Welbeck រង​របួស​អំឡុង​ពេល​ប្រកួត​ជាមួយ Man City បង្កើត​មន្ទិល​ពី​ការ​ចូលរួម​ប្រកួត Euro​ឱ្យ​ក្រុម​ជម្រើសជាតិ

ខ្សែប្រយុទ្ធ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Danny Welbeck ត្រូវ​បង្ខំចិត្ត​ប្តូរ​ចេញ​ក្នុង​តង់​ទី​១​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លិប​មេឃ​ខៀវ Man City កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ដោយសារ​បញ្ហា​របួស​ជង្គង់ ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ហាក់ដូចជា​ឈឺជង្គង់​ខាងស្តាំ​ដោយ​ខ្លួនឯង​ខណៈ​កំពុង​តែ​ព្យាយាម​គ្រប់គ្រង​បាល់​មិន​ឱ្យ​កីឡាករ Bacary Sagna ដណ្តើម​បាន ។ ក្រោយ​ពី​ទទួល​ការ​ព្យាបាល​បន្ទាន់​រួច​មក Welbeck ក៏​ព្យាយាម​លេង​បន្ត តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង កីឡាករ​រូប​នេះ​ក៏​សម្រេចចិត្ត​ដើរ​ចេញពី​ទីលាន​ប្រកួត​តែ​ម្តង ។

វា​ហាក់ដូចជា​សុបិន​អាក្រក់​មួយ​សម្រាប់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson ដែល​បាន​ប្រកាស​ថា កូនក្រុម​ជម្រើសជាតិ​របស់​លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត European Championship ហើយ​លោក​ក៏​រំពឹង​ថា នឹង​បាន​រាប់​បញ្ចូល​ទាំង​កីឡាករ Welbeck នៅ​ស​ប្តា​ហ៍​ក្រោយ​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​បារាំង​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​រង​របួស​ជង្គង់​ម្តង​រួច​មក​ហើយ​កាលពី​ចុងឆ្នាំ​២០១៥ និង​បាន​ចូល​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៦ ដោយ​ជួយ​ក្លិប​របស់​លោក​យកឈ្នះ​ក្លិប Leicester ក្នុង​លទ្ធផល ២-១ ។

បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​គ្រូបង្វឹក​ក្លិប Arsenal លោក Arsene Wenger បាន​និយាយ​ថា កីឡាករ Welbeck បាន​រង​របួស​ជង្គង់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ស្ថានភាព​របស់​គាត់​ទេ ។ ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូប​នេះ បាន​បដិសេធ​មិន​ទាន់​បញ្ឈប់ Welbeck មិន​ឱ្យ​ចូលរួម​ប្រកួត European Championship ទេ ដោយ​គ្រាន់តែ​លោក​យល់​ថា​ស្ថានភាព​របួស​របស់​កីឡាករ​រូប​នេះ​ហាក់ដូចជា​មិនសូវ​ល្អ​ទេ​។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មានការ​បារម្ភ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​អំពី​ការ​ប្រកួត​នៅ Euro ទេ ។ សង្ឃឹមថា មិន​មានរឿង​អាក្រក់​កើតឡើង​ទៅ​ចុះ​»​។