ប៉ូលិស​៧​នាក់​វាយ​ទាហាន​ម្នាក់​, ៥​ខែ​ហើយ​អត់​ដោះស្រាយ​ ដាក់​បណ្ដឹង​ទៅ​តុលាការ​ទារ​ជំងឺ​ចិត្ត​១ម៉ឺន​ដុល្លារ

ប៉ូលិស​៧​នាក់​វាយ​ទាហាន​ម្នាក់​, ៥​ខែ​ហើយ​អត់​ដោះស្រាយ​ ដាក់​បណ្ដឹង​ទៅ​តុលាការ​ទារ​ជំងឺ​ចិត្ត​១ម៉ឺន​ដុល្លារ



ប៉ោយប៉ែត​ ៖ ​​​ប៉ូលិស​ផ្កាយ​ពីរ​ម្នាក់​ បាន​បញ្ជា​ឲ្យ​កូនចៅ​វាយ​ទាហាន​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់​ដោយសារ​​តែ​​ទាហាន​នោះ ​ថតរូប​អស់​លោក​ប៉ូលិស ​ដែល​បើក​រថយន្ត​ឆ្លងកាត់​ខ្សែ​ត្រៀម​ជួរមុខ។

ជនរងគ្រោះ​ឈ្មោះ​សុខ​ ចំរើន​ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ មាន​​ឋានៈ​អនុសេនីយ៍ត្រី ​​និង​ជា​មេបញ្ជាការ​កងអនុសេនាតូច​ទី​១ ​កងអនុសេនាធំ​ទី​២ ​រវៈ​សេនា​តូច​លេខ​៥១៥​ចំណុះ​ឲ្យ​កងពលតូច​លេខ​៥១ ​ប្រចាំ​នៅ​គោលដៅ​ច្រក​បង្គោល​ឡាក់ ​លេខ​៤៣​ស្ថិត​ក្នុង​ឃុំ​អូ​បី​ជាន់ ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។

ជនរងគ្រោះ​​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ខ្លួន​ និង​យុទ្ធជន​ម្នាក់​ទៀត​ បាន​ដើរ​ល្បាត​ចុះ​ឡើង​តាម​ខ្សែ​ត្រៀម​ លុះ​មកដល់​ម៉ោង​៣​រសៀល​​​ថ្ងៃ​ទី​២ ​ខែ​មករា​ ឆ្នាំ​២០១៦​ ​ស្រាប់​តែ​មាន​រថយន្ត​ពីរ​គ្រឿង ​ដែល​ស្គាល់​ថា​ ជា​រថយន្ត​របស់​ប៉ូលិស​​ ទី១.​​​​ម៉ាក​LEXUS 470​ ពណ៌​ស្ករ​ ទី២.​​​ម៉ាក​FORD​ ពណ៌​ប្រផេះ​ ជិះ​គ្នា​៧​នាក់​ដឹកនាំ​ ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ទឹម​ ទុំ​ អនុ​បញ្ជាការ​ភូមិភាគ​៥​ ប្រចាំ​ក្នុង​អង្គភាព​វរៈ​ការពារ​ព្រំដែន​គោក​៩១១​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ ឆ្លង​កាត់​ខ្សែ​ត្រៀម​ជួរ​មុខ។ ឃើញ​ដូច្នេះ​​​ខ្លួន​បាន​យក​ទូរស័ព្ទ​មក​ថតរូប​ដើម្បី​ទុក​រាយ​ការណ៍​ជូន​មេ។ មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​​​ប៉ូលិស​ដឹកនាំ​ដោយ​លោក​ទឹម​ ទុំ​បាន​ឈប់​រថយន្ត​ ហើយ​មក​បោច​សក់​វាយ​មក​លើ​រូបលោក​រហូត​មាន​របួស​គ្រាំ​ក្នុង​ និង​គ្រេច.ក​ដៃ​ផង​ដែរ។ លើស​ពី​នេះ​ ក្រុម​ជន​បង្ក​បាន​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​​ខ្លួន​បោក​ និង​បំផ្លាញ​រូបភាព​ចោល​ទាំង​អស់ ហើយ​ប្រគល់​ទូរស័ព្ទ​ទាំង​បែក​កញ្ចក់​ជូន​លោក​វិញ។ ក្រោយ​មក​ក្រុម​ជន​បង្ក​នោះ​បាន​បើក​រថយន្ត​រត់​ចូល​បន្ទាយ​វរៈ​៩១១​វិញ​ យ៉ាង​រំភើយ​បំផុត។

ជនរងគ្រោះ​បន្ត​ថា ​ករណី​នេះ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅតាម​ខ្សែ​រយៈ​ពី​វរៈ​សេនា​​តូច​៥១៥​រហូតដល់​កងពល​៥១។ តែ​រហូត​​​មក​ដល់​ពេលនេះ​គឺ​មាន​រយៈពេល​៥​ខែ​មក​ហើយ ​គឺ​ចាប់ពី​ខែ​មករា​មកដល់​ខែ​ឧសភា​នេះ ​ដោយ​គ្មាន​ឃើញ​ដំណោះស្រាយ​នោះ​ទេ។

ប្រភព​បន្ត​ទៀត​ថា ​លោក​បាន​ចំណាយ​ថវិកា​​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​​ ហើយ​ឥឡូវ​នេះ​លោក​បាន​មក​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ហើយ​ ដើម្បី​ទារ​សំណង​១​ម៉ឺន​ដុល្លារ​​ ​ដោយ​មិន​បាច់​មេ​ធ្វើ​អន្តរាគមន៍​នោះ​ទេ។
លោក​ឃូ​ ជឿន​ មេ​វរៈ​សេនា​តូច​៥១៥​ បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ដាក់​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ហើយ ​មិន​ទាន់​មានការ​ដោះស្រាយ​​​​នៅ​ឡើយ។ រឿង​នេះ​គឺ​ថ្នាក់លើ​ និង​ថ្នាក់លើ​ជា​​អ្នក​ដោះស្រាយ​ទាំង​អស់​ ខាង​លោក​ក៏​អត់​ដឹង​អី​នោះ​ទេ ​ហើយ​ការ​ដែល​លោក​ប៉ូលិស​វាយ​កូនចៅ​នោះ​គឺ​គេ​ឆ្លើយ​ថា​ស្មាន​តែ​អ្នក​កាសែត​ទើប​ព្រួត​គ្នា​មក​វាយ​បែបនេះ។

លោក​ផ្កាយ​ពីរ​ទឹម​ទុំ​មេ​ប៉ូលិស​ជើង​ខ្លាំង​ខាង​វាយដំ​កាប់​ចាក់​ដូច​ក្មេង​ទំនើង​បាន​បំភ្លឺ​ថា​ ខាង​លោក​មិន​បាន​វាយ​ទៅលើ​ទាហាន​ឡើយ​ គឺ​គ្រាន់តែ​​​ឆក់​យក​ទូរស័ព្ទ​ប៉ុណ្ណោះ ​ហើយ​រឿង​នេះ​​​លោក​បាន​ដោះស្រាយ​គ្នា​ជាមួយ​មេៗ​ទាំង​សង្ខាង​អស់​ហើយ​បើ​ខាង​រងគ្រោះ​ចង់​ប្តឹង​ដល់​ណា​គឺ​លោក​អត់​ដឹង​ទេ​សូម​អគុណ​ផង៕