មន្ត្រី​សិទ្ធិមនុស្ស ៖ ការ​ចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​មិនមែន​មានន័យថា មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ​

មន្ត្រី​សិទ្ធិមនុស្ស ៖ ការ​ចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​មិនមែន​មានន័យថា មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ​



ភ្នំពេញ ៖ មន្ត្រី​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ង​ថា ការ​ចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស មិនមែន​មានន័យថា មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ គឺជា​អនុវត្ត​ច្បាប់ ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នោះ គួរតែ​រក​មេធាវី​ការពារ​តាម​ផ្លូវ​ច្បាប់​ជាជាង​ការប្រកាស​ប្រមូលផ្ដុំ​ទាមទារ​ខុសច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លើកឡើង​បែបនេះ បន្ទាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ប្រកាស​បើក​យុទ្ធនាការ “​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​” ឬ Black Monday ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤ រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប ១​រូប ដែល​ចាប់​ផ្តើម​ពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ តទៅ ហើយ​ការប្រកាស​នេះ​ត្រូវបាន​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ជា​សញ្ញា​នៃ​ធ្វើ​បដិវត្តន៍​ពណ៌។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ថា មនុស្ស​កើតមក​មាន​សិទ្ធិ​ពី​កំណើត​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​អ្វីៗ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ដែរ​។ លោក​បន្ត​ថា នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​បញ្ហា​សិទ្ធិមនុស្ស​នេះ​វា​អាស្រ័យ​ទៅតាម​លំនៅ​នៃ​សេដ្ឋកិច្ច វប្បធម៌ លំនាំ​នៃ​ប្រទេស​នីមួយ ដែល​គេ​អាច​ធ្វើ​បាន​ប៉ុណ្ណា “​ហើយ​បញ្ហា​សិទ្ធិ​នេះ មិន​មែ​ប​មានន័យថា ខ្ញុំ​មាន​សិទ្ធិ​ប៉ុណ្ណា​អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​។ ដូច​នៅ​អឺរ៉ុប​គេ​មាន​ច្បាប់​របស់​គេ បើ​អ្នកណា​និយាយ​ថា ណា​ស៊ី​ស​អត់​សម្លាប់​មនុស្ស​ទេ គឺ​ត្រូវ​ជាប់គុក​ទេ​។ ដូច្នេះ​តើ​គេ​អាច​និយាយ​ថា រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ទេ ? ហើយ​នៅ​បារាំង​ថ្មីៗ​នេះ​គេ​បាន​ហាមឃាត់​ការ​ពាក់​របាំងមុខ ដោយ​លើក​ហេតុផល​ពី​បញ្ហា​សន្តិសុខ ដូច្នេះ​តើ​អាច​និយាយ​ថា បារាំង​រំលោភ​សិទ្ធិមនុស្ស​ដែរ​ទេ​? ។ ចំណែក​នៅ​អាមេរិក បន្ទាប់ពី​មានការ​បំផ្ទុះ​អាគារ​ពាណិជ្ជកម្ម លោក បូស បាន​បង្កើត​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​អាជ្ញា​ធរមាន​សិទ្ធិ​ចូល​ទៅ​ឆេ​ក​មើល​នៅ​ក្នុង​អី​ម៉ែ​ល​របស់​បុគ្គល​ម្នាក់ៗ​ផ្ទាល់ ដូច្នេះ​តើ​អាមេរិក​រំលោភ សិទ្ធិ​ដែរ​ទេ ? ដូច្នេះ​បញ្ហា​សិទ្ធិ​នេះ មានការ​ឆ្លុះបញ្ចាំង​ផ្សេងៗ​គ្នា ហើយ​នៅ​ថៃ​ក៏​ដូចគ្នា​ដែរ។

លោក កែវ រ៉េមី បាន​លើកឡើង​ដែរ​ថា សម្រាប់​នៅ​កម្ពុ​ជានា​របប​ខ្មែរក្រហម​គ្មាន​សិទ្ធិ គ្មាន​សេរីភាព​ទាំងអស់ ហើយ​មកដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​គិតគូរ​លើក​តម្កើង​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សិទ្ធិ​សេរីភាព​នេះ ទាំង​សិទ្ធិ​សារព័ត៌មាន សិទ្ធិ​បង្កើត​សមាគម និង​សហគមន៍​ផ្សេងៗ​ស្របតាម​រដ្ឋធម្មនុញ្ញ រហូត​បាន​បង្កើត​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រាជរដ្ឋាភិបាល​ទៀត ដូច្នេះ​ការ​ចាប់ខ្លួន​ផ្សេងៗ​យើង​និយាយ​ពី​ច្បាប់ កុំ​និយាយ​ច្បិច​យក​ចំណុច​តូច​មក​វែកញែក។ ការអនុវត្ត​សិទ្ធិ​របស់​បុគ្គល​ត្រូវតែ​អនុលោម​ទៅតាម​ច្បាប់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​។

ទាក់ទង​ការ​ចាប់ខ្លួន​បុគ្គល​នៅ​ក្នុង​អង្គការ​សិទ្ធិមនុស្ស យើង​មិន​អាច​និយាយ​ថា មាន​បញ្ហា​សិទ្ធ​មនុស្ស មានការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ ហើយ​មិន​អាច​និយាយ​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា​ខ្មៅ ឬ​ដើរ​ថយក្រោយ​នោះ​ទេ​។ ពីព្រោះ​បុគ្គល​នៅ​ក្នុង​អង្គការ​សិទ្ធិមនុស្ស​មិនមែន​ជា​អាទិទេព មិនមែន​ជា​មនុស្ស​ល្អឥតខ្ចោះ ដែល​ធ្វើ​អ្វី​មិន​ចេះ​ខុស​នោះ​ទេ ដូច្នេះ​បើ​មាន​កំហុស​ត្រូវ​ទទួលទោស​ដូចគ្នា ហើយ​មន្ត្រី​ចំពោះ​មន្ត្រី​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​គួរតែ​រក​មេធាវី ដែល​ពូកែ ដើម្បី​ការពារ​ក្តី​តាម​ផ្លូវ​ច្បាប់ ប្រសើរ​ជាង​ការ​ប្រកូក​ប្រកាស​ប្រមូលផ្ដុំ​មនុស្ស​ធ្វើការ​តវ៉ា​ក្រៅ​ផ្លូវច្បាប់។

លោក កែវ រ៉េមី អះអាង​ថា បើ​ចេះតែ​ប្រមូលផ្ដុំ​ធំ​ទៅៗ នឹង​កើត​ទៅជា​អស្ថិរភាព អសន្តិសុខ​ក្នុង​សង្គម ហើយ​បើ​មាន​អស្ថិរភាព ឬ​អសន្តិសុខ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព ពីព្រោះ​សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​ទុក​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ការ​មួយ​ ដូច​នៅ​មជ្ឈិម​បូព៌ា​នោះ​ទេ​៕

មន្ត្រី​សិទ្ធិមនុស្ស ៖ ការ​ចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​មិនមែន​មានន័យថា មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ​