ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង

ខេត្តព្រះវិហារ ៖ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នកកាសែត​ម្នាក់​ឈ្មោះ ប្រាក់ សុ​ខុន អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​អះអាង​ថា ខ្លួន​ជា​ចាងហ្វាង​កាសែត​កម្ពុជា​ម៉ែ​ន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ទីរួមស្រុក​គូ​លេ​ន ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ តាម​ដីកា​បង្គាប់ លេខ​១៤៨/១១ ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១១ របស់​លោក ទៀង សុ​ថា អតីត​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពី​បទ​លួច​ដោយ​ហិង្សា និង​គំរាមកំហែង​យក ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ឈូក​ក្រញាស់ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៨  ។​

មក​ដល់​ពេល​នេះ អ្នកកាសែត​ឈ្មោះ ប្រាក់ សុ​ខុន ត្រូវ​បាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ប្រគល់​ខ្លួន​ទៅ​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង​វិញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ទៀត ។ សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកកាសែត​ចំនួន​៦​នាក់​ទៀត នៅ​ស្រុក​គូ​លេ​ន សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គំរាមកំហែង​យក ។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ខណៈ​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូ​លេ​ន និង​រង​ចាំ​ទទួល​ព័ត៌មាន​នៅ​ពេល​ក្រោយ ៕