ការ​ផលិត​ស្ករ​របស់​ថៃ​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​5​ឆ្នាំ​នេះ

ប្រទេស​ថៃ ៖ ការ​ផលិត​ស្ករ​របស់​ថៃ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ ។ ទិន្នផល​ដ៏​តិច​នេះ គឺ​បណ្តាល​មក​ពី​មាន​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ការ​ផលិត​ស្ករ​ចេញពី​អំពៅ​ត្រូវ​ធ្លាក់​ចុះ ។ នេះ​បើ​តាម​ក្រុមហ៊ុន Thai Sugar Millers Corporation Ltd (TSMC) បាន​ឲ្យ​ដឹង ។

កត្តា​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ ។ រដ្ឋាភិបាល​ថៃ និង​រោងចក្រ​ផលិត​ស្ករ បាន​និយាយ​ថា ផលិតកម្ម​ស្ករ​នឹង​អាច​ធ្លាក់​ចុះ​កាន់តែ​ទាប​ជាង​នេះ​ទៀត​ក្នុង​រដូវ​កាល​ក្រោយ ប្រសិនបើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត​អូស​បន្លាយ​យូរ​ជាង​ការ​រំពឹង​ទុក ពោល​គឺ​បន្ត​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​នេះ ។

លោក Sirivuth Siamphakdee ប្រធាន​ក្រុមហ៊ុន TSMC បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ផលិត​ស្ករអំពៅ​មាន​ប្រមាណ​តែ​៩៤,១​លាន​តោន​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ពោល​គឺ​បាន​ធ្លាក់​ចុះ ខណៈ​នៅ​ឆ្នាំ​២០១៤-២០១៥ អាច​ផលិត​បាន​១០៦​លាន​តោន ដោយសារ​តែ​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​នៅ​តំបន់​កណ្តាល និង​ឦសាន ដែល​ជា​តំបន់​ដាំ​ដំណាំ​ដ៏​សំខាន់​របស់​ប្រទេស​ថៃ » ។

សរុប​មក ថៃ​អាច​ផលិត​ស្ករ​បាន​ត្រឹមតែ​៩,៧៨​លាន​តោន​ប៉ុណ្ណោះ ពោល​គឺ​បាន​ធ្លាក់​ចុះ​១៣% បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​ផលិត​បាន​១១,៣​លាន​តោន ។

លោក​បន្ត​ថា ៖ « ពួក​យើង​ភ័យ​ខ្លាច​ប្រសិនបើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​នេះ ព្រោះថា​វា​ជា​រដូវ​កាល​ដាំ​ដុះ និង​ធ្វើ​ឲ្យ​ការ​ដាំ​អំពៅ​ធ្លាក់​ចុះ​ទាប​ជាង​៩០​លាន​តោន មាន​ន័យ​ថា ទិន្នផល​ស្ករ​មាន​ត្រឹមតែ​៩​លាន​តោន​ប៉ុណ្ណោះ » ។

ដោយសារ​តែ​ទិន្នផល​ទាប ការ​នាំ​ចេញ​ស្ករ​របស់​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ថៃ​គឺជា​ប្រទេស​នាំ​ចេញ​ស្ករ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល ។

តម្លៃ​ស្ករ​សកល​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​នេះ ពោល​គឺ​ធ្លាក់​ចុះ​ពី​៣៦​សេន​ក្នុង​១​ផោន​នៅ​ឆ្នាំ​២០១២ រហូត​ដល់​១១​សេន​ក្នុង​១​ផោន​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​តម្រូវការ​សកល​ធ្លាក់​ចុះ ។ ប៉ុន្តែ​តម្លៃ​បាន​រើប​ឡើង​វិញ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ។

អង្គការ​ស្ករស​អន្តរជាតិ​បាន​លើក​ឡើង​ថា ការ​ព្យាករ​ជា​សកល​សម្រាប់​ឆ្នាំ​២០១៥-២០១៦ គឺ​ស្មើនឹង​៥​លាន​តោន ។

ប្រទេស​ប្រេ​ស៊ី​ល គឺជា​ប្រទេស​ដែល​នាំ​ចេញ​ស្ករ​ធំ​បំផុត​នៅ​លើ​សកលលោក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ផង​ដែរ​នៅ​ឆ្នាំ​នេះ ដែល​អាច​រារាំង​ដល់​ផ្នែក​ផលិតកម្ម ៕