នគរបាល​ព្រហ្មទណ្ឌ​បង្ហាញ​មុខ​ក្រុម​ ឆក់​ ប្លន់​ប្រដាប់​អាវុធ​ប្រុស​.​ស្រី​៥​នាក់​ មុនពេល​បញ្ជូន​ទៅ​តុលាការ

នគរបាល​ព្រហ្មទណ្ឌ​បង្ហាញ​មុខ​ក្រុម​ ឆក់​ ប្លន់​ប្រដាប់​អាវុធ​ប្រុស​.​ស្រី​៥​នាក់​ មុនពេល​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ​​៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​​​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៨ ​ខែ​ឧសភា បាន​បង្ហាញ​មុខ​ក្រុម ​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ប្រុស​.​ស្រី​ចំនួន​៥​នាក់​ មុនពេល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែឧសភា។

ការ​បង្ហាញ​មុខ​ក្រុម​ឆក់ និង​ប្លន់​៥​នាក់​នោះ ធ្វើឡើង​ដោយ​លោក​វរសេនីយ៍ទោ ​ប៊ុន សន្យា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី។ លោក​ប៊ុន សត្យា ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ ជាតិពុល ខេត្ត ព្រះសីហនុ បានធ្វើ​ការ​ឆែកឆេរ និង​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅ​ចំណុច​រង្វង់​មូល​តោ​ពីរ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ លើ​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA COROLA ពណ៌ ស ឆ្នាំ​ផលិត ២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ ២៤៥៤ បើកបរ​ដោយ​ឈ្មោះ ហង្ស ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ រួម​ដំណើរ​ដោយ​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ហៅ តូ​នី ភេទ ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ។ នៅ​ពេល​ឆែកឆេរ​ត្រួតពិនិត្យ​កម្លាំង​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ ជាតិពុល ខេត្ត ព្រះសីហនុ បាន​រកឃើញ​១-​អាវុធ​ម៉ាក ប៉េអាកុល​លេខ AUG ១៩១៩១៣ បាញ់​គ្រាប់ឃ្លី​កង់​ចំនួន ១១៨ គ្រាប់​
២-​អាវុធ​ខ្លីម៉ាក រ៉ូឡូ​បាញ់ លេខ ០៩Q ០៨១២៧ គ្រាប់​ចំនួន ៤៣ គ្រាប់ (​គ្រាប់​វ៉ាន់​ដី​ឡុង​)៣-​អាវុធ​ឆក់ មាន​ក្បាល​ឆក់​ចំនួន ០៣ ឌុយ​សាក​ចំនួន ០១ ៤-​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA COROLA ពណ៌ ស ឆ្នាំ​ផលិត ២០០៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AJ ២៤៥៤។ នៅពេល​ឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​អាវុធ​ទាំងអស់​ខាងលើ កម្លាំង​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ ជាតិពុល ខេត្ត ព្រះសីហនុ បាន​ចាប់​យក​វត្ថុតាង និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព ពី​សកម្មភាព​ឆក់ និង​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាច្រើនលើក។ នៅ​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ក្រោយពី​បញ្ចប់​ការសាកសួរ​យក​ចម្លើយ​នគរបាល​ខេត្ត ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី។

លោក​ប៊ុន សត្យា បន្តទៀតថា យោង​លើ​ចម្លើយ​សារភាព​របស់​ជន​​សង្ស័យ​ឈ្មោះ ហង្ស ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ហៅ តូ​នី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ បាន​ប្រព្រឹត្ត កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត និង​ដឹកជញ្ជូន​អាវុធ​គ្មាន​ការអនុញ្ញាត (​អាវុធ​ម៉ាក ប៉េអាកុល បាញ់​គ្រាប់​ឃ្លី​កង់ និង​អាវុធ​ខ្លីម៉ាក រ៉ូឡូ​បាញ់​គ្រាប់ វ៉ាន់​ដឺ​ឡុង​) កាលពី​ថ្ងៃទី​៤ ឧសភា ២០១៦ នៅ​ចំណុច​រង្វង់​មូល​តោ​ពីរ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត ព្រះសីហនុ។ ក្រោយពី​ទទួល​បាន​ចម្លើយ​គ្រប់គ្រាន់ និង​បាន​ដឹង​បក្សពួក​ចូលរួម នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​៣​នាក់​ទៀត​នៅ​រាជធានី ដោយមាន​ការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ផង​ដែរ។

១-​ឈ្មោះ លឹម សុខ​គា ហៅ លី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ​
២-​ឈ្មោះ កែវ ចាន់​ថង ហៅ យ៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ​
៣-​ឈ្មោះ ស្ងួន គ​ន្ធី ហៅ លី ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ​ និង​ចាប់យក​វត្ថុតាង​ពី ឈ្មោះ កែវ ចាន់​ថង ហៅ យ៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ រួមមាន គ្រឿងញៀន​ប្រភេទ ក្រាម​ពណ៌ ស (​ម៉ា​ទឹកកក​) ចំនួន​២ កញ្ចប់ (​តូច មួយ ធំ​មួយ​)។ ជនសង្ស័យ​៥​នាក់ និង​វត្ថុតាង​ត្រូវបាន​​សមត្ថកិច្ច កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់៕

នគរបាល​ព្រហ្មទណ្ឌ​បង្ហាញ​មុខ​ក្រុម​ ឆក់​ ប្លន់​ប្រដាប់​អាវុធ​ប្រុស​.​ស្រី​៥​នាក់​ មុនពេល​បញ្ជូន​ទៅ​តុលាការ