ពលរដ្ឋ​១២៨​គ្រួសារ​ ដែល​ទើប​ចាប់ឆ្នោត​បាន​ផ្ទះ ក្នុង​សហគមន៍​អណ្ដូង​ថ្មី ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​

ពលរដ្ឋ​១២៨​គ្រួសារ​ ដែល​ទើប​ចាប់ឆ្នោត​បាន​ផ្ទះ ក្នុង​សហគមន៍​អណ្ដូង​ថ្មី ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១២៨​គ្រួសារ​ ដែល​ទើប​ចាប់​ឆ្នោត​ប្ដូរ​ទីលំនៅ​ពី​សហគមន៍​អណ្ដូង​៦ ​មក​រស់នៅ​ផ្ទះ​ថ្មី​ក្នុង​សហគមន៍​អណ្ដូង​ថ្មី​ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃ​ទី​៨​ឧសភា ​ត្រូវ​បាន​លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ និង​លោកស្រី​ បាន​នាំ​យក​អំណោយ​មក​ប្រគល់​ជួន ដែល​អាច​ចាត់ទុកថា​ជា​អំណោយ​សម្រាប់​ការ​ឡើង​មក​រស់នៅ​ផ្ទះ​ថ្មី​ក្នុង​សហគមន៍​អណ្ដូង​ថ្មី​នេះ​ផង​ដែរ។

លោក ប៉ា សុជាតិ​វង្ស មាន​ប្រសាសន៍​ថា ពេលនេះ​ បងប្អូន​លែង​ដើរ​ទៅ​រស់នៅ​បែប​ចល័ត​ទៀតហើយ ​ដូចជា​រស់នៅ​លើ​លូ​,​លើ​ផ្លូវ​,​លើ​ប្រឡាយ​ទឹក​,​លើ​ដី​សាធារណៈ​ទៀត ហើយ​គឺ​បងប្អូន​មាន​ផ្ទះ​រស់នៅ​សមរម្យ មាន​ទឹក មាន​ភ្លើង មាន​ផ្លូវ និង​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។
​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ​មិនដែល​ភ្លេច​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​អណ្ដូង ក៏​ដូចជា​សហគមន៍​ផ្សេងៗ​ទៀត​នោះ​ទេ​ គឺ​តែង​ផ្តល់ ការ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​បងប្អូន​ជាប់​ជាប្រចាំ​។​

ជាក់ស្ដែង​ សាលា​រាជធានី​ភ្នំពេញ​បាន ចាប់​ដៃគូ​ជាមួយ​កាកបាទក្រហម​សាខា​រាជធានី​ភ្នំពេញ ​ដើម្បី​ជួយ​ដល់​បងប្អូន​ក្នុង​សហគមន៍ បន្ត​ពី​អង្គការ​PCL​ ដែល​បាន​ដក​ខ្លួន​ចេញ​ ដោយ​បាន​ជួយ​សាងសង់​លំនៅដ្ឋាន​រាប់​រយ​ខ្នង​នៅ​សហគមន៍​អណ្ដូង​ថ្មី​នេះ។

លោក​អភិបាល​ បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​មក​រស់នៅ​ក្នុង​សហគមន៍​អណ្ដូង​ថ្មី ត្រូវ​ធ្វើ​ខ្លួន​ជា​ម្ចាស់​សហគមន៍ ចេះ​ការពារ​ថែរក្សា​ទ្រព្យសម្បត្តិ​សហគមន៍ រួមចំណែក​ការពារ បរិស្ថាន​អនាម័យ​ ពោល​គឺ​ត្រូវ​ចេះ​រស់​ក្នុង​វប្បធម៌​សហគមន៍ រួមទាំង​ការចូល​រួម​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​សហគមន៍​ផង​ដែរ​។​

លោក​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​សង្កាត់/ខណ្ឌ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​ក្នុង​សហគមន៍​ដើម្បី​ផ្តល់​អត្តសញ្ញាណប័ណ្ណ​,​សៀវភៅ ស្នាក់នៅ​,​សំបុត្រកំណើត​ជាដើម​ជូន​បងប្អូន​ឲ្យ​បាន​ទាន់ពេលវេលា។

លោក ប៉ា សុជាតិ​វង្ស មាន​ប្រសាសន៍​ថា​ កាកបាទក្រហម​កម្ពុជា​ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ជា​ប្រធាន គឺជា​សមាគម​ជាតិ​ដ៏​ធំ​ មាន​កាតព្វកិច្ច​ជួយ​ប្រជាពលរដ្ឋ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ,​សាសនា​អ្វី​ឡើយ ​គឺ​ប្រកាន់ខ្ជាប់​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម​ទាំង​៧​។​

បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​ទាំង​១២៨​គ្រួសារ​ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២០​គីឡូក្រាម,​មី១​កេស​,​ភួយ​១,​មុង​១,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួ​រ,​ទឹក​សុទ្ធ​១​កេស​,​ទឹកដោះ​គោ​៦​កំប៉ុង​,​ស្ករស​១​គីឡូក្រាម ,​សាប៊ូ​១​កញ្ចប់​,​អំបិល​១​គីឡូក្រាម ,​ប្រេងឆា​១​ដប​,​ចានបាយ​៥,​ចាន សម្ល​២,​ស្លាបព្រា​៥,​សម​៥,​វែក​១,​កំសៀវ​១,​ចាន​កាធុន​១ ​និង​ថវិកា​៥.០០០​រៀល​៕

ពលរដ្ឋ​១២៨​គ្រួសារ​ ដែល​ទើប​ចាប់ឆ្នោត​បាន​ផ្ទះ ក្នុង​សហគមន៍​អណ្ដូង​ថ្មី ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​

ពលរដ្ឋ​១២៨​គ្រួសារ​ ដែល​ទើប​ចាប់ឆ្នោត​បាន​ផ្ទះ ក្នុង​សហគមន៍​អណ្ដូង​ថ្មី ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​