ទំនាក់ទំនងការទូត ពាណិជ្ជកម្ម រវាងកម្ពុជា និងសិង្ហបុរីមានការរីកចម្រើនជាលំដាប់

ភ្នំពេញ:

នៅចំពោះមុខសម្តេចប្រធានរដ្ឋសភា លោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសសិង្ហបុរី និងកម្ពុជាដែលមានតាំងពីយូរមកហើយ បានកំពុងមានការរីកចម្រើនជាលំដាប់បន្ថែមទៀតទំាងវិស័យការទូត និងពាណិជ្ជកម្ម។ 
លោកបានគូសបញ្ជាក់ថា សិង្ហបុរីគឺជាប្រទេសមួយ ដែលមានអ្នកនិយោគទុនច្រើន បានមកបណ្តាក់ទុន នៅកម្ពុជា ហើយអ្នកទេសចរសិង្ហបុរី ក៏ស្ថិតនៅក្នុង លំដាប់ខ្ពស់ ដែលក្នុងចំណោមភ្ញៀវបរទេស បានមកទស្សនាទឹកដីអង្គរ។
ចំណែកវិស័យការទូតវិញ មានការផ្លាស់ប្តូរដំណើរ ទស្សនកិច្ច ថ្នាក់ដឹកនាំប្រទេសទំាងពីរជាបន្តបន្ទាប់ ក្នុងនោះប្រធានរដ្ឋសភាប្រទេសសិង្ហបុរី បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពដោយជោគជ័យនៅកម្ពុជា កាលពីឆ្នាំកន្លងទៅ។
លោក ខេវីន ឆក (Kevin Cheok) បានលើក ឡើង ដូច្នេះក្នុងខណៈដែលឯកឧត្តម បានចូលជួប សម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា មុនពេលដែល ឯកឧត្តម ត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជា។
 ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចប្រធានរដ្ឋសភា ដែលតែងតែគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកឧត្តម និងស្ថានទូតសិង្ហបុរី។ ទំនាក់ទំនង និងកិច្ចសហប្រតបត្តិការពីស្ថាប័នរដ្ឋសភា ល្អនេះហើយ ដែលធ្វើឲ្យកិច្ចការទូតរបស់ ឯកឧត្តមទទួលបានជោគជ័យនោះ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះ បេសកកម្មការទូតរបស់ឯកឧត្តម ខេវីន ឆកនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ។ សម្តេចបានកត់សម្គាល់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តម ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា និងសិង្ហបុរី ស្ទើរគ្រប់វិស័យមានការរីកចម្រើន ដែលក្នុងនោះមានដូចជាទំនាក់ទំនងការទូត វិស័យសេដ្ឋកិច្ច ទេសចរណ៍ សុខាភិបាល និងអប់រំ ជាដើម។ 
ជាមួយគ្នានេះ សម្តេច បានជម្រាបលោក ខេវីន ឆក ថាសម្តេចបានសង្កេតឃើញ ពីតួនាទីដ៏សំខាន់ របស់រដ្ឋសភាសិង្ហបុរី នៅលើឆាកអន្តរជាតិ ពិសេសការបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាក្នុងតំបន់អាស៊ីអាគ្នេយ៍(អាស៊ាន)នេះ។
ប្រទេសកម្ពុជានិងសិង្ហបុរី ទើបតែបានប្រារព្ធ ខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកខេវីន ឆក បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា បន្ថែមថា នៅឆ្នាំនេះនិងឆ្នាំក្រោយ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសសិង្ហបុរី និងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជាជាបន្តបន្ទាប់ទៀត៕
ទំនាក់ទំនងការទូត ពាណិជ្ជកម្ម រវាងកម្ពុជា និងសិង្ហបុរីមានការរីកចម្រើនជាលំដាប់

ទំនាក់ទំនងការទូត ពាណិជ្ជកម្ម រវាងកម្ពុជា និងសិង្ហបុរីមានការរីកចម្រើនជាលំដាប់

ទំនាក់ទំនងការទូត ពាណិជ្ជកម្ម រវាងកម្ពុជា និងសិង្ហបុរីមានការរីកចម្រើនជាលំដាប់