មាន​កូន​ច្រើនពេក ក៏​អាច​ជា​មូលហេតុ​នៃ​ជំងឺមហារីក​មាត់​ស្បូន

មហារីក​មាត់​ស្បូន ជា​ជំងឺ​​មួយ​ប្រភេទ​​ដែល​ភាគ​ច្រើន​ឆ្លង​​​តាម​រយៈ​ការ​រួមភេទ (ការ​ប៉ះពាល់​ស្បែក​ឆ្លង​ជំងឺ) ​បង្ក​ឡើង​ដោយ​មេរោគ HPV ប៉ុន្តែ​ការ​មាន​កូន​ច្រើន​ពេក​លើស​ពី ៣​នាក់​ឡើង​ទៅ ក៏​អាច​បង្ករ​ឲ្យ​កើត​​ជំងឺ​នេះ​ដែរ។

 

អ្នក​ស្រី​វេជ្ជបណ្ឌិត ឯក ម៉េងលី ប្រធាន​ផ្នែក សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល​លុច្ស​ បាន​លើក​​ឡើង​ថា មាន​កត្តា​បួន​យ៉ាង​ ដែល​អាច​បង្ក​ឱ្យ​កើត​ជំងឺ​នេះ។

 

មាន​កូន​ច្រើនពេក ក៏​អាច​ជា​មូលហេតុ​នៃ​ជំងឺមហារីក​មាត់​ស្បូន

 អ្នក​ស្រី​វេជ្ជបណ្ឌិត ឯក ម៉េងលី(អាវស)

 

១-​ រួមភេទ​​វ័យ​ក្មេង​ពេក៖ ស្ត្រី​រួមភេទ​អាយុ​ក្រោម ១៨ ឆ្នាំ ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ រួម​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន ព្រោះ​សរីរាង្គ​មាត់​ស្បូន​មិន​ទាន់​ទុំ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគាត់​នៅ​ខ្សោយ ។​​

 

២-​ មាន​ដៃ​​គូ​រួមភេទ​ច្រើន៖ ការ​មាន​ដៃគូ​រួមភេទ​ច្រើន ក៏​អាច​ឱ្យ​ពួកគេ​ងាយ​ចម្លង​​ជំងឺ​ផ្សេងៗ​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក។

 

៣- ការ​​​មាន​កូន​​ច្រើន​ពេក (ចាប់​ពី​៣​ឡើង)៖ ​ពេល​សម្រាល​កូន មាត់​ស្បូន​​​របស់​ស្ត្រី​បើក ដែលជា​ពេល​មាត់​ស្បូន​​មាន​របួស​ស្នាម ដាច់​រលាត់ និង​​​មាន​ឈាម។ បើ​​មេរោគ​​មាន​នៅ​ស្រាប់ នោះ​មេរោគ​ជ្រៀត​​ខ្លួន​ចូល។ ការ​មាន​កូន​ច្រើន ជា​ហានិភ័យ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។

 

៤- កង្វះ​អនាម័យ៖ មុន​រួមភេទ និង​ក្រោយ​រួមភេទ ស្ត្រី​ត្រូវ​មាន​អនាម័យ។ បើ​គ្មាន​អនាម័យ​ទេ ហើយ​មេរោគ​មាន​វត្តមាន​ស្រាប់​នោះ វា​នឹង​ចូល​ដោយ​មិន​ដឹង​ខ្លួន។

 

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ជំងឺ​នេះ​ឆ្លង​​តាម​ការ​រួមភេទ (ការ​ប៉ះពាល់​ស្បែក) ហើយ​បើ​ទោះ​កោសិកា​ងាប់ ឬ ​ប្រើ​ស្រោម​អនាម័យការពារ​ ក៏​វា​នៅ​តែ​អាចចម្លង​​បាន​ដែរ។ ប៉ុន្តែ​វា​​អាច​ព្យាបាល​ជា​សះស្បើយ បើ​សិន​នៅ​ដំណាក់​កាល​ដំបូង។ វិរុស​បង្ករ​ឱ្យ​កើត​មាហារីក​មាត់​ស្បូន HPV មាន ២ ប្រភេទ គឺ​ប្រភេទ​ស្លូត (គេ​អាច​មើល​នឹង​ភ្នែក​ដឹងដូច​មាន​ដុំ​សាច់​) និង​​ប្រភេទ​កាច HPV ១៦ -១៨ (គេ​អាច​មើល​នឹង​ភ្នែក​ដឹង)។

 

មាន​កូន​ច្រើនពេក ក៏​អាច​ជា​មូលហេតុ​នៃ​ជំងឺមហារីក​មាត់​ស្បូន

 

រោគ​សញ្ញា

@ ដំណាក់​កាល​ដំបូង៖
-គ្មាន​រោគសញ្ញា
-គ្មាន​អាការៈ

@ ដំណាក់​កាល​ចុងក្រោយ៖
-មាន​ធ្លាក់​ឈាម​ខុស​ធម្មតា កំពុង​ពេល ឬ​ក្រោយ​រួមភេទ
-មាន​ការ​ឈឺចាប់​ពេល​រួមភេទ
-មាន​ការ​ធ្លាក់​ស​មាន​ក្លិន
-មាន​ការ​ធ្លាក់​ឈាម​ជា​ថ្មី សម្រាប់​ស្ត្រី​អស់​រដូវ​ហើយ។

 

វិធី​បង្ការ

​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​គ្លីនិក​សម្ភព​សោភា ថា មហារីក​មាត់​ស្បូន ជា​ជំងឺ​កាច​សាហាវ​ជាប់​លេខ១ ក្នុង​ចំណោម​ជំងឺ​មហារីក​ផ្សេងៗ​នៅ​កម្ពុជា ដែល​បាន​សម្លាប់​ស្ត្រី ៧៩៥ នាក់​រាល់​ឆ្នាំ ក្នុង​ចំនួន​ស្ត្រី​កើត​មហារីក​មាត់​ស្បូន ១ ៥១២ នាក់។

 

វេជ្ជបណ្ឌិត ប៉ិច សុធី ថា មហារីក​មាត់​ស្បូន​ជា​ជំងឺ​កាច​សាហាវ ប៉ុន្តែ​អាច​បង្ការ​បាន​តាម​រយៈ​ការ​ចាក់​​​វ៉ាក់សាំង ប្រឆាំង​នឹង​មេរោគ HPV និង​ពិនិត្យ​មាត់​ស្បូន​ឱ្យ​បាន​រៀងរាល់​២ឆ្នាំ​ទៅ ចំពោះ​ស្ត្រី​ចាប់​ពី​អាយុ​ ៣០​ ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​​ធ្លាប់​រួមភេទ​ហើយ ចាប់​ពី ​៣ ឆ្នាំ​ឡើង​ទៅ តាម​រយៈ​ការ​​ផ្ដិត​យក​កោសិកា​នៅ​មាត់​ស្បូន​ទៅ​ពិនិត្យ​ ថា​តើ​មាន​ជំងឺ​មហារីក​មាត់​ស្បូន ឬ​អត់​ដើម្បី​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា។

 

វិធី​ព្យាបាល

លោក​វេជ្ជបណ្ឌិត ហេង វីរដ្ឋ គ្រូពេទ្យព្យាបាល​​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត មាន​ប្រសាសន៍​ថា ការ​ព្យាបាល​មាន​ដូចជា ការវះកាត់ ការ​​បាញ់​កាំរស្មី ចាក់​សារធាតុ​គីមី ប៉ុន្តែ​មិន​មែន​មានន័យ​ថា ​គ្រប់​អ្នក​ជំងឺ​ទាំង​អស់ អាច​ទទួល​បាន​ការ​ព្យាបាល​គ្រប់​វិធី​នោះ​ទេ គឺ​ធ្វើ​តាម​ប្រភេទ​នៃ​ជំងឺ​នីមួយៗ។

 

សម្ដី​របស់​ក្រុម​អ្នក​ជំនាញ​ខាង​លើ​បាន​ធ្វើឡើង ក្នុង​ឱកាស​អបអរ​ទិវា​អ្នកម្ដាយ ក្រោម​ប្រធាន​បទ​ “ស្រលាញ់គាត់ ការពារគាត់ ពី​ជំងឺ​មហារីក​មាត់​ស្បូន” របស់​ក្រុមហ៊ុន GSK  នៅ​សណ្ឋាគារកាំបូឌីយ៉ាណា៕

 

អ្នក​ជំនាញ​ប្រាប់​មូល​ហេតុ​ បង្ក​ឱ្យ​កើត​​ជំងឺ​មុខ​ក្រហម និង​វិធី​ព្យាបាល

 

អត្ថបទ៖ អ៊ុំ សុភក្តិ