ភព MERCURE បាំង​ជាមួយ​ព្រះអាទិត្យ​ចាប់ពី​ម៉ោង​11​និង​12​នាទី​ម៉ោង​សាកល​ទៅ

MERCURE ជា​ភព​ដ៏​តូច​បំផុត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​នា​ថ្ងៃ​ទី​៩ ឧសភា ត្រូវ​ស្ថិត​នៅ​ចន្លោះ​ភព​ផែនដី និង​ព្រះអាទិត្យ​ដែល​នោះ​ជា​បាតុភូត​យ៉ាង​កម្រ​មួយ​ដែល​នឹង​អាច​មើលឃើញ​ជា​ពិសេស​នៅ​អឺរ៉ុប​ខាងលិច ព្រមទាំង​នៅ​អា​​មេ​រិ​ក​ខាងជើង និង​អា​មេ​រិ​ក​ខាងត្បូង ។

ព្រឹត្តិការណ៍​មួយ​បែប​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ ។ នៅ​បារាំង​បាតុភូត​នេះ​ពុំ​ធ្លាប់​មើលឃើញ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ នោះ​បណ្តា​អ្នកតា​មមើ​លអាច​តាមដាន​ការ​គោចរ​នៃ​ភព MERCURE ដែល​នឹង​លេច​រូបរាង​ជា​ឌី​ស​ពណ៌​ខ្មៅ​យ៉ាង​តូច​មួយ​ដែល​ដើរ​កាត់មុខ​ព្រះអាទិត្យ ។ ដើម្បី​អាច​មើលឃើញ​ទស្សនីយ​ភាព​​នេះ​គេ​ត្រូវ​ដាក់​បណ្តា​ឧបករណ៍​មើល​ផ្កាយ រួច​គេ​ក៏​អាច​តាមដាន​មើល​តាម​អុ​ី​ន​ធើ​រ​ណេ​ត ដោយសារ​ស្ថាប័ន​វិទ្យាសាស្ត្រ​ផ្សេង​ៗ ។

ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​១១​និង​១២​នាទី​ម៉ោង​សាកល​ទៅ ហើយនឹង​បញ្ចប់​នា​វេលា​ម៉ោង​១៨​និង​៤២​នាទី​ម៉ោង​សាកល ។ វា​នឹង​អាច​មើលឃើញ​ក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក បើ​លក្ខខណ្ឌ​ឧតុនិយម​អំណោយផល ។ ឧទាហរណ៍​សម្រាប់​ប្រទេស​បារាំង​ប្រហែលជា​មិន​អាច​មើលឃើញ​ឡើយ ។

លោក PASCAL DESCAMS តារាវិទូ បារាំង អះអាង​ប្រាប់ AFP ថា បាតុភូត​នេះ​ដែល​នឹង​មាន​រយៈពេល​៧​ម៉ោង​កន្លះ ជា​បាតុភូត​ដ៏​កម្រ ព្រោះ​វា​ជា​ការ​បាំង​គ្នា​ស្ទើរ​ទាំងស្រុង​រវាង​ព្រះអាទិត្យ ភព MERCURE និង​ភព​ផែនដី ។ អាថ៌​កំបាំង​នៃ​ភព MERCURE វា​ជា​ភព​មួយ​ស្ថិត​នៅ​ក្បែរ​ព្រះអាទិត្យ​ជាងគេ ។ វា​ជា​ភព​តូច​មាន​វិ​ជ្ជ​មាត្រា​ត្រឹម​៤.៧៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​ភព​នេះ​វិល​លឿន​បំផុត​ត្រឹម​៨៨​ថ្ងៃ​ជុំវិញ​ព្រះអាទិត្យ ។ បាតុភូត​បែប​នោះ​នឹង​អាច​កើត​មាន​ទៀត​នា​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ក្នុង​ខែឧសភា ឆ្នាំ​២០៤៩។

ភព MERCURE វិល​ជុំវិញ​ខ្លួនឯង​យ៉ាង​យឺត​បំផុត ។ សីតុណ្ហភាព​លើ​ភព​នេះ មាន​រវាង​ដក​១៧៣​អង្សា​សេ ទៅ​បូក​៤២៧​អង្សា​សេ ។

ពេល​ភព MERCURE បាំង​ព្រះអាទិត្យ​គេ​នឹង​ឃើញ​ចំណុច​ខ្មៅ​តូច​មួយ​កាត់​ព្រះអាទិត្យ​ពីឆ្វេង​ទៅ​ស្តាំ ៕