ពី​មុន​កម្រ​​មាន​ណាស់ ឥឡូវ​គ្រោះថ្នាក់​ញឹកញាប់ណាស់

ខេត្តកំពត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចម្លែក និង​កម្រ​មាន​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​បុរស​២​នាក់​បាន​ស្លាប់ ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ភ្លើង​ដែល​កំពុង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន ១-​ឈ្មោះ តយ វណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាថា​វង្ស​លើ ឃុំ​ត្រពាំង​សាលា​ខាងលិច និង ២-​ឈ្មោះ ផាប់ សា​វិ​ន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយ​មាន ខេត្តកំពត ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​​ជាង​១០​យប់ ថ្ងៃ​ទី​៧​ឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​បុក​រថភ្លើង​ដែល​កំពុង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣១​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​រហូត​មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​បាន​ស្លាប់​ដែរ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ៕