សារ​ប្រយោជន៍​ដែល​អ្នក​ត្រូវ​ដឹង ​នៃ​កា​របំបៅ​ដោះ​ម្ដាយ​តែ​ម៉្យាង​ !

ស្រ្តី​ៗ​ជា​​ម្ដាយ​​មួយ​​ចំ​នួន​​នា​​សម័យ​​ទំនើប​​នេះ​​ ​ពួក​​គេ​​តែង​​គិត​​បែប​​អវិជ្ជមា​ន​​ថា ​​ការ​​បំ​បៅ​​ដោះ​​កូន​​អាច​​នឹង​​ធ្វើ​​ឱ្យ​​ខូច​​ទ្រង់​​ទ្រាយ​​សម្រស់​​សុ​ដន់​​របស់​​ពួក​​គេ​​, ឬ​គ្មាន​​ពេល​​វេលា​​គ្រប់​គ្រាន់​សម្រាប់​បំបៅ,​ ឬ​ព្រោះ​តែ​សម័យ​នេះ​គេ​មាន​អាហារ​កំប៉ុង​ស្រាប់ៗ​សម្រាប់​ទារក​ដែល​អាច​យក​មក​ជំនួស​ទឹក​ដោះ​ម្ដាយ​បាន​ជា​ដើម ​។​​​​
ការ​គិត​បែប​នេះ​គឺ​ជា​រឿង​ខុស​ នៅ​ក្នុង​ទិដ្ឋ​ភាព​នៃ​សុខុមាល​ភាព​របស់​ទារក​ ។​ ការ​ផ្ដល់​ចំណី​អា​ហារ​ដល់​ទារក​ គឺ​វា​មិន​ខុស​ឡើយ​សម្រាប់​មា​តា​ទាំង​ឡាយ​ ប៉ុន្តែ​​បើ​សុខ​ភាព​របស់​ទារក​ទទួល​​រង​ដោយ​សារ​ការ​វាយ​ប្រ​ហារ​ពី​ចំណី​អាហារ​មិន​សម​រម្យ​ និង​មិន​ត្រឹម​ត្រូវ​ពីម្ដាយ​ នោះ​ម្ដាយ​ពិត​ជា​មាន​កំហុស​​ធ្ងន់​ធ្ងរ​ណាស់​ ហើយ​ពេល​ខ្លះ​ភាព​សោក​ស្ដាយ​ និង​​វិប្បដិសារី​ក៏​​នឹង​អាច​កើត​ឡើង​ផង​ក៏​មាន​ ប្រ​សិន​បើ​មាតា​មិន​យល់​ដឹង​អំ​ពី​អាហារ​​រូបត្ថម្ភ​របស់​ទារក​ឱ្យ​បាន​ត្រឹម​ត្រូវ​ ។ ដូច្នេះ​ថ្ងៃ​នេះ​ គេ​ហ​ទំព័រ​ Cool FM ​សូម​​លើក​យក​នូវ​គោល​សារៈ​សំ​ខាន់ៗ​នៃ​ការ​បំ​បៅ​ដោះ​ម្ដាយ​តែ​មួយមុខ​ មក​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​ ជា​ពិ​សេស​មាតា​ៗ​ទាំ​ង​ឡាយ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំ​ពី​សារ​ប្រ​យោជន៍​នៃ​ការ​បំ​បៅ​ដោះ​ម្ដាយ​តែ​មួយ​មុខ​៖​​
សារ​ប្រ​យោជន៍​នៃ​ទឹក​ដោះ​ម្ដាយ​តែ​ម៉្យាង​សម្រាប់​ទារក​៖ ​​-ជួយ​ទារក​ឱ្យ​មាន​ថាមពល ​និង​អាហារ​គ្រប់​គ្រាន់​សម្រាប់​ពេល​ទើប​នឹង​កើត​ រហូត​ដល់​៦​ខែ ​និង​រហូត​ដល់​២ឆ្នាំ ​ឬ​អាច​លើស​ពី​នេះ​កាន់​តែ​ប្រសើរ​​-ជួយ​ទារក​ឱ្យ​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​បាន​យ៉ាង​ល្អ​ដើម្បី​ការ​ពារ​ពី​ការ​យារយីពី​មេរោគ​ និង​បាក់​តេរី​កំណាច​ៗ​​-ទឹក​ដោះ​ម្ដាយ​គឺ​ជា​អាហារ​រូបត្ថម្ភ​ដ៏​ប្រសើរ​ជា​អាហារ​ដទៃៗ​ទាំងអស់ ​-បញ្ចៀស​ទារក​ពីការ​កើត​ជម្ងឺ​រាគរូស​ ជម្ងឺ​ត្រចៀក​ ជម្ងឺ​រលាក​សួត​ ជម្ងឺ​ស្វិត​ដៃ​ជើង ​ជម្ងឺ​ស​តិ​មិន​ប្រ​ក្រតី ​ជម្ងឺ​មិន​វៀងវៃ​ និង​ជម្ងឺ​រ៉ាំ​រ៉ៃដទៃៗ​ទៀត​ដែល​បណ្ដាល​ឱ្យ​ស្លាប់​ជា​ដើម​-ជួយ​ទារក​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជម្ងឺ​​-ជួយ​ព្យា​បាល​នូវ​ស្លាក​ស្នាម​​របួស​នៅ​លើ​ស្បែក​របស់​ទារក​-ជួយ​ទារក​ឱ្យ​មាន​ស្មាតី ​និង​គំ​និត​ប្រាជ្ញា​ឈ្លាសវៃ​ជាង​កូនៗ​ដទៃៗ​ទៀត​ដែល​និយម​អាហា​រផ្សេងៗ​ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ​-ជួយ​រក្សា​ទម្ងន់​របស់​ទារក​ឱ្យ​នៅ​ឋេរ ​(មិន​ឱ្យ​លើស ​ឬ​ធាត់​ជ្រុល​)​
សារ​ប្រយោជន៍​ចំពោះ​មាតា​៖​-ជួយ​ការ​ពារ​ម្ដាយ​ពី​ជម្ងឺ​មហា​រីក​អូ​វែ និង​មហា​រីក​ដោះ​-ជួយ​ម្ដាយ​ឱ្យ​មាន​ទឹក​ដោះ​ជា​ប្រចាំ​ (ប្រ​សិន​បើ​បំបៅ​ជា​ញឹក​ញាប់​)​-ជួយ​ម្ដាយ​ពី​ការ​មាន​បុត្រ​ដោយ​ចៃ​ដន្យក្នុង​អំឡុង​ពេល​សម្រាល​រហូត​ដល់​៦​ខែ​ក្រោយ​ និង​-ជួយបង្កើនហិរញ្ញវត្ថុគ្រួសារថែមទៀតផង ។
យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អង្គការ​សុខភាព​​ពិភ​ពលោក​ នៃ​អង្គការ​សហ​ប្រ​ជា​ជាតិ​បាន​បង្ហាញ​ថា​៖ ​ទារក​ដែល​ត្រូវ​បាន​បំបៅ​ដោះ​ម្ដាយ​តែ​មួយ​មុខ​ គឺ​មាន​សុខ​ភាព​ខ្លាំង​ក្លា​ជាង​ និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ជាង​ទារក​ដែល​បៅ​ដោះ​ម្ដាយ​មិន​ទៀង​ទាត់​ ឬ​មិន​បាន​បៅ​ ឬ​ទារក​ដែល​ត្រូវ​បាន​និយម​ឱ្យ​បញ្ចុក​តែ​អាហារ​​ផ្សេងៗ​ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ​ដូច​ជា​៖ ​ទឹក​គោ​កំប៉ុង​ ទឹក​ដោះ​គោ​ម៉្សៅ​ បបរ​កិន ​ទឹក ​ទឹក​សណ្ដែក​ ឬ​​អាហារ​ផ្សេងៗ​ដទៃ​​ទៀត​ ៕​​​

ដោយ៖ ឈូក ស
Cool FM 100.7