ឃាត់ខ្លួន​មន្ត្រី​នគរបាល​ពីរ​នាក់​ក្លែង​ត្រា​និង​សៀវភៅ​ស្នាក់​នៅ

រាជធានី​ភ្នំពេញ ៖ នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ម្នាក់ និង មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ​ម្នាក់​ទៀត បាន​ត្រូវ​ប​ញ្ចូ​ន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៩  ឧសភា ២០១៦ ដើម្បី​សាកសួរ​លើ​ករណី​ក្លែង​ត្រា​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​៨០​ដុល្លារ ។

នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ឈ្មោះ កែវ សា​រ៉ា​វុ​ធ និង មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ បាន​យក​សៀវភៅ​ស្នាក់​នៅ​ទៅ​សាលាសង្កាត់ ដើម្បី​សុំ​ធ្វើ​សំបុត្រ​កំណើត​។ នៅ​ពេល​នោះ  មន្ត្រី​សាលាសង្កាត់ មានការ​សង្ស័យ​ថា សៀវភៅ​ស្នាក់​នៅ​នេះ​មាន​ភាព​មិន​ប្រក្រតី ក៏​ទំនាក់ទំនង​សួរ​ទៅ​នគរបាល​ខណ្ឌមានជ័យ ទើប​ដឹង​ថា ជា​សៀវភៅ​ស្នាក់​នៅ​ក្លែងក្លាយ ។

យោង​តាម​ចម្លើយ​ប្រជាពលរដ្ឋ​រង​គ្រោះ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ខាងលើ យក​មក​សាកសួរ ។​ចំពោះ​មុខ​សមត្ថកិច្ច​មនុស្ស​ទាំង​ពីរ​នាក់​នេះ បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ក្លែងក្លាយ​នេះ​តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មក​ម្ល៉េះ ពោល​គឺ​ឈ្មោះ កែវ សា​រ៉ា​វុ​ធ បាន​ទៅ​ធ្វើ​ត្រា អធិការ​នគរបាល​ខណ្ឌមានជ័យ ក្លែង​ត្រា បាន​ចុះ​ស្ថិតិ​ក្លែង និង យក​សៀវភៅ​ស្នាក់​នៅ ដែល​មិន​ទាន់​សរសេរ យក​មក​ប្រគល់​ឲ្យ​ឈ្មោះ  សួន សុវណ្ណ ជា​អ្នក​សរសេរ​បំពេញ និង​វាយ​ត្រាតែ​ម្តង រួច​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​៨០​ដុល្លារ ក្នុង​សៀវភៅ​ស្នាក់​នៅ​មួយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ កំពុង​សាកសួរ ៕