ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ចាប់​បើក​ការដ្ឋាន​ជួសជុល​ជា​លើក​ទី​២​ហើយ

ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ចាប់​បើក​ការដ្ឋាន​ជួសជុល​ជា​លើក​ទី​២​ហើយ



សៀមរាប ៖ ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ដែល​នៅសល់​មិនទាន់​បាន​ជួសជុល​រួច​ត្រូវ​ចាប់ផ្តើម​ការដ្ឋាន​ជួសជុល​បន្ត​ប្រវែង​៩០​ម៉ែត្រ​ដែល​នេះ​គឺជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន ហើយ​គ្រោង​នឹង​ចំណាយ​ពេល​៤​ឆ្នាំ។

ពិធី​ចុះហត្ថលេខា​ និង ​បើក​ការដ្ឋាន​នៅ​ព្រឹក​មិញ​នេះ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Kumamaru Yuji អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​អាជ្ញាធរ​ខេត្តសៀមរាប​តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ព្រមទាំង​ប្រជាពលរដ្ឋ​សិស្ស​និស្សិត​យ៉ាងច្រើន​កុះករ​។

លោក​ស៊ុំ ម៉ាប់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​២៣​ដែល​កំពុង​ជួយ​លើ​ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ដោយឡែក​ប្រទេស​ជប៉ុន​មាន​ស្ថាប័ន​ចំនួន​៣ ដែល​កំពុង​អនុវត្ត​ការងារ​ស្រាវជ្រាវ និង​ជួសជុល​ក្នុង​តំបន់​អង្គរ​សព្វថ្ងៃ​គឺ ស្ថាប័ន​JASA​កំពុង​ជួសជុល​ប្រាសាទ​បាយ័ន​សាកលវិទ្យាល័យ​ណា​រ៉ា​កំពុង​ជួសជុល​ប្រាសាទ​តុប​ខាងលិច​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​កំពុង​រៀប​គម្រោង​ជួសជុល​ស្ពាន​ហាលមុខ​អង្គរវត្ត​នៅពេលនេះ​។

នេះ​គឺជា​ជំហាន​ទី​២​ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ក្នុង​ការជួសជុល​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​បន្ទាប់ពី​ស្ពាន​ហាល​នេះ​ត្រូវបាន​ជួសជុល​ប្រវែង​១០០​ម៉ែត្រ​ក្នុងដំណាក់កាល​ទី​១ នៅ​ឆ្នាំ​១៩៩៦ រហូតដល់​ឆ្នាំ​២០០៧។

លោក​សាស្ត្រាចារ្យ Toshiaki Koso ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​អប់រំ​សូ​ហ្វី​យ៉ា​បាន​លើកឡើងថា វា​ជា​មោទនភាព​ណាស់​ដែល​ប្រទេស​ជប៉ុន​បានមក​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​ជួសជុល​និង​ស្តារឡើងវិញ​នូវ​បណ្តា​ប្រាង្គ​ប្រាសាទ ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ​នេះ​។

ប្រាសាទ​ខ្មែរ​ត្រូវតែ​ជួសជុល​ឡើងវិញ​ដោយ​ដៃ​កូន​ខ្មែរ និង​ដើម្បី​ខ្មែរ​។ ក្នុង​ន័យ​នេះ កិច្ចសហការ​លើ​ការងារ​ជួសជុល​ស្ពាន​ហាល​នេះ ​គឺ ​ដឹកនាំ​អនុវត្ត​ផ្ទាល់​ដោយ​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​សាស្ត្រាចារ្យ​បន្ថែម​ថា ​តាមរយៈ​កិច្ចសហការ​នេះ​មិន​ត្រឹមតែ​បាន​រឹតចំណង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ​និង ​សាកល​វិទ្យា​ល​សូ​ហ្វី​យ៉ា​ទេ​តែ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​តែ​ម្តង​។

មានប្រសាសន៍​ក្នុង​ពិធី​នេះ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បញ្ជាក់​ថា ស្ពាន​ហាល​នេះ​គឺជា​ផ្លូវចេញចូល​ដ៏​សំខាន់​នៃ​ប្រាសាទអង្គរវត្ត​ដែល​ជា​ប្រាសាទ​មួយ​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រជាជាតិ​ខ្មែរ ព្រោះ​ជា​និមិត្តរូប​ជាតិ ជា​ស្នាដៃ​ស្ថាបត្យកម្ម​និង​វិស្វកម្ម​ដ៏​កំពូល​របស់​បុព្វបុរស​ខ្មែរ​នា​សម័យ​នោះ​។ ជាង​នេះទៅ​ទៀត​គេ​ជឿ​ថា ​ស្ពាន​ហាល​នេះ​គឺជា​ស្ពាន​ដែល​អតីតព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សុរិយ​វ្ម័​នទី​២​ធ្លាប់​បាន​យាង​ចេញចូល​ប្រាសាទ​កាលពី​ប្រមាណ​១ពាន់​ឆ្នាំមុន​ដើម្បី​បំពេញ​កិច្ច​សាសនា​និង​ពិធី​ផ្សេងៗ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​ជា​និច្ចកាល​តែង​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក​បញ្ជាក់​ថា ​ការ​បើក​ការដ្ឋាន​នៅ​ពេល​នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ស្មារតី​សហប្រតិបត្តិការ​និង​សាមគ្គី​ភាពជា​អន្តរជាតិ​យ៉ាង​រឹងមាំ​ក្នុង​បុព្វហេតុ​ការពារ​ថែរក្សា​និង​អភិរក្ស​បេតិកភណ្ឌ​មនុស្សជាតិ ស្របតាម​ទិសដៅ​ពាក្យស្លោក​ថា “​បេតិកភណ្ឌ​ដើម្បី​ទាំង​អស់​គ្នា​ទាំងអស់គ្នា​ដើម្បី​បេតិកភណ្ឌ​”​។

ជា​មួយ​គ្នា​នេះ លោក​បណ្ឌិត​សភាចា​រ្យ​ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​លើ​កិច្ចការ​អភិរក្ស​ថែរក្សា​បេតិកភណ្ឌ​អង្គរ​តាំងពី​ដើម​រៀងមក​ហើយនឹង​អំពាវ​ឲ្យ​មានការ​ចូលរួម​ជា​បន្តទៀត​។ “​ដោយហេតុថា​ ការ​ថែរក្សា​ការពារ​និង​ការអភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ គឺជា​កិច្ចការ​គ្មាន​ទី​បញ្ចប់​ប្រកបដោយ​វិសាលភាព​ធំធេង​ដែល​ត្រូវការ​នូវ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​និង​ជំនាញ​ពិតប្រាកដ និង​ថវិកា​សមស្រប​។ ជាងនេះទៅទៀត​វា​ទាមទារ​នូវ​ការចូលរួម​ជាប្រចាំ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ​វិស័យ​ឯកជន​និង​ប្រជាពលរដ្ឋ​ទាំងអស់”។​

​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត មាន​ប្រវែង​១៩០​ម៉ែត្រ ទទឹង​១១,៦០​ម៉ែត្រ និង​កម្ពស់​៤​ម៉ែត្រ​សាង​ពី​ថ្មបាយក្រៀម​ក្រាល​ដោយ​កម្រាល​ថ្ម​ភក់​និង​លម្អ​ដោយ​បង្កាន់ដៃ​នាគ​យ៉ាង​ល្អ​ឯក​គឺជា​ច្រក​ចូល​ដ៏​សំខាន់​របស់​ប្រាសាទអង្គរវត្ត​។ ក្នុង​អំឡុង​ទសវត្ស​ទី​៦០​សាលា​បារាំង​ចុង​បូព៌ា​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិរក្ស​តំបន់​អង្គរ​សម័យ​នោះ​បាន​ជួសជុល​ស្ពាន​នេះ​មួយ​ចំហៀង​ខាងត្បូង​រួចរាល់​ជា​ស្ថាពរ​។ ចំណែក​ចំហៀង​ខាងជើង​មាន​ប្រវែង​១៩០​ម៉ែត្រ​ទទឹង​៥,៥​ម៉ែត្រ​ទៀត​គឺ​មិន​ទាន់​បាន​ជួសជុល​ទេ​។ ​ទើបតែ​នៅ​ឆ្នាំ​១៩៩៦​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​វ៉ា​បាន​បន្ត​កិច្ចការ​ជួសជុល​លើ​ចំណែក​ដែល​នៅ​សេសសល់​បាន​មួយ​កំណាត់​ប្រវែង​៩០​ម៉ែត្រ​ទៀត​ដែល​ចំណាយ​ពេល​អស់​១២​ឆ្នាំ​ដោយ​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​និង​ថវិកាជាតិ​តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា​៕

ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ចាប់​បើក​ការដ្ឋាន​ជួសជុល​ជា​លើក​ទី​២​ហើយ ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ចាប់​បើក​ការដ្ឋាន​ជួសជុល​ជា​លើក​ទី​២​ហើយ ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ចាប់​បើក​ការដ្ឋាន​ជួសជុល​ជា​លើក​ទី​២​ហើយ