បុគ្គលិក​បរទេស​ពីររូបរបស់​លីកាដូ ត្រូវអាជ្ញាធរចាប់បញ្ជូនទៅឲ្យមន្រ្តីអន្តោប្រវេសន៍

ជនបរទេស​ពីររូបដែលជាបុគ្គលិក​របស់អង្គការលីកាដូ ត្រូវបានអាជ្ញាធរ ខណ្ឌដង្កោ ចាប់បញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ហើយនៅម៉ោងជិត ១ រសៀល​នេះ។

ជនបរទេសទាំងពីរនាក់ ដែលមានស្រីមួយរូប គឺកញ្ញា Anna ជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការលីកាដូ និងប្រុសម្នាក់ទៀត គឺលោក Machias ជាទីប្រឹក្សារបស់​អង្គការនេះ ត្រូវបានអាជ្ញាធរខណ្ឌ​ដង្កោ​នាំខ្លួនទៅសាកសួរនៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេ​អង្គុយចាំនាយករងផ្នែកតស៊ូមតិរបស់អង្គការលីកាដូ និងប្រធានអង្គការធាងត្នោត ព្រមទាំងប្រពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួន នៅសាលាខណ្ឌដង្កោ។ ក្រោយអាជ្ញាធរខណ្ឌដង្កោ សាកសួរពួកខ្លួនរួច អាជ្ញាធរ បានបញ្ជូនជនបរទេសទាំងពីររូបនោះ  ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្តង។

អាជ្ញាធរ មិនបានបញ្ជាក់ពីមូលហេតុដែលនាំដល់ការចាប់ខ្លួនជនបរទេសទាំងពីររូវបនោះ និងការ​បញ្ជូនអ្នកទាំងនោះ​ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។ រីឯមន្រ្តីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងមានវត្តមាននៅទីនោះ ក៏មិនទាន់ដឹង​ពីមូលហេតុពិត​ប្រាកដ​នៃការ​នាំខ្លួនជនជាតិបរទេសទាំងពីរនាក់ដែលជាបុគ្គលិករបស់អង្គកាលីកាដូ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះដែរ៕