គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ឧសភា អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) មួយ​នេះ សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យាយី​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​នានា​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បើ​សិន​រក​ឃើញ​ថា ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​បំពាន​ច្បាប់។ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​បាប និង​គំរាម​កំហែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​បន្ត​ទៀត និង​ត្រូវ​គោរព​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​រដ្ឋ​ភាគី ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។

ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ នៃ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ស្រប​ពេល​ដែល​កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​តាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ពី​ការ​យាយី​ដោយសារ​ការ​បំពេញ​ការងារ​របស់​ខ្លួន ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ពេល​នេះ បង្ហាញ​ឲ្យ​ឃើញ​រឹត​តែ​ច្បាស់​ពី​ចេតនា​របស់​រដ្ឋាភិបាល ក្នុង​ការ​បំភិតបំភ័យ និង​បំបិទ​សំឡេង​របស់​សង្គម​ស៊ីវិល ដែល​លោក​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​ជា​ថ្មី​ឡើង​វិញ។

ការ​ទទូច​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ស្រប​ពេល​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជិត ១០​នាក់​បន្ថែម​ទៀត ក្នុង​ពេល​ពួក​គេ​ជួប​ជុំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ..ប ១​រូប​ដែល​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។