កូរ៉េ​ខាង​ជើង​បាន​ប្តេជ្ញា​ថា​ នឹង​មិនប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ លុះត្រា​ណា​តែមាន​ការ​គម្រាម​កំហែង

ទីភ្នាក់ងារបណ្តាញព័ត៌មានរដ្ឋនៃប្រទេសកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រាប់សមាជគណបក្សកាន់អំណាចថា ប្រទេសរបស់ខ្លួន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនមិនបានទទួលរងការគំរាមកំហែងដោយមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតទេនោះ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA បានប្រាប់ឲ្យដឹងថាលោក គីម ជុងអ៊ុន ក៏មានឆន្ទៈធ្វើឲ្យមានទំនាក់ទំនងប្រក្រតីភាពឡើងវិញជាមួយរដ្ឋនានាដែលមានអារិភាពជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ហើយបានរាយការណ៍ទៀតថាលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការចរចាកាន់តែច្រើនឡើងជាមួយកូរ៉េខាងត្បូងដើម្បីកាត់បន្ថយការមិនទុកចិត្តគ្នាហើយការយល់ច្រឡំកាន់តែខ្លាំងនៅពេលអនាគត។

សេចក្តីរាយការណ៍នោះបានដកស្រង់សម្តីរបស់លោកគីមមកចុះផ្សាយថា «ក្នុងឋានៈជា រដ្ឋនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវ សាធារណរដ្ឋរបស់យើង នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរបស់យើង មិនរងការឈ្លានពានពីកងកម្លាំងអារិភាពដោយអាវុធនុយក្លេអ៊ែរទេ‍»។

គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការសន្យារបស់លោកគីម ចង្អុលបង្ហាញពីការផ្លាស់ប្តូរណាមួយនូវគោលជំហររបស់កូរ៉េខាងជើងចំពោះប្រទេសជិតខាងរបស់ខ្លួននិងសហរដ្ឋអាមេរិកដែរឬទេ។ កាលពីខែមីនា កូរ៉េខាងជើងបានគម្រាមវាយប្រហារអាវុធនុយក្លេអ៊ែរ ដោយមិនរើសមុខទៅលើសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្នុងការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា។

អត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រទៅកាន់ប្រតិភូ៣.៤០០នាក់ បានកើតមានឡើងនៅពេលដែលកូរ៉េខាងត្បូងឃ្លាំមើលប្រកបដោយការប្រុងប្រយ័ត្នខ្ពស់លើការគម្រាមកំហែងនៃការសាកល្បងទាក់ទិននឹងអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើងនៅពេលអានាគតឆាប់ៗនេះ។

អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីខែមីនា បន្ទាប់ពីការសាកល្បងលើកទី៤របស់រដ្ឋកុម្មុយនិស្តនេះនិងការបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយឆ្ងាយដែលត្រូវបានគេមើលជាទូទៅឃើញថា ជាការលាក់បំបាំងការសាកល្បងកាំជ្រួចមីស៊ីលប៉ាលីស្ទិក៕

កូរ៉េ​ខាង​ជើង​បាន​ប្តេជ្ញា​ថា​ នឹង​មិនប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ លុះត្រា​ណា​តែមាន​ការ​គម្រាម​កំហែងលោក គីម ជុងអ៊ុន (ខាងលើ) មេដឹកនាំកូរ៉េខាងជើង បានប្រាប់សមាជគណបក្សកាន់អំណាចថា ប្រទេសរបស់ខ្លួន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនមិនបានទទួលរងការគំរាមកំហែងដោយមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតទេនោះ។

ប្រភពៈ VOA