សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួល​ព្រះ​រាជូបត្ថម្ភ​ទឹកប្រាក់ សរុប​ចំនួន ២​ម៉ឺន​ដុល្លារ ពី​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួល​ព្រះ​រាជូបត្ថម្ភ​ទឹកប្រាក់ សរុប​ចំនួន ២​ម៉ឺន​ដុល្លារ ពី​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ

ភ្នំពេញ ​៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវ​រាជមាតា​ជាតិខ្មែរ សម្រាប់​ព្រះ​រាជូបត្ថម្ភ ទឹកប្រាក់​សរុប​ចំនួន​២​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ប្រារព្ធ​មីទីង​ថ្នាក់​ជាតិ អបអរ​ខួប​លើក​ទី​១៥៣ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ តាមរយៈ​សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​។​

យោង​តាម​សារលិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ ២០១៦ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ស​រសេរ ថ្វាយ​សម្រាប់​ព្រះមហាក្សត្រ និង​ព្រះវ​រាជមាតា​ជាតិខ្មែរ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​សរសេរ​ថា “​តាងនាម​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​កាកបាទក្រហមកម្ពុជា នឹង​ប្រើប្រាស់​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្ដុ​ង្គ​ឧត្ដម​នេះ ទៅតាម​ព្រះ​រាជតម្រិះ ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជាទី​ស​ក្ការៈ​ខ្ពង់ខ្ពស់​បំផុត សម្រាប់​ជួយសង្គ្រោះ ដល់​ប្រជារាស្ត្រ​ក្រីក្រ និង​ប្រជារាស្ត្រ ​ដែល​ទទួលរង​គ្រោះ ដោយ​គ្រោះ​មហន្ដរាយ​ផ្សេងៗ នៅ​ទូទាំង​កម្ពុជា​”​។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វរមាតា​ជាតិ និង​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​តែងតែ​សព្វ​ព្រះរាជ​ហារ​ទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ ដល់​សកម្មភាព​មនុស្ស​ធម៌​រប​ស់​កាកបាទក្រហម​កម្ពុជា គ្រប់ពេលវេលា​៕