ជនសង្ស័យ​ប្រុស​/ស្រី​៥​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​

ជនសង្ស័យ​ប្រុស​/ស្រី​៥​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​



តាកែវ ៖ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គរីវង់ បាន​បន្ត​ធ្វើ​ការ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ប្រុស​/ស្រី​ចំនួន​០៥​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។

ការ​ចុះ​បង្ក្រាប​ករណី​គ្រឿង​ញៀន​នេះ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ “គិរី​រតនៈ” ក្នុង​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​បាន​០៥​នាក់ ស្រី​ម្នាក់​ និង​បាន​ដក​ហូត​វត្ថុតាង​ជាក់ស្ដែង​រួមមាន ថ្នាំញៀន​ក្រាម​ពណ៌​ស​ចំនួន​១២​កញ្ចប់​តូច និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​០២​ដើម។​

បើ​តាម​សម្ដី​លោក​វរសេនីយ៍ទោ យុក សារ៉ាត់​ អធិការ​នគរបាល​ស្រុក​គិរីវង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សាទុក​ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ទាំង​០៥​នាក់​នេះ​ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​បាន កម្លាំង ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រោយពី​លេចឮ​ព័ត៌មាន​គ្រឿងញៀន​មាន​ច្រើន​ករណី​នៅ​ស្រុក​គិរីវង់​ ដែល​សុំ​អន្តរាគមន៍​ពី​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ទំព័រ​ហ្វេ​ស​បុក​ កាលពីដើម​ខែ​ឧសភា​ថ្មីៗ​កន្លង​មក​នេះ កម្លាំង​ចម្រុះ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ បាន​សហការ​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម​បាន​បួន​ករណី​មក​ហើយ ​ក្នុង​ខែ​ឧសភា​នេះ​៕