ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ក្នុង​ខេត្តកំពង់ស្ពឺ​

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ក្នុង​ខេត្តកំពង់ស្ពឺ​



​កំពង់ស្ពឺ​ ៖ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត បាន​បន្ត​ដឹក​ទឹក​ទៅ​ចែកចាយ​ដ​ល់​ប្រជាពលរដ្ឋ​បាន​ពីរ​ភូមិ​បន្ថែម​ទៀត គឺ​ភូមិ​ព្រៃ​ថ្កូវ ឃុំ​ព្រះ​និ​ពា​ន្ដ និង​ភូមិ​ស្នួល ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

​លោក ម៉ិច សារ៉ន មេឃុំ​ព្រះ​និ​ពា​ន្ដ មានប្រសាសន៍ថា «​ការចែក​ទឹក​នៅ​ភូមិ​ព្រៃ​ថ្កូវ​ម្សិលមិញ គឺ​បាន​ជាង​៥០​គ្រួសារ​។ ក្នុងភូមិ​នេះ មាន​ទាំង​ប្រជាពលរដ្ឋ​មានលទ្ធភាព និង​គ្មាន​លទ្ធភាព​ទិញ​ទឹក​ប្រើ​ប្រា​ស់​។ តែ​អ្វី​ដែល​ភ្ញាក់ផ្អើល គឺ​អ្នក​ដែល​មាន​ជីវភាព​ទិញ​ទឹក​ប្រើប្រាស់ សុខចិត្ត​ឲ្យ​ទឹក​ ដែល​គេ​យក​ទៅ​ចែក​គាត់ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ខ្លាំង​។ ម្នាក់ៗ​មានតែ​ត្រេកអរ និង​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​»​។​

ចំណែក​មេឃុំ​មហាឫស្សី លោក ស្វាយ ជឿ​ង ថ្លែង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ដឹក​ទឹក​មក​ចែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នួល​នេះ​ម្ដង​ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​១ ខែឧសភា ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិលមិញ រថយន្ត​ពន្លត់អគ្គីភ័យ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ បាន​ដឹក​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​បន្ថែម​ទៀត​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ថ្លែង​ថា​ «​ពេល​យើង​ចែក​ចាយ​ទឹក​នា​ពេល​កន្លងមក យើង​សង្កេត​ឃើញ​ថា សន្ដាន​ចិត្ត​ចេះ​ចែករំលែក​ក៏​កើតមាន​ដែរ​ក្នុង​ចំ​ណោម​ប្រជាពលរដ្ឋ​តាម​សហគមន៍​។ អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ទឹក​ប្រើប្រាស់ សុខចិត្ត​ឲ្យ​ទឹក​ដែល​ជា​ចំណែក​របស់​គាត់ បរិច្ចាគ​ដល់​អ្នក​​ពុំ​មាន​លទ្ធភាព​ទិញ​ទឹក​ស្អាត​ប្រើប្រាស់​។ គាត់​ចង់​បង្ហាញថា ទន្ទឹម​នឹង​ក្រុមហ៊ុន​យើង​ធ្វើ​សកម្មភាព​សប្បុរសធម៌ គាត់​ក៏​ចង់​ចូលរួម​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដែរ​»​។ មកដល់ពេលនេះ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​ទឹក​ម​ក​ចែក​ជូន​ប្រជាពលរដ្ឋ​៧​ថ្ងៃ​ជាប់ៗ​គ្នា បាន​ចំនួន​៧​ភូមិ​ក្នុង​ខេត្ត​២ គឺ​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ សរុប​ជា​គ្រួ​សារបាន​ប្រហែល​៤០០​គ្រួសារ​។ កន្លងមក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា តែ​ង​តែ​ជួយ​សង់​សាលារៀន ឧបត្ថម្ភ​មន្ទីរពេទ្យ ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ និង​ជួយ​ផ្នែក​មនុ​ស្សធម៌​ផ្សេងៗ​៕