លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​ក្នុង​ការចរចា​ដោះស្រាយ​បញ្ហា​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល លោក អេង ឆៃអ៊ាង នៅ​ដើម​សប្តាហ៍​នេះ បាន​ថ្លែង​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជាមាន​ឆន្ទៈ​ចរចា​ដែរនោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ក្នុងការ​ទាក់ទង​ទៅ​គណបក្ស​ប្រជាជន​តាមរយៈ​លេខ​ទូរស័ព្ទ​ដើម្បី​ជួបចរចា​។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ការទាក់ទង​មួយចំនួន​តាម​លេខ​ទូរស័ព្ទ​ដែល​គណបក្ស​ប្រជាជន​បានផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេលមុន​គឺ​ត្រូវបាន​កាត់ផ្តាច់​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​មានបំណង​ចង់​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដទៃៗ​។ វា​គ្មាន​បញ្ហា​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្វែងរក​យន្ត​ការធ្វើការងារ​រប​ស់​ខ្លួន​ហើយ​គោលបំណង​នៃ​វប្បធម៌​សន្ទនា គឺជា​យន្តការ​មួយ​ដែល​គណបក្ស​នឹង​ប្រើប្រាស់​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ការទាក់ទង​គ្នា​ទៅវិញទៅមក​អាចធ្វើ​បាន​វា​មិនមែន​ជាការ​ថោកទាប​ណាមួយ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ​តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាចទាក់ទង​យ៉ាងម៉េច​ទៅ​? ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​ដោយ​ងាយស្រួល​ទេ​។​

​ខណៈដែល​លោក អេង ឆៃអ៊ាង បានលើកឡើង​ពី​ឧបសគ្គ​ក្នុងការ​ទាក់ទង​ដើម្បី​ផ្តើម​ការចរចា​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក យឹម សុវណ្ណ ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​បន្ត​វប្បធម៌​សន្ទនា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហានយោបាយ​ដែល​កំពុង​កើតឡើង​ដោយសារតែ​មើលឃើញថា​ស្ថានការណ៍​នយោបាយ​បែបនេះ​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ជាតិ​ឡើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ដូចដែល ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ផ្តល់ព័ត៌មាន​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺថា​លោក​ប្រធានស្តីទី​បាន​ព្យាយាម​ទាក់ទង​ចរចា ប៉ុន្តែ​មិនដឹងថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​យ៉ាងម៉េច​នោះទេ​។ គណបក្ស​ប្រជាជន​ចង់​ចរចា ឬ​អត់​គណបក្ស​សង្គ្រោះ​ជាតិ​មិនដឹង​ច្បាស់​ទេ​៕

3754_11