មុខសញ្ញា​ប្លន់​ប្រើ​អាវុធ ដាវ កាំបិត ដំបង គឺ​ពួក​នេះ​ហើយ

រាជធានី​ភ្នំពេញ​ ៖ ​​ករណី​​​ស្ទាក់​កាប់ វាយ ប្លន់​យក​ម៉ូតូ​ ទូរ​សព្ទ័​ដៃ កាបូប​លុយ គឺ​បង្ក​ឡើង​​ដោយ​ក្រុម​ក្មេង​ស្ទាវ​​មាន​គ្នា​ច្រើន ក្នុង​នោះ​ បាន​ប្រើ​ដាវ កាំបិត ដំបង និង​វត្ថុ​រឹង​សម្រាប់ធ្វើ​សកម្មភាពទៅ​លើ​ជន​រង​គ្រោះ ។ ដោយ​ពិនិត្យ​ឃើញ​​សកម្មភាព​បទ​ស្មើ​ល​កើត​ឡើង​​ឥត​ឈប់​ឈរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន​ ស្រ៊ា​ង មេបញ្ជាការ​រង​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស និង​ជា​​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ បាន​បន្ថែម​​ការ​យកចិត្តទុកដាក់​ប្រើប្រាស់​កំលាំង​ជំនាញ​ចេញ​ល្បាត​២៤​ម៉ោង ​លើ​២៤​ម៉ោង ដើម្បី​ទប់​ស្កាត់​​រាល់​​​​ ។

ជាក់ស្តែង ​កាលពី​ថ្ងៃ​ទី​០៦ ឧសភា កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បានធ្វើការ​​ឃាត់ខ្លួន​ចោរ​ប្លន់​​ម្នាក់ ក្នុង​ចំណោម​បក្ស​ពួក​​​៦​នាក់​ មាន​ឈ្មោះ​សា​រឹម រស្មី (​ហៅបឿន​) ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ជាប់​​សង្ស័យ​​ជា​ក្រុម​​ប្រើ​ខ្សែ​ក្រ​វាត់​​​វាយ​ទៅ​លើ​​​ជន​រង​គ្រោះ​​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX នៅ​សង្កាត់​ផ្សា​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ បន្ទាប់​មក​ទៀត​ នៅ​យប់​ថ្ងៃ​ទី​៦ ឧសភា​ ២០១៦ ​នោះ​ដែរ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​មា្ន​ក់ ជា​មេខ្លោង​ឈ្មោះហ៊ុន ណា (​ហៅ​អា​ធ្មេញ​) អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​នេះ​​ថា កន្លង​មក​ ក្រុម​គេ​ច្រើន​តែ​ធ្វើ​សកម្មភាពវាយ​សិស្សសាលា​ទួល​ទំពូង​​យក​លុយ នៅ​ក្នុង​ឆ្នាំ​២០១៦​​ថ្មី​ៗ​នេះ ពួក​គេ​​​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ចំនួន​៤​​លើក គឺ​លើក​ទី​១-វាយ​ជន​រង​គ្រោះ​យក​ទូរស័ព្ទ​ដៃ​ នៅ​ម្តុំ​អតីត​រោងកុន​គី​រី​រម្យ​, លើក​ទី​២-វាយ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​, លើក​ទី​៣-ឆក់​ខ្សែ​.កនៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ និង​លើក​ទី​៤-វាយ​ជន​រង​គ្រោះ​បែកក្បាល​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ហើយ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តែ​ម្តង ។

ចំណែក​បក្សពួក​៤​នាក់​​ទៀតដែល​​គេចខ្លួន​ ១-ឈ្មោះ​ស្នា អាយុ​១៩​ឆ្នាំ​, ២-​ឈ្មោះ​ហាំ​ង អាយុ​២៤​ឆ្នាំ​, ៣-​ឈ្មោះ​ឆាយ អាយុ​១៩​ឆ្នាំ​  និង​​៤​​-​ឈ្មោះ​តុលា មិនដឹង​អាយុ ។ ជាមួយ​នោះ​ដែរ ក្រុម​​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌមានជ័យ ក៏​បាន​ធ្វើ​ឃាត់ខ្លួន​យុវជន​ម្នាក់​ផ្សេង​ទៀត មាន​ឈ្មោះ​ថា អ៊ុ​ន ប៊ុ​ន​ហួត (​ហៅងោ​ល​) មុខរបរ​មិន​ពិតប្រាកដ ខណៈ​រូបគេ​​រួម​ជាមួយ​បក្សពួក ​បាន​កាន់​កាំបិតប៉័ង​តោ​បម្រុង​​ទៅ​ធ្វើ​សកម្មភាព តែ​ចៃដន្យក៏​​ជួប​កម្លាំង​ល្បាត​​អាវុធហត្ថ​ខណ្ឌមានជ័យ នៅ​ចំណុច​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ក៏​ត្រូវ​ឃាត់ខ្លួន ។