តារាស្រីល្បី នាង Linda Chung ប្រកាសថាមានផ្ទៃពោះ ក្នុងថ្ងៃ «ទិវាមាតា»

បរទេស៖ បន្ទាប់ពីបានរៀបមង្គលការ យ៉ាងសម្ងាត់ កាលពី១ឆ្នាំមុន និងរៀបចំពិធីមង្គលការ ម្តងទៀត នៅដើមឆ្នាំ កន្លងទៅនេះ មានពាក្យចចាមអារ៉ាម ជាច្រើន បាននិយាយថា តារាសម្តែងស្រី ដ៏ល្បីឈ្មោះ នាង Linda Chung មានផ្ទៃពោះ និងជិតក្លាយជាម្តាយគេ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ខណៈសាមីខ្លួនផ្ទាល់ មិនទាន់បាន ចេញមុខបកស្រាយ និងបញ្ជាក់ ពីរឿងរ៉ាវនេះនៅឡើយទេ។

ផ្ទុយទៅវិញ កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០១៦ ដែលជា «ទិវាមាតា» តារាចម្រៀង និងសម្តែង សញ្ជាតិចិន-កាណាដា វ័យ៣២ឆ្នាំរូបនេះ បានប្រកាសដំណឹងល្អ នៅលើគណនីបណ្តាញសង្គម Weibo និង Instagram របស់ខ្លួនថា នាងជិតក្លាយជា ម្តាយរបស់គេហើយ។

នាងបានបង្ហោះរូបថតខ្លួនឯង និងសរសេរថា «រីករាយទិវាមាតា អ្នកទាំងអស់គ្នា! ខ្ញុំនឹងចូលទៅកាន់កម្រិត នៃជីវិតរបស់ខ្ញុំ ដែលហៅថា មាតុភាព ឬ ភាពជាម្តាយ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ហើយខ្ញុំស្ទើរតែ មិនអាចរង់ចាំបាន។ វាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលដែល បេះដូង២ អាចលោត ក្នុងខ្លួនមនុស្សតែម្នាក់បាន។ ខ្ញុំឆ្ងល់ណាស់ថា តើទិវាមាតា នៅឆ្នាំក្រោយ នឹងក្លាយទៅជាយ៉ាងណា»។

គួរបញ្ជាក់ថា តារាស្រីហុងកុង Linda Chung បានចាប់ផ្ដើមមានស្នេហា ជាមួយនឹងស្វាមីនាង ឈ្មោះ Jeremy Leung កាលពី២ឆ្នាំមុន តាមរយៈការណែនាំ ពីប្អូនស្រី និងបានជួបគ្នាដំបូង នៅក្នុងគ្លីនិករបស់ Jeremy នៅពេលដែលនាង ទៅលេងក្រុមគ្រួសារ នៅក្នុងទីក្រុង Vancouver ក្រោយពីនាងបែកបាក់ចំណងស្នេហ៍ រយៈពេល ៨ឆ្នាំជាមួយនឹង អតីតមិត្ដប្រុសជាតារាសម្ដែងដូចគ្នា គឺ លោក Philip Ng៕

ប្រភព ៖
បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា តារាស្រីហុងកុង Linda Chung ដែលប្រិយមិត្ដខ្មែរស្គាល់ឈ្មោះថា នាងសំណាងល្អ ដែលសម្ដែងក្នុងខ្សែភាពយន្ដ ចិនបុរាណ និងធ្លាប់ចាក់បញ្ចាំងតាម កញ្ចក់ទូរទស្សន៍ខ្សែកាប បានលួចរៀបការដោយស្ងាត់ៗជាមួយនឹង គ្រូចាប់សសៃម្នាក់ នៅក្នុងប្រទេសកាណាដា កាលពីចុងឆ្នាំមុន ខណៈដែលនាងទើបតែ ប្រកាសពីដំណឺងមួយនេះ កាលពីថ្ងៃពុធ ស្របពេលដែលមាន ពាក្យចចាមអារ៉ាមថា​ នាងកំពុងតែពរពោះកូនដំបូង។

តារាស្រីកូនកាត់ចិន និងកាណាដា វ័យ ៣១ឆ្នាំរូបនេះ បានចែករំលែករូបភាពរៀបការរបស់នាង នៅក្នុង Weibo និងបានណែនាំស្វាមី ដែលមានឈ្មោះ Jeremy ដែលជាអ្នករស់នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។

តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ស្វាមីរបស់នាង ឈ្មោះ Jeremy រូបនេះមានអាយុ ៤៣ឆ្នាំ ជាក្មួយប្រុសរបស់អតីតអ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍ TVB លោក Norman Leung ហើយលោក Jeremy រូបនេះផ្ទាល់ មានប្រាក់ខែជាប្រចាំឆ្នាំ គឺ ៥.៧លានដុល្លារហុងកុង ឬជាង ៧សែនដុល្លារអាមេរិក។

យ៉ាងណាមិញ នាងនិងស្វាមី នឹងរៀបចំពិធីរៀបការម្ដងទៀត នៅចុងខែនេះ ខណៈដែលនាង សរសើរមិនដាច់ពីមាត់ថា លោក Jeremy ជាមនុស្សចាស់ទុំ និងគួរឲ្យស្រឡាញ់ ហើយនេះជាមូលហេតុមួយ ដែលនាងសម្រេចចិត្ដរៀបការ គួបផ្សំមានការគាំទ្រពី ចាស់ទុំទាំងសងខាង និងការសុំរៀបការពី លោក Jeremy ផង។

សម្រាប់ពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ នាងក៏មិនបានប្រកែកអ្វីដែរ គ្រាន់តែបង្ហើបថា នាងនឹងសង្ឃឹមថា នាងនឹងក្លាយជាប្រពន្ធល្អ​ និងជាម្ដាយដ៏ល្អ ហើយនាងសូមអរគុណដល់មិត្ដភិក្ដនាង ដូចជា តារាស្រី Lianne Li, Eliza Sam, Grace Wong និង Christine Kuo ដែលមិនបានទំលាយអាថ៌កំបាំងពី រឿងរៀបការនាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload