បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង នៅតែ​រាលដាល​ពេញ​ក្រុង​បាត់ដំបង

ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​ផ្សេងៗ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់វិធានការ​ដោះស្រាយ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនទាន់​សម្រេច​ដក​លោក យឹម វិចិត្រ ចេញពី​តំណែង​អធិការនគរបាល​ក្រុង​បាត់ដំបង​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ដោយសារតែ​លោក ស ថេត បន្ត​ឱបក្រសោប​មន្ត្រី​ពុករលួយ​ខិលខូច​បែបនេះហើយ​ទើប​បទល្មើស​ផ្សេងៗ និង​បទល្មើស​គ្រឿងញៀន​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​បាត់ដំបង​។

កាលពី​ថ្ងៃរសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដោយ​បង្ក្រាប​ជាក់ស្តែង​តែម្តង​នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ទាក់ទង​ទៅនឹង​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ គឺជា​ភស្តុតាង​បង្ហាញថា លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​នោះទេ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​៧​កញ្ចប់​តូច ទូរស័ព្ទ​៦​គ្រឿង ម៉ូតូ​២​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។

ប្រភព​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​វត្ត​គរ និង​សង្កាត់​ផ្សេងៗ​ទៀត​នៃ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ល្បែងស៊ីសង​នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក ជាពិសេស​ល្បែងភ្នាល់​ទឹកភ្លៀង និង​កន្ទុយលេខ​ជាដើម​។ មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ថា​លោក យឹម វិចិត្រ មិន​ត្រឹមតែ​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ គឺ​ថែមទាំង​បញ្ជា​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន​ដើរ​ប្រមូល​លុយ​ពី​មេ​ល្បែងស៊ីសង​ទៀតផង​។ បញ្ហា​នេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង​ពុំមាន​ការថយចុះ​នោះទេ​៕

02_23_2016_03_01_4712721778_1059254710800364_1486362405_nលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង b d