ក្រុមហ៊ុន “​កូ​បូ​តា” កំពុង​បិទបាំង​រឿង​បុគ្គលិក​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​

ក្រុមហ៊ុន “​កូ​បូ​តា” កំពុង​បិទបាំង​រឿង​បុគ្គលិក​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​



បាត់ដំបង ៖ បុគ្គលិក​របស់​ក្រុមហ៊ុន​លក់​ត្រាក់ទ័រ និង​គោយន្ត​កូ​បូ​តា​ចំនួន​៣​នាក់ បាន​រង​របួស​២​នាក់ និង​ម្នាក់ទៀត​បាន​ស្លាប់​ភ្លាមៗ នៅ​ក្នុង​ក្រុមហ៊ុន​តែម្ដង ខណៈ​ដែល​ពួកគេ​បាន​ឡើង​ទៅ​ជួសជុល​ពិតាន ហើយ​បាន​ប៉ះ​ទៅនឹង​មុខតំណ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆក់​ស្លាប់ និង​រង​របួស​ភ្លាមៗ ព្រមទាំង​បាន​វេច​ខ្ចប់​ និង​ដឹក​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​យប់ ​ដើម្បី​រៀបចំ​ធ្វើបុណ្យ ដែល​សូម្បីតែ​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​សាកសួរ​ក៏​គ្មាន​អ្នកណា​ចេញមុខ​មក​ជួប​ដែរ ដោយ​គេ​នាំគ្នា​បិទទ្វារ​របង​ចោល​តែម្ដង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ ​នៅក្នុង​ទីប្រជុំជន​ផ្សារ​មោងឬស្សី ​ស្ថិតក្នុង​ភូមិ​ពោធិ​១ ឃុំ​គា ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​មាន ​១-ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ រស់នៅ​ខេត្ត​ប៉ៃលិន (ស្លាប់)។ ២-ឈ្មោះ តេង វ៉ាន់ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (រង​របួស)​ និង​៣-ឈ្មោះ លី សេង​លីម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (រងរបួស) ដោយ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​សួស្ដី ឃុំ​តា​លាស់ ស្រុក​មោងឬស្សី។​

តាម​ការ​លួច​បង្ហើប​ពី​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​ចំនួន​៣​នាក់ ដែល​ទទួល​រង​នូវ​ការ​ឆក់​ខ្សែភ្លើង​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​២​នាក់​នេះ គឺ​ខណៈ​ដែល​ជនរងគ្រោះ​បាន​ឡើង​ទៅ​ជួសជុល​ពិតាន​នៅ​ក្នុង​កន្លែង​ក្រុមហ៊ុន​ នា​ស្រុក​មោងឬស្សី ​ហើយ​បាន​ប៉ះ​នឹង​តំណខ្សែ​ភ្លើង​ដែល​ដាច់​រលាត់​នៅ​ខាងលើ​ពិតាន​នោះ ទើប​ធ្វើ​ឲ្យ​មានការ​ឆក់​បែបនេះ។
ភ្លាមៗ​នោះ​ ជនរងគ្រោះ​ដែល​រង​របួស​២​នាក់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​ពេទ្យ​ ដោយឡែក​សម្រាប់​អ្នក​ស្លាប់​វិញ​ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​សព​ចេញ​ទាំង​យប់ ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មានការ​លាក់បាំង​ពី​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត​ផង។

ថ្វី​ត្បិត​ហេតុការណ៍​នេះ​មានការ​បិទបាំង​ក៏ពិតមែន ​ប៉ុន្តែ​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ រីឯ​ក្រុមហ៊ុន​ក៏បាន​បិទទ្វារ​ចាក់សោ​របង​ក្រុមហ៊ុន​ចោល បើទោះបីជា​សមត្ថកិច្ច​ទៅ​ទំនាក់ទំនង​សាកសួរ​ចង់​ដឹង​នូវ​ព័ត៌មាន​ ក៏​គ្មាន​អ្នក​ចេញ​មុខ​មក​ទទួល​ខុសត្រូវ​នោះ​ឡើយ។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ គឺ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​នាំគ្នា​ឡើង​ធ្វើ​​ពិតាន​ក្រុមហ៊ុន​ដែល​លិច​ធ្លាយ​។
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ពេជ្រ ដែល​ជា​អ្នក​ឡើង​មុនគេ​តាម​ជណ្ដើរ ​ធ្វើ​ពី​អាលុយមីញ៉ូម ចំណែក​ជនរងគ្រោះ​២​នាក់​ទៀត​ជា​អ្នក​កាន់​ទប់​ជណ្ដើរ​នៅ​ខាងក្រោម។​

នៅ​ពេល​នោះ​ គឺ​ពេល​ដែល​ជនរងគ្រោះ​ឈ្មោះ​ ពេជ្រ បាន​ឡើង​ទៅដល់​ក្បែរ​នឹង​​ពិតាន​ ក៏​បាន​ប៉ះ​នឹង​តំណខ្សែ​ភ្លើង​ដែល​គេ​រត់​ខ្សែ​នៅ​លើ​ពិតាន​​ក្រុមហ៊ុន​ ក៏​បណ្តាល​ឲ្យ​ឆក់​ធ្លាក់​មក​ក្រោម​
​ហើយក៏​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅនឹងកន្លែង​កើតហេតុ ចំណែក​បុគ្គលិក​២​នាក់​ដែល​ឈរ​កាន់​ជណ្តើរ​ក៏​ត្រូវ​ចរន្ត​ភ្លើង​ឆ្លង​មក​ឆក់​ដូចគ្នា ក៏ប៉ុន្តែ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

បើ​តាម​ប្រភព​ព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ ​សមត្ថកិច្ច​កំពុងតែ​ព្យាយាម​ទំនាក់​ទំនង​ទៅ​ភាគី​ខាង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ចូលខ្លួន​មក​កន្លែង​សមត្ថកិច្ច​ធ្វើការ​បំភ្លឺ ក្នុង​ការ​សួរនាំ​ពី​សំណាក់​សមត្ថកិច្ច​ ដើម្បី​រក​វិធានការ​ដោះស្រាយ ព្រោះ​ទីតាំង​នេះ​គឺជា​សាខា​ដែល​ថៅកែ​ធំ​មាន​ឈ្មោះ សម្បត្តិ ដូច្នេះ​មិន​គួរណា​គេចវេះ​ពី​ផ្លូវច្បាប់​នោះ​ឡើយ ព្រោះ​ថ្ងៃ​ណាមួយ​ក្រុម​គ្រួសារ​ប្រាកដជា​ប្តឹង​ជាមិនខាន បើទោះបីជា​ថ្ងៃនេះ​គ្មាន​អ្នកណា​ប្តឹង​ក្រុមហ៊ុន​ក៏ដោយ៕