ហេតុផល ខេម មិន​ឆ្លើយ​តប​ព័ត៌មាន​កន្លង​មក​ក៏​ព្រោះ​តែ​គិត​ពី Fans

ខេម បាន​អះអាង​ថា ការណ៍​ដែល​លោក​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បក​ស្រាយ​ចំពោះ​ព័ត៌មាន​កន្លង​មក ក៏​ព្រោះ​តែ​គិត​ពី​អ្នក​គាំទ្រ មិន​ចង់​ឱ្យ​ពួក​គេ​មាន​វិវាទ​នឹង​គ្នា ទោះ​បី​ជា​មាន​​ផល​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ខ្លះ​ក៏​ដោយ។

 

ហេតុផល ខេម មិន​ឆ្លើយ​តប​ព័ត៌មាន​កន្លង​មក​ក៏​ព្រោះ​តែ​គិត​ពី Fans

 

“សួរ​ថា​បើ​ខ្ញុំ​ឆ្លើយ​តប​បាន​អី​មក​វិញ? នាំ​តែ​អ្នក​គាំទ្រ​គាត់​​មាន​ប្រតិកម្ម ប្រកែក​ទាស់​ទែង​គ្នា​ហ្នឹង​ឯង ខ្ញុំ​ខ្ជិល​នរណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ”។ ខេម ថ្លែង​មក​កាន់ Sabay។ តារា​ចម្រៀង​ល្បី​រូប​នេះ​បន្ត​ថា គ្រប់​យ៉ាង​កន្លង​មក​គ្រាន់​តែ​ជា​ចេតនា​មូល​បង្កាច់ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​រូប​លោក​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​ការ​ពិត​ទេ។

 

ខេម អះអាង​ថា ជាក់​ស្ដែង​ព័ត៌មាន​ដែល​ថា លោក​មាន​អង្គរក្ស​ផ្ទាល់​ខ្លួន ហើយ​បង្ក​អំពើ​ហិង្សា​លើ​អ្នក​គាំទ្រ ខណៈ​ទៅ​ច្រៀង​តាម​ខេត្ត​កន្លង​មក​នោះ ក៏​មិន​មែន​ជា​ការ​ពិត​ដែរ។

 

តារា​ចម្រៀង​សំឡេង​ស្អក​ខាង​លើ​បន្ត​ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ជួនកាល​ជា​ដំណោះ​ស្រាយ​បញ្ហា​មាន​ប្រសិទ្ធភាព។ លោក​អាច​យក​ពេល​វេលា​ធ្វើ​រឿង​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​ដូច​ជា​ចុះ​ទៅ​ចែក​អំណោយ​តាម​តំបន់​មាន​ការ​ខ្វះ​ខាត​ជា​ដើម។ ខេម មិន​រំពឹង​ថា ទស្សនិកជន​មិន​អាច​គាំទ្រ​រូប​គេ​ទាំង​អស់​នោះ​ទេ ហើយ​ពួក​គេ​មាន​សិទ្ធ​គាំទ្រ​តារា​ផ្សេង​ទៀត។ យ៉ាង​ណា​លោក​ស្នើ​កុំ​ឱ្យ​មាន​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​អ្នក​សិល្បៈ​ដូច​គ្នា ទោះ​បី​ជា​មិន​គាំទ្រ​យ៉ាង​ណា​ក៏​ដោយ៕​

 

អត្ថបទ៖ សំ ជំនាញ