ចោរ​ប្រដាប់​អាវុធ​២​នាក់​ ស្ទាក់​ប្លន់​យក​ម៉ូតូ​បានសម្រេច​ នៅ​សង្កាត់​បាក់​ខែង​

ចោរ​ប្រដាប់​អាវុធ​២​នាក់​ ស្ទាក់​ប្លន់​យក​ម៉ូតូ​បានសម្រេច​ នៅ​សង្កាត់​បាក់​ខែង​



ភ្នំពេញ ៖ យុវជន​ម្នាក់ ​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​បានសម្រេច​ បន្ទាប់ពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រឡប់​មកពី​លេង​ផ្ទះ​ម្តាយ​នៅ​ស្រុក​ខ្សាច់​កណ្តាល កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​យប់​ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ទី​៧ ភូមិ​បាក់​ខែង ​ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។
ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្ខពួក​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​ ជិះ​ម៉ូតូ​មក​កៀរ​ខ្លួន​ឲ្យ​ឈប់។

ប្រភព​បន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ​ រូបគេ​បាន​ជិះ​ម៉ូតូ​ឌូ​ក ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ 1FB-4142 មកពី​លេង​ផ្ទះ​ឪពុក​ម្តាយ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល បំណង​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ ខណៈ​ពេល​មកដល់​ចំណុចកើតហេតុ​ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មក​កៀរ​ឲ្យ​ឈប់ ហើយ​បំណង​ដក​កាំភ្លើង​ចេញពី​កាបូបស្ពាយ​បាញ់​មក​លើ​រូបគេ ដោយ​ភ័យ​ខ្លាំង​ពេក ​ក៏​ផ្ដួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ហើយ​ជនសង្ស័យ​ក៏​លើក​យក​ម៉ូតូ​ទៅ​បាត់​តែម្ដង។
ក្រោយមក កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ បាន​ទៅដល់​កន្លែង​កើតហេតុ និង​សួរនាំ​ពី​ភិនភាគ​ជនសង្ស័យ និង​នាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​។​

បន្ទាប់ពី​មាន​ហេតុការណ៍​ប្លន់​រួច សមត្ថកិច្ច​ប៉េអិម​បាន​ឃាត់ខ្លួន​ជន​ដែល​គួរ​ឲ្យ​សង្ស័យ​ម្នាក់​នៅ​ម្តុំ​វត្ត​គៀន​ឃ្លាំង មក​សួរ​នាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ផង​ដែរ៕​

ចោរ​ប្រដាប់​អាវុធ​២​នាក់​ ស្ទាក់​ប្លន់​យក​ម៉ូតូ​បានសម្រេច​ នៅ​សង្កាត់​បាក់​ខែង​