សេចក្តីសម្រេច​ចុង​ក្រោយ​របស់​សមាជ​បក្ស​ពលករ​កូរ៉េ​លើក​លោក​គី​ម ជុង​អ៊ុ​ន ខ្ពស់​បំផុត

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​សម្រេច​ចុង​ក្រោយ​ក្នុង​ពេល​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ​កូរ៉េ ដោយ​លើក​លោក​គី​ម ជុង​អ៊ុ​ន ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ការពារ​ជាតិ​ឱ្យ​កាន់​តំណែង​ជាន់ខ្ពស់​បំផុត ។

សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជ​លើក​ទី​៧​រយៈពេល​៣​ថ្ងៃ​របស់​បក្ស​ពលករ​កូរ៉េ រួច​ចាត់​ទុក​កូរ៉េ​ខាងជើង​ថា ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ធានា​ថា ប្រទេស​នេះ​នឹង​ពុំ​ប្រើប្រាស់​មុនគេ​ឡើយ នូវ​មធ្យោបាយ​នុយក្លេអ៊ែរ ប្រសិនបើ​ពួក​សត្រូវ​ពុំ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​ទេ​នោះ ។

ទន្ទឹម​នឹង​ផ្តល់​លក្ខន្តិកៈ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ សេចក្តី​សម្រេចចិត្ត​នេះ​បញ្ជាក់​ថា កូរ៉េ​ខាងជើង​នឹង​គោរព​កាតព្វកិច្ច​មិន​សាយភាយ​នុយក្លេអ៊ែរ​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ។

សេចក្តីសម្រេច​ចិត្ត​បន្ត​ថា គេ​ត្រូវ​ធ្វើការ​តស៊ូ​យ៉ាង​ខ្លាំង​មួយ ដើម្បី​ការពារ​សន្តិភាព​ក្នុង​តំបន់ និង​លើ​ពិភពលោក ដោយ​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​សហរដ្ឋ​អា​េ​ម​រិ​កតាម​រយៈ​កម្លាំង​នុយក្លេអ៊ែរ​គួរ​ឱ្យ​ជឿជាក់​របស់​យើង ។

យោង​តាម​សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ​ថា កូរ៉េ​ខាងជើង​នឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ទំនោរ​ចិត្ត​ចំពោះ​ប្រទេស​យើង​ដោយ​កែ​លម្អ និង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​គ្នា ។

ទាក់ទិន​នឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ ធ្វើការ​កត់​សម្គាល់ថា យើង​ទាមទារ​ឱ្យ​មានការ​បង្រួបបង្រួម​ក្រោម​ប្រព័ន្ធ​សហព័ន្ធ​មួយ ហើយ​យើង​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា​សម្រាប់​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី ក៏​ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ទទូច​ឱ្យ​មានការ​បង្រួបបង្រួម​ក្រោម​ប្រព័ន្ធ​នយោបាយ​តែ​មួយ រួច​ជ្រើសរើស​យក​ផ្លូវ​សង្គ្រាម នោះ​យើង​នឹង​រំលាយ​កងកម្លាំង​ប្រឆាំង​ការ​បង្រួបបង្រួម​ដោយ​ពុំ​ត្រា​ប្រណី ដើម្បី​ឈាន​ទៅ​សម្រេចការ​បង្រួបបង្រួម​មាតុភូមិ​យើង ។

KCNA រាយការណ៍​ថា សេចក្តីសម្រេច​ចុង​ក្រោយ​នេះ​គូសបញ្ជាក់​ថា បក្ស​ពលករ​លើក​សម​មិត្ត​គី​ម ជុង​អ៊ុ​ន ឱ្យ​កាន់​តំណែង​ជាន់ខ្ពស់​បំផុត​នៃ​បដិវត្តន៍ JUCHE ហើយនឹង​ធ្វើការ​តស៊ូ​បដិវត្តន៍​របស់​ប្រជាជន ព្រមទាំង​អនុវត្ត​បណ្តា​គម្រោង​កសាង​ប្រទេស​ឱ្យ​បាន​ជោគជ័យ ប្រកបដោយ​ការ​ជឿជាក់ ៕