ភ្លើងឆេះដល់ថ្នាក់នេះហើយ បើមិនលោត ទើបចម្លែក! (មានវីដេអូ)

វៀតណាម៖ វាជាទិដ្ឋភាពជាក់ស្តែងមួយ ដែលទើបនឹងកើតឡើង និងថតជាប់បាន នាពេលថ្មីៗនេះ នៅពេលអ្នកទេសចរ ត្រូវបង្ខំចិត្តលោតចូលទឹក ទាំងត្រដាបត្រដួស និងស្លន់ស្លោ ដោយសារតែកប៉ាល់កម្សាន្ត ដែលពួកគេជិះ ស្រាប់តែត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅឯតំបន់កម្សាន្តមួយក្នុងប្រទេសវៀតណាម។ នាវាកម្សាន្តដឹកអ្នកទេសចរ ធុនធំមួយ ត្រូវគេស្គាល់ឈ្មោះថា Aphrodite Cruise Ship ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលចតនៅផែសមុទ្រក្នុងតំបន់កើតហេតុខាងលើ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នាវាកម្សាន្តមួយនេះ មានដឹកអ្នកដំណើរទេសចរ មិនក្រោម៤០នាក់ឡើយ ដោយក្នុងនោះភាគច្រើន គឺអ្នកទេសចរមកពី តៃវ៉ាន់, បារាំង, ស្វីស, អង់គ្លេស, ញូវហ្សេឡែន, កូរ៉េ និងឥណ្ឌា ហើយក៏ជាសំណាងល្អផងដែរ ដោយគ្មានអ្នកណា រងគ្រោះថ្នាក់ដល់ជីវិត ពោលគឺគ្រាន់តែមានអ្នករបួសស្រាល ៤នាក់ប៉ុណ្ណោះ។

របាយការណ៍ដែលបានមកពី កាសែតវៀតណាម VN Express បានរាយការណ៍មកថា ក្រោយកើតហេតុមិនយូរប៉ុន្មាន ពោលគឺ៩នាទីក្រោយមក នាវាកម្សាន្ត Aphrodite Cruise Ship ត្រូវបានលិចចូលក្នុងសមុទ្របាត់តែម្តង។

លោក Vu Van Duong នាយរងប៉ូលិសប្រចាំតំបន់ Quang Ninh បាននិយាយថា “មូលហេតុដែលនាំឲ្យ មានអគ្គីភ័យឆេះនាវាកម្សាន្តនេះ គឺអាចបណ្តាលមកពី ភ្លើងដែលបង្កឡើង នៅក្នុងផ្ទះបាយ ឬក៏មានអ្នកបោះចោលកន្ទុយបារី ដោយធ្វេសប្រហែស តែយ៉ាងណាមិញ ការស៊ើបអង្កេត ជុំវិញករណីនេះ កំពុងតែធ្វើឡើងហើយ ដើម្បីស្វែងរកមូលហេតុ ពិតប្រាកដ”។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលជាម្ចាស់នាវាបង្កអគ្គីភ័យខាងលើ បានធ្វើការប្រកាសសងជម្ងឺចិត្ត និងថ្លៃព្យាបាល ដល់អ្នកដំណើរដែលបាន ជួបហេតុការណ៍អាក្រក់នោះផងដែរ៕

តោះចង់ដឹងថាតើ អ្នកដំណើរទាំងនោះ ប្រឹងលោតដើម្បីគេចពីគ្រោះថ្នាក់ គួរឲ្យតក់ស្លុត យ៉ាងណានោះ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ វីដេអូមួយដែលបាន  បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការចាប់អារម្មណ៍ ដោយក្នុងនោះគឺបានបង្ហាញ នូវសកម្មភាពរបស់ស្ត្រី ជាម្តាយម្នាក់ បានចាប់កូន៣នាក់ ទម្លាក់ពីលើអគារខ្ពស់មួយ ដែលកំពុងមានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅឯទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយក្នុងនោះមានស្ត្រីជាម្តាយម្នាក់ ឈ្មោះថា Precious Enyioko អាយុ៣០ឆ្នាំ រួមនឹងកូនតូចៗទាំង៣ ដែលមានអាយុ៧ខែ, ៣ឆ្នាំនិង ៤ឆ្នាំ បានជាប់គាំង នៅក្នុងជាន់ទី៤ នៃអគារដែលកំពុង តែឆេះយ៉ាងសន្ធោសន្ធៅ។

ជាសំណាងល្អផងដែរ នៅពេលកើតហេតុភ្លាមៗ ក្រុមទាហានជើងអាកាស របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្បែរនោះ ក៏បានប្រញាប់ចេញទៅ កាន់ទីតាំងកើតហេតុ ដើម្បីជួយសង្រ្គោះផងដែរ ហើយក្រោយមកពួកគេ ក៏បានស្រែកប្រាប់ ឲ្យស្ត្រីជាម្តាយ ទម្លាក់កូនតូចៗចុះមកក្រោម ដោយមានមនុស្សច្រើន យកភួយក្រាស់មកចាំទទួល ដោយទិដ្ឋភាពទាំងមូល ពិតជាគួរឲ្យតក់ស្លុត ខ្លាំងមែនទែន។

ជាចុងក្រោយ ទាំងម្តាយទាំងកូន សុទ្ធតែទម្លាក់ខ្លួនមកក្រោម បានដោយសុវត្ថិភាព និងគេចផុតពីអណ្តាតភ្លើង ដែលកំពុងតែឆាបឆេះ។

ជាមួយគ្នានេះដែរ Enyioko បាននិយាយថា “វាពិតជារឿងពិបាក ដែលខ្ញុំត្រូវសម្រេចចិត្ត ទម្លាក់កូនទាំងអស់ ចុះពីលើជាន់ទី៤ តែស្ថានភាពពេលនោះ គឺអាក្រក់ខ្លាំងណាស់ ហើយនៅពេលដែលខ្ញុំ បានឃើញមនុស្សនៅខាងក្រោម ភាគច្រើនសុទ្ធតែជាទាហាន ខ្ញុំក៏មានអារម្មណ៍ ធូរស្រាលជាងមុន”។

គូសបញ្ជាក់ផងដែរថា អគ្គិភ័យគឺជា ហេតុការណ៍ដ៏អាក្រក់មួយ ដែលឧស្សាហ៍កើតមានឡើង ជារឿយៗ ហើយសម្រាប់ករណីនេះដែរ មនុស្សជាច្រើន រួមទាំងបុរសត្រូវជាប្តី Enyioko បានធ្វើការអរគុណ ដល់ការជួយសង្រ្គោះ របស់កងកម្លាំង ទាហានសហរដ្ឋអាមេរិក ដែលបានចេញប្រតិបត្តិការភ្លាមៗ ក្នុងការសង្រ្គោះដល់ ជនរងគ្រោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លើងឆេះដល់ថ្នាក់នេះហើយ បើមិនលោត ទើបចម្លែក! (មានវីដេអូ)
នាវាកំសាន្ត Aphrodite Cruise Ship ដែលត្រូវភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ

ភ្លើងឆេះដល់ថ្នាក់នេះហើយ បើមិនលោត ទើបចម្លែក! (មានវីដេអូ)

ភ្លើងឆេះដល់ថ្នាក់នេះហើយ បើមិនលោត ទើបចម្លែក! (មានវីដេអូ)