មន្ត្រី​យោធា​ខ្មែរ​ទៅ​វៀតណាម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបនៃប្រទេសកម្ពុជាបានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅទីក្រុងហាណូយនៃប្រទេសវៀតណាមដើម្បីធ្វើដំណើរទស្សនកិច្ចរយៈពេលប្រាំពីរថ្ងៃនៅមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍នៃកងទ័ពវៀតណាមក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិប្រទេសទាំងពីរនៅឆ្នាំ ២០១៦ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័ររបស់ក្រសួងការពារជាតិដែលភ្នំពេញ ប៉ុស្តិ៍មើលឃើញកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា៖ «យោងតាមពិធីសារកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា-វៀតណាមឆ្នាំ ២០១៦ [ដំណើរទស្សនកិច្ចនេះមាន] គោលបំណងដកបទពិសោធការងារលើវិស័យផ្សព្វផ្សាយព័ត៌មានកងទ័ពនៃប្រទេសទាំងពីរជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម»។

លោក ចិន្ត ម៉ារីដូ នាយកនៃនាយកដ្ឋានព័ត៌មាននៅក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់របស់លោកបានស្នាក់នៅក្នុងទីក្រុងហាណូយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែឧសភាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងវិស័យការពារជាតិរវាងកម្ពុជា និងវៀតណាម។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យខណៈមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាដំណើរទស្សនកិច្ចនេះគ្រាន់តែដើម្បីរៀនអំពីការអភិវឌ្ឍសម័យទំនើបនៃវិស័យវិទ្យុ និងទូរទស្សន៍របស់ក្រសួងការពារជាតិនៃប្រទេសវៀតណាមប៉ុណ្ណោះ។

មន្ត្រីនោះបានថ្លែងថា៖ «យើងនៅពីក្រោយគេឆ្ងាយទាក់ទងនឹងការអភិវឌ្ឍវិស័យវិទ្យុ និងទូរទស្សន៍របស់កងទ័ពទាំងធនធានមនុស្ស និងសម្ភារបរិក្ខារធៀបនឹងសមភាគីវៀតណាម។ ខ្ញុំគិតថានេះគឺជាដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលវិធីដែលវិទ្យុ និងទូរទស្សន៍នៃកងទ័ពវៀតណាមដំណើរការ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍