ឃាត់​ខ្លួន​មន្ត្រី​នគរបាល​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ក្លែង​សៀវភៅ​ស្នាក់នៅ

ឃាត់​ខ្លួន​មន្ត្រី​នគរបាល​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ក្លែង​សៀវភៅ​ស្នាក់នៅ



ភ្នំពេញ ​៖ ​នាយរង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ម្នាក់ និង មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ នគរបាល​ខណ្ឌ​មានជ័យ​ម្នាក់ទៀត ​​ត្រូវ​​បាន​បញ្ជូន​​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ​ដើម្បី​សាកសួរ​ករណី​ក្លែង​ត្រា​ធ្វើ​សៀវភៅ​ ស្នាក់នៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​៨០​ដុល្លារ។

នាយរង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ឈ្មោះ កែវ សា​រ៉ាវុធ និង មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ នគរបាល​ខណ្ឌ​មានជ័យ​ឈ្មោះ សួន សុវណ្ណ ​​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ បានកើត​ឡើង ​ក្នុង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ បាន​យក​សៀវភៅ​ស្នាក់នៅ​ទៅ​សាលាសង្កាត់ ដើម្បី​សុំ​ធ្វើ​សំបុត្រកំណើត។ នៅ​ពេល​នោះ មន្ត្រី​សាលា​សង្កាត់​ មានការ​សង្ស័យ​ថា សៀវភៅ​ស្នាក់នៅ​នេះ​មាន​ភាព​មិន​ប្រក្រតី ក៏​ទំនាក់ទំនង​សួរ​ទៅ នគរបាល​ខណ្ឌ​មានជ័យ ទើប​ដឹង​ថា ជា​សៀវភៅ​ស្នាក់នៅ​ក្លែងក្លាយ។

យោង​តាម​ចម្លើយ​ប្រជាពលរដ្ឋ​រងគ្រោះ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ខាងលើ យក​មក​សាកសួរ។ ចំពោះ​មុខ​សមត្ថកិច្ច​មនុស្ស​ទាំងពីរ​នាក់​នេះ​ បាន​សារភាព​ថា ពួកគេ​បាន​ធ្វើ​សៀវភៅ​ស្នាក់នៅ​ក្លែងក្លាយ​នេះ តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៥ មក​ម្ល៉េះ ពោល​គឺ​ឈ្មោះ កែវ សា​រ៉ាវុធ បាន​ទៅធ្វើ​ត្រា អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ​ក្លែង​ត្រា បាន​ចុះ​ស្ថិតិ​ក្លែង និង​យក​សៀវភៅ​ស្នាក់នៅ ដែល​មិនទាន់​សរសេរ យកមក​ប្រគល់​ឲ្យ​ឈ្មោះ សួន សុវណ្ណ ជា​អ្នក​សរសេរ​បំពេញ​និង​វាយ​ត្រា​តែម្តង រួច​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​៨០​ដុល្លារ ក្នុង​សៀវភៅ​ស្នាក់នៅ​មួយ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​នេះ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់លោក​ព្រះរាជអាជ្ញា​រង សៀង សុខ កំពុង​សាកសួរ​នៅឡើយ៕