ឪពុក​ចុង​គំរាម​រំលោភ​​​កូនស្រី​រហូត​មាន​ផ្ទៃពោះ​ទើប​បែក​ការណ៍

ឪពុក​ចុង​គំរាម​រំលោភ​​​កូនស្រី​រហូត​មាន​ផ្ទៃពោះ​ទើប​បែក​ការណ៍



តាកែវ​ ៖​ ឪពុក​ចុង​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនស្រី​​​ខ្លួនឯង​ជាច្រើន​ដង​រហូត​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ញាតិ​ជិតខាង​ ពិសេស​ម្ដាយ​បង្កើត​ស្ទើរ​ក្អួត​ឈាម​ ដោយសារ​ប្ដី​ចិត្ត ​តិរច្ឆាន​គ្មាន​ការ​ខ្មាសអៀន​ហ៊ាន​ធ្វើអំពើ​អមនុស្សធម៌​ដាក់​កូន​ខ្លួនឯង។

បើ​តាម​សម្ដី​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​ខ្លួន​មានការ​សង្ស័យ​លើ​កូនស្រី​មាន​ពោះ​ចេះតែ​ធំ​ទៅៗ ហើយ​ស្រប​ពេល​ដែល​ប្តី​ត្រូវជា​ឪ​ចុង​មិន​នៅផ្ទះ​ផង​នោះ ក៏​ល្បួងលួងលោម​កូនស្រី​របស់​ខ្លួន​សួរ​ដេញដោល​ទើប​ដឹង​រឿង​ឪ​ចុង​ចាប់រំលោភ​នេះ​តែម្តងទៅ។ ក្រោយពី​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បានដឹង​អំពី​ករណី​នេះ​ហើយ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ឲ្យ​ចាប់​ប្តី​ចិត្ត​តិរច្ឆាន​ចាត់ការ​តាមច្បាប់។ យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​ស្រុក​បាទី ​ដែល​បាន​បញ្ជូន​សំណុំរឿង​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា រឿន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បាន​មក​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ប្តី​របស់​ខ្លួន​ឈ្មោះ ឯក រិ​ទ្ធ ពី​បទ​រំលោភ​សេពសន្ថវៈ និង​គំរាម​សម្លាប់ ទៅលើ​កូនស្រី​របស់ខ្លួន​ឈ្មោះ ប.ស.ឡ អាយុ​១៥​ឆ្នាំ ជាច្រើន​ដង​រហូត​មាន​ផ្ទៃពោះ។

ចំណែក​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ដល់​សមត្ថកិច្ច​ស្រុក​បាទី​ថា ឪ​ចុង​របស់ខ្លួន​ឈ្មោះ ឯក រិ​ទ្ធ បាន​ចាប់រំលោភ​សេពសន្ថវៈ​មកលើ​នាង​ជា​ច្រើនដង​ចាប់តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៥​មកម្ល៉េះ ហើយ​តែងតែ​គំរាម​សម្លាប់ចោល​ទាំង​កូន​ទាំង​ម្តាយ​ បើ​ហ៊ាន​ប្រាប់​ម្តាយ​និង​អ្នកដទៃ។ ដោយ​ខ្លួន​ខ្លាច​ការ​គំរាម​របស់​ឪ​ចុង​សម្លាប់ចោល​នេះហើយ​ ទើប​មិន​ហ៊ាន​ប្រាប់​ម្តាយ ​និង​អ្នកដទៃ លុះ​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ម្ដាយ​របស់​ខ្លួន​លួងលោម​សួរនាំ​រឿង​ពោះ​ចេះតែ​ធំ​ទៅៗ ទើប​ដឹង​រឿង​នាង​ត្រូវ​ឪ​ចុង​រំលោភ​រហូត​មាន​ផ្ទៃពោះ​នេះ​តែ​ម្តង​ទៅ។ ដោយឡែក​ឪ​ចុង​ឈ្មោះ​ឯក រិ​ទ្ធ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង​ខ្លួនឯង​មែន តែ​មិនបាន​គំរាម​សម្លាប់​នោះទេ​។ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​រួចមក កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​បាន​ចុះ​ចាប់​ជនសង្ស័យ​មក​សួរនាំ​ និង​បាន​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕
ឪពុក​ចុង​គំរាម​រំលោភ​​​កូនស្រី​រហូត​មាន​ផ្ទៃពោះ​ទើប​បែក​ការណ៍