សមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា បោះឆ្នោតមេដឹកនាំចាស់ឲ្យដឹកនាំក្នុងអាណត្តិថ្មី

គណៈកម្មាធិការប្រតិបត្តិចាស់របស់សហព័ន្ធកីឡាវាយសីកម្ពុជាចំនួន៩នាក់ រួមមានប្រធាន អនុប្រធាន អគ្គលេខាធិការ និងសមាជិកប្រតិបត្តិ ត្រូវបានអង្គមហាសន្និបាត ធ្វើការរំសាយ កាលពីថ្ងៃសៅរ៍ ប៉ុន្តែតាមរយៈការបោះឆ្នោតជ្រើសរើសសាជាថ្មីដោយការលើកដៃ ក្នុងថ្ងៃដដែលនោះ គឺអ្នកទាំង៩នោះ ត្រូវបានជាប់ឆ្នោត និងត្រូវដឹកនាំក្នុងអាណត្តិថ្មីទី៩ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដដែល។
nocc
nocc1
បើតាមរបាយការណ៍បានឲ្យដឹងថា សហព័ន្ធកីឡាវាយសីកម្ពុជា មានក្លិប-សមាគមដែលជាសមាជិកក្នុងអាណត្តិចាស់ចំនួន២៥ ហើយក្នុងនោះកីឡាករកីឡាការិនីសរុបចំនួន៥៥៣នាក់(ស្រី៣០នាក់) រីឯទីលានហ្វឹកហាត់នៅរាជធានីភ្នំពេញ មានចំនួន៣០កន្លែង នៅតាមបណ្តាលខេត្ត៤៥កន្លែង និងមានគ្រូបង្វឹក៣៣នាក់ ព្រមទាំងអាជ្ញាកណ្តាល១១នាក់។

ប៉ុន្តែសម្រាប់ការបោះឆ្នោត នៅទីស្នាក់ការ NOCC កាលពីថ្ងៃសៅរ៍នោះ មានសមាជិកតំណាងឲ្យក្លិប-សមាគម ដែលមានសិទ្ធិបោះឆ្នោត តែ២១នាក់ទេបានចូលរួម គឺអវត្តមានចំនួន៣នាក់ ហើយនៅក្នុងអង្គមហាសន្និបាតនោះ ក៏បានចែកសញ្ញាប័ត្រដល់គ្រូបង្វឹកវាយសីកម្រិត១ចំនួន៩នាក់ ព្រមទាំងចែករ៉ាកែតចំនួន៣៥០ដើមដល់ក្លិបនានាដែលចូលរួមផងដែរ ដោយក្លិបនីមួយបានទទួលចាប់ពី១០ដើមដល់៥០ដើម ទៅតាមក្លិបធំ ឬក្លិបតូច។
nocc2
nocc3
nocc4
យ៉ាងណាក៏ដោយ អង្គមហាសន្និបាត បានធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដោយរលូន និងបានបញ្ចប់ដោយជោគជ័យ ហើយជាលទ្ធផលនៃការបោះឆ្នៀតនោះ គឺគណៈកម្មាធិការប្រតិបត្តិចាស់របស់សហព័ន្ធកីឡាវាយសីកម្ពុជាចំនួន៩នាក់ ដែលបានឈរឈ្មោះឲ្យគេបោះឆ្នោតនោះ ត្រូវបានជាប់ឆ្នោតសាជាថ្មីក្នុងសំឡេងគាំទ្រ១០០ភាគរយ គឺ២១លើ២១សំឡេង ទៅតាមតួនាទីរៀងៗខ្លួន។

ចំពោះបេក្ខភាពប្រធានសហព័ន្ធ មានតែលោក លី កុសល ម្នាក់គត់បានឈរឈ្មោះ ហើយប្រធានសហព័ន្ធអាណត្តិចាស់រូបនេះ បានជាប់ឆ្នោត ដើម្បីដឹកនាំក្នុងអាណត្តិថ្មីនេះដោយគ្មានអ្នកប្រជែងឡើយ។ ចំណែកលោក មាស សារិន ជាប់ជាអនុប្រធាន លោកវេជ្ជបណ្ឌិត ស្តើង ជា ជាអគ្គលេខាធិការ លោក ធិន សៅ អគ្គហិរញ្ញិក រីឯអគ្គលេខាធិការរងមាន២រូបគឺលោកឧត្តមសេនីយ៍ ជាម សុភា និងលោកវេជ្ជបណ្ឌិត អាំង សំបូរ រួមទាំងសមាជិកប្រតិបត្តិចំនួន៣នាក់ផ្សេងទៀត៕