោក ភ្ល​ន់ តារា ប្រើ​គ្រឿងចក្រ​គាស់​កាយ​ថ្មភ្នំ​ស្រេះ និង​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្មភ្នំ ហើយ​ប្រើ​រថយន្ត​ធំៗ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​នោះ គឺ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទំនងជា​លាក់បាំង​រឿងនេះ​ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​លោក ភ្ល​ន់ តារា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រះនេត្រព្រះ បាន​ត្អូញត្អែរថា​ភ្នំ​ស្រេះ​ដែលជា​ភ្នំ​បុរាណ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​រលាយបាត់​រូបរាង ដូច្នេះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ជាបន្ទាន់​បំផុត​៕

208_101លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កង​យោពល​ខេមរភូមិន្ទ 13184591_1020757071351216_1391782670_o 13162196_1020757048017885_2009222485_n​    ​