ធនាគារជាតិ​កាណាដា​ ក្លាយជា​ម្ចាស់​ភាគទុន​និក​ដ៏​ធំ​ របស់​ធនាគារ​ABA

ធនាគារជាតិ​កាណាដា​ ក្លាយជា​ម្ចាស់​ភាគទុន​និក​ដ៏​ធំ​ របស់​ធនាគារ​ABA



ភ្នំពេញ ៖ ​ធនាគារ​ABA ​និង​ធនាគារជាតិ​កាណាដា​ បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ដ៏​សំខាន់​បន្ថែ​ម​ទៀ​ត​ស្ដីពី​ការ​បង្កើន​មូលធន​បន្ថែម​ក្នុង​ធានា​គារ​ABA ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ដែល​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៩ ​ខែឧសភា ​ឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ ដែល​កិច្ច​ព្រម​ព្រៀ​ង​នេះ​ បាន​ទិញ​ភាគហ៊ុន​ពី​៤២%​ដល់​៩០%​។​

លោក​ Askhat Azhikhanov​ អគ្គនាយក​ប្រតិបត្តិ​ធនាគារ ​ABA​ បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​ជាតិ​កាណាដា គឺជា​ប្រតិបត្តិការ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ធនាគារ​ABA​ ដែល​នឹង​ធ្វើ​ឲ្យ​ធនាគារ​នេះ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ខ្លាំង បន្ថែម​ទៅ​លើ​កម្រិត​គុណភាព​សេវាកម្ម​របស់​ខ្លួន​ដែល​មាន​ស្រាប់​។ ​នេះ​ជា​លើកដំបូង​ហើយ​ ដែល​ស្ថាប័នហិរញ្ញវត្ថុ​ខាងជើង​មួយ​នេះ​ បាន​កាន់កាប់​ភាគទុ​ននិក​ដ៏​ធំ​ក្នុង​ធនាគារ​នៅ​កម្ពុជា​ ដែល​អាច​និយាយ​បាន​ថា​ ជា​និមិត្តរូប​ ដែល​ធនាគារ​ជាតិ​កាណាដា​បាន​ក្លាយ​ជា​ភាគទុន​ដ៏​ធំ ខណៈ​ក្រុមហ៊ុន​លោក​ប្រារព្ធ​ខួប​គម្រប់​២០​ឆ្នាំ​ផង​ដែរ​។​

លោក​ Askhat​ បាន​បញ្ជាក់​ផង​ដែរ​ថា ការទិញ​ភាគហ៊ុន​បន្ថែម​ ដោយ​ធនាគារ​ជាតិ​កាណាដា​បាន​បង្ហា​ញ​ឲ្យ​ឃើញ​ពី​ជំហរ​ដ៏​រឹងមាំ​ក្នុង​ទីផ្សារ ​និង​ទំនុកចិត្ត​របស់​ដៃគូ​ក្នុង​យុទ្ធសាស្ត្រ ​និង​ការ​រីកចម្រើន​របស់​ធនាគារ​ABA​ ជាពិសេស​ការ​ដាក់​បន្ថែម​ដើមទុន​ចុងក្រោយ​នេះ ​បាន​ផ្តល់​ឲ្យ​ ABA​ កាន់តែ​បង្កើន​បាន​ទីផ្សារ​ថ្មី​ ដែល​មិន​ធ្លាប់​មាន​ពីមុន ​និង​លទ្ធភាព​បន្ថែម​ជូន​ទៀត​ដល់​អតិថិជន​។ ​ពិសេស​ជាង​នេះ​ទៀត​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ABA​ប៉ុ​ណ្ណោះ​ទេ តែ​ថែមទាំង​កាន់តែ​ពង្រីក​ឲ្យ​មាន​ភាព​ខ្លាំងក្លា​ថែមទៀត​។​ ធនាគារ​ABA​នឹង​នៅតែ​ផ្ដោត​លើ​យុទ្ធសាស្ត្រ​ពង្រីក​សាខា​បន្ថែម តម្រង់​ទិស​បន្ថែម​ដល់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក៏​ដូចជា​ប្រឹងប្រែង​ទ្វេ​ឡើង​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន​ ទាំង​ផ្នែក​សាជីវកម្ម ​​ផ្នែក​អត្តជន​ និង​​សេវាកម្ម​ធនាគារ​ឌីជីថល ​ដែល​ជា​ដំណោះស្រាយ​សេវាកម្ម​កាន់តែ​ងាយស្រួល​ និង​ផលិតផល​ថ្មី​។​ ​ ​ ​
លោកស្រី ខា​រិ​ន លី​ក​ផេ​ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ធនាគារ​ជាតិ​កាណាដា​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៨៥៩ ដោយ​សហគ្រិន និង​សម្រាប់​សហគ្រិន​។ ចាប់តាំងពី​នោះ​មក ​យើង​បាន​ជួយ​ដល់​អាជីវកម្ម​រាប់​ម៉ឺន ក្នុង​ការ​ចាប់ផ្តើម​អភិវឌ្ឍន៍ និង​ចម្រើន​លូតលាស់​។ គោលបំណង​របស់​យើង​គឺ​សាមញ្ញ​ពោល​គឺជា​ម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ បច្ចុប្បន្ន ការ​ប្ដេជ្ញា​នេះ​បាន​បង្ហាញ​ចេ​ ញ​ជា​លទ្ធផល​ផ្លែផ្កា​ ដែល​មិន​ធ្លាប់​មាន​ពីមុន​។

ជាក់ស្តែង​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​របស់​ធនាគារ​កាណាដា​គឺ​យើង​មាន​បុគ្គលិក​កំពុង​បម្រើការ​ច្រើ​ន​ជាង​២០,០០០ នាក់ និង​សាខា​ចំនួន៤៥០ ដែល​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ ជូន​អតិថិជន​គ្រប់​ប្រភេទ រាប់​តាំងពី បុគ្គល​ឯកត្តជន ពាណិជ្ជកម្ម និង​សាជីវកម្ម​ធំៗ​។ ទោះបី​យ៉ាងនេះ​ក្តី ធនាគារ​កាណាដា​កា​ន់​តែ​បង្កើន​ការ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ក្នុងស្រុក ក្នុង​ភាព​ចាស់ទុំ​ទ្វេ​ឡើង ​ហើយ​តែងតែ​បន្ត​ស្វែងរក​ឱ​កាស​វិនិយោគ​រយៈ​ពេល​វែង​ក្នុង​ទីផ្សារ ​ដែល​មាន​កំណើន​ខ្ពស់​។

កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ ដែល​មាន​ទស្សនវិស័យ​សេដ្ឋកិច្ច​ខ្លាំង ​មាន​ធនធាន​ធម្ម​ជា​តិ​អំណោយផល​។ ប្រទេស​របស់​អ្នក​ ក៏​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ដែល​រួមមាន វប្បធម៌​ជា​សហគ្រិន ឬ​ជា​អ្នក​ផ្ដួចផ្ដើម​អាជីវកម្ម បណ្ដាញ​អាជីវ​កម្ម​ដ៏​សកម្ម ធនាគារជាតិ​ដ៏​មាន​លក្ខណៈ​ទាំង​អស់​នេះ​ ដែល​អាច​ចែករំលែក​ជាមួយគ្នា​ដែរ​។ នៅ​ឆ្នាំ​២០១៤ យើង​បាន​ធ្វើ​ការ​ដាក់​ទុន​វិនិយោគ​ដំបូង​នៅក្នុង​ធនាគារ​ABA ហើយ​ពេល​បន្ទាប់​ដ៏​ខ្លី​យើង​បា​ន​សម្រេច​ជា​ស្ថាពរ​ក្នុង​ការ​បង្កើន​ភាគទុន​ដល់​៤២% និង​បច្ចុប្បន្ន​គឺជា​ម្ចាស់​ភាគទុន​និក​ដ៏​ធំ​របស់​ធនា​គារ​ABA ក្នុង​ចំនួន៩០%​។ នេះ​ជា​មោទនភាព​ដ៏​ធំ​សម្បើម​សម្រាប់​ធនាគារជាតិ​កាណាដា ដែល​បាន​ក្លាយជា​ស្ថាប័ន​អាមេរិក​ខាងជើង​ ដំបូង​កាន់កាប់​ភាគទុន​ធំ​ក្នុង​ធនាគារ​កម្ពុ​ជាមួយ​។

លោកស្រី​មាន​ជំនឿ​ជាក់​ថា បណ្ដាញ​សាខា​ពាណិជ្ជកម្ម និង​បទពិសោធន៍​របស់​យើង​នឹង​ជួយ​ដល់​អាជីវកម្ម និង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ABA ទទួល​បាន​ការ​អភិវឌ្ឍ​។ យើង​ក៏​សូម​ចែករំលែក​ឆន្ទៈ​ ដែ​ល​ផ្ដោត​ទៅ​លើ ការ​ប្ដេជ្ញា​ចិត្ត ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន មាន​ឆន្ទៈ​ផ្តល់​ជូន​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​បំផុត យកចិត្តទុកដាក់​បង្កើត​អត្ថប្រយោជន៍​បន្ថែម​តាម​រយៈ​ដំណោះស្រាយ​សេវា​ធនា​គារ​ឌីជីថល និង​មាន​គោលដៅ​រួម សំដៅ​ពន្លឿន​សន្ទុះ​រីកចម្រើន របស់​ធនាគារ​ABA បន្ត​ពង្រីក​យុទ្ធ​សាស្ត្រ​ច្បាស់លាស់​របស់​ធនាគារ ជាមួយ​ការ​កោត​សរសើរ​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​សម្រេច ដោ​យ​គណៈ​គ្រប់គ្រង​របស់​ធនាគារ​ABA ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក ជាមួយ​ការ​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​ធ្វើ​ឲ្យ​ដៃគូ នេះ​លេចចេញ​ជា​រូបរាង​ឡើង៕​

ធនាគារជាតិ​កាណាដា​ ក្លាយជា​ម្ចាស់​ភាគទុន​និក​ដ៏​ធំ​ របស់​ធនាគារ​ABA

ធនាគារជាតិ​កាណាដា​ ក្លាយជា​ម្ចាស់​ភាគទុន​និក​ដ៏​ធំ​ របស់​ធនាគារ​ABA