អាន់​ធើ​នី​តា ​និយាយ​ប្រាប់​ពី​ការវះកាត់​ប្ដូរ​ភេទ

អាន់​ធើ​នី​តា ​និយាយ​ប្រាប់​ពី​ការវះកាត់​ប្ដូរ​ភេទ



ភ្នំពេញ ​៖​ តារា​សម្ដែង​ភេទ​ទី​៣​កញ្ញា​ទៀង លី​ហៅ​អាន់​ធើ​នី​តា​ បាន​និយាយ​ប្រាប់​ថា នាង​បាន​ចំណាយ​ប្រាក់​អស់​ជាង​១៥០០០​ដុល្លារ​ដើម្បី​វះកាត់​ទាំង​ល្វែង​លើ​ ល្វែង​ក្រោម​ប្តូរ​ភេទ​ពី​ប្រុស​មក​ជា​ស្រី។

អាន់​ធើ​នី​តា បាន​ប្រាប់​ថា ដំបូង​រូបរាង​របស់ខ្ញុំ​គឺ​ប្រុស​ដូច​គេ​ ដូច​ឯង តែ​អត្តចរិត​ដូច​ស្រី​តាំងពី​នៅ​ក្មេង ដែល​គេ​ហៅថា ខ្ទើយ ទៅ​ណា​ក៏​គេ​តែងតែ​បង្អាប់​ថា ​ស្រី​មិន​ស្រី​ប្រុស​មិន​ប្រុស។ ដោយ​មានការ​តូច​ចិត្ត​នាង​បាន​តាំងចិត្ត​ថា​ថ្ងៃ​ណាមួយ​នាង​នឹង​ប្តូរ​ភេទ​ពី​ប្រុស​ទៅជា​ស្រី​ឲ្យ​បាន។ នាង​និយាយ​បន្ត​ថា មុនដំបូង​​​នាង​ការភ័យខ្លាច​បន្តិច​ក្នុង​ការ​វះកាត់​ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត តែ​ទោះ​យ៉ាង​ណា​នាង​ក៏​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​វះកាត់​ប្តូរ​ភេទ​នៅ​ប្រទេស​ថៃ ដោយ​វះកាត់​ទៅតាម​ដំណាក់កាល។

តារា​សិល្បៈ​ភេទ​ទី​៣​រូបនេះ​បន្តថា ដំណាក់កាល​ទីមួយ​គ្រូពេទ្យ​ថៃ​ឲ្យ​នាង​វះកាត់​ផ្នែក​ដើមទ្រូង​ដោយ​ដាក់​ជាតិ ស៊ី​លេ​កូ បន្ទាប់ពី​វះកាត់​ជា​រួចរាល់​ហើយ​នាង​ចូល​ដល់​វះកាត់​ដំណាក់កាល​ទី​ពីរ​គឺ​ល្វែង​ខាងក្រោម​ ដោយ​វះកាត់​ភេទ​របស់​បុរស​ចោល​ប្តូរ​មកជា​ស្រី​វិញ រហូត​វះកាត់​ទទួល​បាន​ជោគជ័យ ក្លាយជា​ស្រី​ពិតៗ តែ​មិនអាច​មានកូន​ ឬ​ប្តូ​សំឡេង​បានឡើយ​គឺ​សំឡេង​ប្រុស​ដដែ​ល ។

អាន់​ធើ​នី​តា​ប្រាប់ទៀតថា ការវះកាត់​ល្វែង​ខាងលើ​ត្រូវ​ចំណាយលុយ​ចំនួន ២៥០០​ដុល្លារ រីឯ​វះកាត់​ល្វែង​ខាងក្រោម​ត្រូវ​ចំណាយ ជាង ៨០០០​ដុល្លារ​សរុប​ទាំង​ថ្លៃ​ហូបចុក​ការ​ស្នាក់នៅ​ធ្វើដំណើរ​ចំណាយ​ផ្សេងៗ​ទាំងអស់​សរុប​ជាង​១៥០០០​ដុល្លារ។

នាង​និយាយ​បញ្ជាក់​ថា​ ពេល នេះ​នាង​បាន​សម្រេច​បំណង​ហើយ ​ហើយ​នាង​ក៏​ចង់​មាន​សង្សារ​នឹង​គេ​ដែរ ​បន្ទាប់ពី​វះកាត់​ប្តូរ​ភេទ​ហើយ ជាពិសេស​នាង​ក៏​ចង់បាន​ប្តី​ដូច​គេ​ដូច​ឯង​ដែរ​ដែរ តែ​ទោះយ៉ាងណា​នាង​នៅតែ​ខ្លាច​ប្រុស​ ពេល​បាន​ខ្លួន​នាង​ហើយ​ដោះដៃ​ចោល៕