ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អង់គ្លេស កើនឡើង​តិចតួច​ក្នុង​ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​មាន​កំណើន​តិចតួច ពី​៨០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤ ដល់​៩០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។ ទន្ទឹម​នឹង​នេះ ការ​ដាក់​ទុន​វិនិយោគ​របស់​អង់គ្លេស​នៅ​កម្ពុជា ស្មើនឹង​ទឹកប្រាក់​ជិត​៩០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ និង​ប្រមាណ​២២​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៅ​ឆ្នាំ​២០១៥ ។ តួលេខ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ពេញលេញ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​នៅឡើយ​ទេ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា ដែល​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា ៖ « ការិយាល័យ​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ហើយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដោយ​សង្ឃឹមថា ភាគី​ទាំង​ពីរ​អាច​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ​នេះ » ។

លោក Bill Longhurst ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អង់គ្លេស មានការ​កើន​ឡើងជា​លំដាប់ ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ បាន​កើនឡើង​ជាង​១​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ហើយ​ការ​កើនឡើង​នេះ​ភាគច្រើន​ដោយសារ​កម្ពុជា​នាំ​ចេញ​ទៅ​អង់គ្លេស ។ ប្រទេស​អង់គ្លេស​នឹង​ស្វែងរក​ឱកាស​បន្ថែម​ទៀត​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ » ។

ដោយឡែក ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​គឺ​ប្រទេស​អង់គ្លេស​ពុំ​មានការ​កំណត់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ។

លោក Bill Longhurst បាន​បញ្ជាក់​ថា ៖ « យើង​មិន​បាន​កំណត់​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ថា គួរ​ស្ថិត​ក្នុង​ចំនួន​ប៉ុណ្ណា​ទេ តែ​យើង​នឹង​ព្យាយាម ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​វិនិយោគ​អង់គ្លេស​នៅ​កម្ពុជា​បាន​ស្វែង​យល់​ពី​ឱកាស​ការងារ និង​ឱកាស​វិនិយោគ​ផ្សេង​ទៀត​នៅ​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន ហើយ​នៅ​ថ្ងៃ​ខាង​មុខ​យើង​សង្ឃឹមថា ចំនួន​អ្នក​វិនិយោគ​អង់គ្លេស​ដែល​ចូល​មក​កម្ពុជា​នឹង​កើនឡើង » ។

កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ចក្រភព​អង់គ្លេស​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា សរុប​ទាំងអស់​ចំនួន​៦៤​ក្រុមហ៊ុន ដោយ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១០ ដែល​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ច្រើន​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ៕